បើករថយន្តបុករ៉ឺម៉កម៉ូតូក្រឡាប់សង្កត់ស្រ្តីជិះកង់របួសធ្ងន់
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១១ ធ្នូ នៅវេលាម៉ោង៩ និង៣០ នាទី រថយន្តវីហ្គោ ពណ៌ទឹក ប្រាក់ បើកចុះពីលើស្ពានអាកាស ៧មករា ទៅបុកពីក្រោយរ៉ឺម៉កម៉ូតូប៉ើងជាង ១០ម៉ែត្រ ក្រឡាប់សង្កត់លើស្រ្តីអ្នកជិះកង់ រងរបួសធ្ងន់ អ្នកជិះរ៉ឺម៉កម៉ូតូរងរបួសស្រាល រថយន្តបង្កបើករត់គេចបាត់
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅមុខសាខាគង់ហុងកាត់ដេរ តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តវីហ្គោ ពណ៌ទឹកប្រាក់ បើកចុះពីលើស្ពានអាកាស ៧មករា ពីកើតទៅលិច ក្នុងទិសដៅស្របគ្នាជាមួយរ៉ឺម៉កម៉ូតូ ដឹកភ្ញៀវ ៥នាក់ ស្រី២នាក់ ប្រុស៣នាក់ ពីគល់ស្ពានជ្រោយចង្វារឆ្ពោះទៅពោធិ៍ចិនតុង ខណៈមកដល់ចំណុចខាងលើ ស្រាប់តែរថយន្ត បើកទៅបុកពីក្រោយរ៉ឺម៉កម៉ូតូប៉ើង ជាង ១០ម៉ែត្រ ក្រឡាប់សង្កត់លើស្រ្តីម្នាក់ កំពុងជិះកង់ជិតនោះ បណ្តាលឲ្យស្រ្តីអ្នកជិះកង់ រងរបួសធ្ងន់ ចំណែកអ្នកជិះលើ រ៉ឺម៉ករងរបួសស្រាល ។
អ្នកបើករ៉ឺម៉កម៉ូតូឈ្មោះ ជួប សុខុម ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទួល សង្កែ ខណ្ឌឬស្សីកែវ ។ ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះធ្ងន់ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ចំណែករ៉ឺម៉កម៉ូតូ និងកង់យកទៅរក្សាទុក នៅខណ្ឌសែនសុខ ៕
ដោយ៖ ហេង នាង