នារីម្នាក់បើករថយន្តរេចង្កូតបុករនាំងចែកទ្រូងផ្លូវ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៣ និង ៣០ នាទីយប់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១២ នារីម្នាក់បានបើករថយន្តកូរ៉ូឡាមួយគ្រឿង រេចង្កូតបុករនាំងក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅ សេទុង ទល់មុខវត្តទួលទំពូង ក្នុងសង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន បណ្តាលឲ្យត្រូវរងការខូចខាតបាក់រៀបស្មើដីតែម្តង។
ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ នោះគេសង្កេតឃើញនារីម្នាក់វ័យជាង ២០ ឆ្នាំ បានបើកបររថយន្តបង្កហេតុម៉ាកកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A 0814 ក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវម៉ៅសេទុង យ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើនេះស្រាប់រថយន្តបង្កហេតុរេ ចង្កូតខាងឆ្វេងដៃ បុករនាំងក្បាលនាគ ចែកទ្រូងពេញទំហឹង ដែលបណ្ដាលឲ្យក្បាលនាគចែកទ្រូងផ្លូវបាក់ដួលរាលស្មើដី និង រថយន្តរងការខូចខាតផ្នែកខាងមុខកៀបជាប់និងរនាំងក្បាលនាគទៅមុខលែង រួច ។
ប៉ុន្តែសំណាងល្អដែលក្នុងហេតុការណ៍គ្មានមនុស្ស ណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ។ ក្រោយពីកើតហេតុគឺនារីជាអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនទុក រថយន្តចោលនៅកន្លែង កើតហេតុ ។
បន្ទាប់ពីមានហេតុការណ៍នេះគេឃើញមានសមត្ថកិច្ចមូលដ្ឋាននិងនគរបាល ចរាចរណ៍ខណ្ឌចំការមនបានចុះមកដល់កន្លែងកើតហេតុបានសហការជាមួយនិង ប៉ូលិសជំនាញ ចុះវាស់វែងស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ រងចាំដោះស្រាយសំណងជូនរដ្ឋ តាមនីតិវិធីច្បាប់៕
ដោយ៖ ហេង នាង