រថយន្តមួយគ្រឿងបុកបុរសម្នាក់ស្លាប់
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអាធ័មនៅលើផ្លូវជាតិលេខ៥ បន្ទាប់ពីត្រូវបានរថយន្តមួយគ្រឿង បុកយ៉ាងពេញទំហឹង ហើយខ្ទាតទៅបោកផ្ទប់នឹងកញ្ចក់រថយន្តខាងមុខ រួចធ្លាក់មកលើផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង២០និង៤០នាទី យប់ថ្ងៃទី១០ ធ្នូ ២០១២ នៅចំណុចមុខព្រះសហគមន៍កាតូលិក តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ឈ្មោះ តោ ម៉េងស្រុង អាយុ៤២ឆ្នាំ មុខរបរអ្នកគប់ជេរថយន្ត ស្នាក់នៅផ្ទះជួលលេខ៧៩A ផ្លូវលេខ432 សង្កាត់ទួល ទំពូង២ ខណ្ឌចំការមន បើករថយន្តមួយគ្រឿងម៉ាក វីហ្គូល ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ2P-9767 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើក៏បុក ជាមួយម៉ូតូមួយគ្រឿងម៉ាកគុប ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1B-M5531 ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូខ្ទាតទៅបោក ផ្ទប់នឹងកញ្ចក់រថយន្តខាងមុខរួចធ្លាក់មកលើផ្លូវថ្នល់ បណ្តាលឲ្យស្លាប់បាត់បង់ ជីវិតភ្លាមៗតែម្តង។
សូមបញ្ជាក់ថាបុរសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ គ្រោះថ្នាក់ខាងលើនេះឈ្មោះ កៀ សូលី អាយុ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ដឹកសិស្សសាលាប៊ែលធី ស្នាក់នៅផ្ទះលេខ៥៥០ ផ្លូវលំកែងផ្លូវជាតិលេខ៥ ស្ថិត ក្នុងភូមិខ២ ក្រុម៧ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងប៉ូលិសជំនាញចុះ ធ្វើការវាស់វែងដកហូតយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃរាជធានី ភ្នំពេញរងចាំការដោះស្រាយតាមនីតិវិធីច្បាប់។ ចំពោះអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសុំណុំរឿងត្រៀមបញ្ជូនទៅតុលាការសាលាដំ បូងរាជធានីភ្នំពេញធ្វើការផ្តន្ទាទោស៕
ដោយ៖ ហេង នាង