“សង្គ្រាម​សិទ្ធិ​មនុស្ស” ឆ្លង​ទៅ​ជា “សង្គ្រាម​សាច់” រវាង​រុស្ស៊ី និង​អាមេរិក

រុស្ស៊ីបានប្រកាសហាមមិនឲ្យនាំសាច់គោនិងសាច់ជ្រូកពីស.រ.អា.ចូលប្រទេសរុស្ស៊ី ។ ដោយហេតុថា រុស្ស៊ី ចេញបម្រាមនេះ គឺរំលងតែ ១ថ្ងៃសោះ ក្រោយពីព្រឹទ្ធ សភាអាមេរិកបានអនុម័តច្បាប់ដាក់ទណ្ឌកម្មពួកមន្ត្រីរុស្ស៊ីណាដែលរំលោភ បំពានលើសិទ្ធិមនុស្សបានជាជំហាននេះរបស់ម៉ូស្គូត្រូវគេសន្និដ្ឋានថាជាចម្លើយ បក ទៅក្រុងវ៉ាស៊ីនតោនវិញ។

តាមស្ថាប័នអនាម័យទូទាំងសហព័ន្ធរុស្ស៊ីគឺតាំងពី១ឆ្នាំមុនម៉្លេះ ដែលភាគី រុស្ស៊ី បានព្រមានថា រុស្ស៊ីមុខជានឹងបង្ខំចិត្តឈប់នាំសាច់ ពីស.រ.អា. ក្នុងករណីបើក្រុម ហ៊ុនអាមេរិកាំងនានា ខាងចិញ្ចឹមសត្វ នៅតែឆ្លៀតដាក់ឲ្យវាស៊ី គឺចំណីបន្ថែម ដែលមានឈ្មោះថាRactopamineដើម្បីបំប៉នសាច់ដុំវាឲ្យឆាប់ធំធាត់ឡើងទម្ងន់  ដ្បិតចំណីនេះនាំឲ្យខូចដល់សុខភាពប្រជាពលរដ្ឋរុស្ស៊ីដែលទទួលទានសាច់នោះ ។ ហើយតាំងពីពេលនោះមក គឺគ្មានអ្វី ប្រែប្រួលជាវិជ្ជមានឡើយ។

ប្រតិកម្មអាមេរិកគឺថា ជំហាននេះរបស់ម៉ូស្គូគឺមានន័យថា រុស្ស៊ីមិនបំពេញតាមកាត ព្វកិច្ចខ្លួនក្នុងឋានៈជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកOMC។សេច ក្តីថ្លែងការណ៍ចេញរួមគ្នា ដោយតំណាងស.រ.អា.ខាងធ្វើកិច្ចចរចាពាណិជ្ជ កម្មលោកRohn Kirkនិងរដ្ឋមន្ត្រីកសិកម្មអាមេរិកលោកThomas Vilsak ចាត់ ទុកទង្វើរុស្ស៊ីថា ផ្ទុយនឹងបទដ្ឋានចែងដោយអង្គការពាណិជ្ជកម្មពិភពលោក ទាំងសង្ឃឹមថា រុស្ស៊ីមុខជាលុបបម្រាមនោះទៅវិញពុំខាន។ជាការ រំលឹក រុស្ស៊ីត្រូវ បានទទួលចូលជាសមាជិកទី ១៥៦ របស់ OMC គឺ កាលពី ៤ខែមុន។

ទោះបី រុស្ស៊ីខំដោះសារបម្រាមខ្លួននោះថា ក្នុងនាមការពារសុខភាពប្រជាពល រដ្ឋ ខ្លួនក្តី ក៏ មតិទូទៅយល់ថា នេះជាចម្លើយម៉ូស្គូ តបនឹងក្រុងវ៉ាស៊ីនតោន ក្រោយពីព្រឹទ្ធសភាអាមេរិក បានអនុម័តច្បាប់ដាក់ទណ្ឌកម្មពួកមន្ត្រីរុស្ស៊ីណា ដែលរំលោភបំពានលើ សិទ្ធិមនុស្ស នៅរុស្ស៊ីដោយហាមមិនឲ្យមន្ត្រីទាំង នោះប្រមាណ៦០នាក់ធ្វើដំណើរចូល ស.រ.អា. ហើយលុយដែលពួកគេផ្ញើទុកនៅតាម ធនាគារអាមេរិកក៏ដូចជាកម្មសិទ្ធិឯទៀតរបស់គេនៅលើដែនដីអាមេរិកនឹងត្រូវអាជ្ញា ធរអាមេរិកផ្អាប់ទុក។

តាមពិត ច្បាប់អាមេរិកនោះ គឺនាំឲ្យប៉ះពាល់ជាបឋម ដល់ផលប្រយោជន៍ក្រុមហ៊ុន អាមេរិកាំង ខាងផលិតសាច់ ដែលក្នុង១ឆ្នាំៗ លក់សាច់គោ និងសាច់ជ្រូកមករុស្ស៊ី ក្នុងទឹកប្រាក់ជាមធ្យម ៥០០លានដុល្លារឯណោះ។ រុស្ស៊ីជាប់ចំណាត់ថ្នាក់ទី៦ ខាងទិញសាច់ពីអាមេរិក។ គ្រាន់តែក្នុង ៩ខែដំបូងឆ្នាំនេះ អាមេរិកលក់សាច់គោមក ឲ្យរុស្ស៊ីក្នុងទឹកប្រាក់ ២០៣លាន ៧សែនដុល្លារ និងសាច់ជ្រូកក្នុងតម្លៃ២០២ លាន៩សែនដុល្លារ។ហើយឥឡូវកំពុងធ្វើដំណើរឆ្ពោះមកប្រទេសរុស្ស៊ី គឺសាច់ចំនួន ជាង២០០ Container ផ្ទុកទៅដោយសាច់គោ និង សាច់ជ្រូក ក្នុងតម្លៃជាង ២០លានដុល្លារ។

ប្រាកដណាស់ ដែលតបនឹងសកម្មភាពប្រឆាំងរុស្ស៊ី ពីខាងអាមេរិក រៀងរាល់តែលើក រុស្ស៊ីតែងត្រៀមទុកនូវវិធានការបកវិញ៕ ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close