ការ​តស៊ូ​របស់​យុវជន​ម្នាក់​ទទួល​បាន​នូវ​ភាព​ជោគជ័យ

         ដោយ Chan Sokneang

             យុវជនស្ម័គ្រចិត្តរបស់ក្រុមប្រឹក្សយុវជនកម្ពុជាប្រចាំខេត្តកណ្តាល

ភាពជោគជ័យគឺជាវត្តុដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាននៅក្នុងជីវិតព្រោះវាធ្វើឲ្យជីវិតមានភាពល្អប្រសើរក្នុងការស់នៅ។ មនុស្សបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដោយពួកគេគិតថា វាមានសារៈសំខាន់ក្នុងការទទួលភាពជោគជ័យ ហើយវាមិន មែនងាយ ស្រួល សំរាប់មនុស្សចង់ទទួលយកភាពជោគជ័យ ប៉ុន្តែមិនបានធ្វើអ្វីៗទាំងអស់នោះឡើយ ។

ទោះបីភាពជោគជ័យមានការលំបាកចំពោះមនុស្សយ៉ាង ណាក្តី ប៉ុន្តែនៅតែមានកូនកសិករក្រីក្រម្នាក់អាចធ្វើវាដោយខ្លួន របស់គាត់បាន។

សកម្មភាពសិក្សារបស់លោក កាន់ វណ្ណាត ជាមួយអង្គការ CIST

វណ្ណាត ជាកូនកសិករក្រីក្រម្នាក់រស់នៅក្នុងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល ។ វណ្ណាត មានបងប្អូនប្រុសចំនួន ៤ នាក់ ហើយ រូបលោកជាកូនច្បងនៅក្នុងគ្រួសារ។ ក្រៅពីការ សិក្សា វណ្ណាត  មានភារកិច្ចគ្រប់គ្រងប្អូនៗ និងម្តាយដែលមានជំងឺប្រចាំកាយ ជាស្រ្តីមេម៉ាយនៅក្នុងគ្រួសារ ។

ជីវិតតែងតែមានការលំបាក យើងមិនអាចបន្ទោសទៅព្រេង វាសនានោះបានទេ  ប៉ុន្តែភាពលំបាកនេះធ្វើឲ្យខ្ញុំមានភាពខ្មាសអៀន ហើយក្រោកឡើងធ្វើការតស៊ូនៅក្នុងជីវិត ។ នេះជាសំដី  វណ្ណាត និយាយទាំងទឹកមុខញញឹម។

នៅឆ្នាំ២០០៩ គឺជាពេលវេលាដែលលោកត្រូវប្រលងបញ្ចប់ ការសិក្សាថ្នាក់ទី ១២ ដូននេះលោកត្រូវការថវិការច្រើនក្នុងការសិក្សាគួរបន្ថែមទៅលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាខ្មែរ ។ ប៉ុន្តែលោកគ្មានលទ្ធិភាពរកប្រាក់ ដើម្បីរៀនគួរបន្ថែមនោះទេ។

ប្អូនៗរបស់ខ្ញុំពេលខ្លះដេកអត់បាយក៍មាន ម្តាយឈឺគ្មានអ្នកមើលថែទាំ ដោយសារខ្ញុំរវល់នឹងការសិក្សា ចំណែកឳពុកបានលែងលះជាមួយម្តាយរបស់ខ្ញុំតាំងពីខ្ញុំរៀនទី៦ ដោយសារគាត់ផឹកស្រាស្រវឹង ហើយវាយធ្វើបាបម្តាយរបស់ខ្ញុំ។ សំដីរបស់ វណ្ណាត ហើយបន្ថែមទៀតថា ខ្ញុំត្រូវបង្ខំចិត្តសុំលោកគ្រូតាមមុខវិជ្ជារៀនមិនបង់ប្រាក់លោកគ្រូក៏មានចិត្តមេត្តាចំពោះខ្ញុំ ដូចនេះ ខ្ញុំក៍មានឱកាសសិក្សាគួរបន្ថែមដូចសិស្សដទៃទៀត ។

ពេលវេលាប្រលងបញ្ចប់ការសិក្សាក៍បានចូលមកដល់ ភាពជោគជ័យរបស់គាត់ គឺបានប្រលងជាប់ហើយទទួលបាននិទ្ទេស C។ រំលឹកកាលពីគាត់រៀនថា្នក់ទី១២ គាត់ក៍បានប្រ លងជាប់អាហារូបករណ៍សិស្សក្រីក្រផងដែរ ជាមួយអង្គការ CIST ដែលមានរយះពេល ២ឆ្នាំ ។ក្រោយមកទៀតសាកល  វិទ្យាល័យន័រតុន បានផ្តល់អាហាររូបករណ៍រយះពេល ៥ឆ្នាំផ្នែក វិស្វករសំណង់ស៊ីវិល អោយរូបលោក។ ដូចនេះលោកមាន ឳកាសពីរក្នុងការបន្តការសិក្សានៅទីក្រុងភ្នំពេញ ប៉ុន្តែមានតែ១ គត់ដែលលោកត្រូវធ្វើការជ្រើសរើស។

វណ្ណាត បាននិយាយថា «ខ្ញុំបានសំរេចចិត្តទៅសិក្សាបន្តជាមួយអង្គការ CIST ដោយខ្ញុំ គ្រាន់តែចំណាយពេលពីរឆ្នាំដើម្បីរៀនយក ជំនាញផ្នែក IT ហើយ រកងារធ្វើ បានប្រាក់ជួយផ្គត់ផ្គង់គ្រួសារវិញ។ បើខ្ញុំរៀនយកវិស្វករសំណង់គឺមានរយៈពេលយូរ ដូចនេះប្អូនៗ និងម្តាយប្រាកដ  ជាជួបការលំបាក» ។
វណ្ណាត បន្តថា «ទោះបីខ្ញុំជាប់រវល់ជាមួយការសិក្សា ខ្ញុំក៏មិនភ្លេចប្អូនៗនិងម្តាយនៅឯស្រុក ឡើយ  ជារៀងរាល់ខែខ្ញុំទទួលបានប្រាក់ឧបត្តម្ភពីCIST ចំនួន ៥០ ដុល្លារ  ហើយខ្ញុំ តែងតែផ្ញើរថវិការចំនួន  ២០ ដុល្លារ ទៅឲ្យម្តាយដើម្បីដោះស្រាយការហូបចុកប្រចាំថ្ងៃ ចំណែកថវិការនៅសល់ចំនួន ៣០ ដុល្លារ ទុកសំរាប់ចាយវាយប្រចាំថ្ងៃ។

មិនយូរប៉ុន្មាន វណ្ណាត បានបញ្ចប់ការសិក្សារបស់គាត់ជា មួយអង្គការ CIST ហើយក៍បានចូលបំរើការងារជាមួយវិទ្យាស្ថានបើកទូលាយ ដោយទទួលបានប្រាក់ខែចំនួន ២០០ ដុល្លារក្នុងមួយខែក្នុងតួនាទីជាអ្នកគ្រប់គ្រងប្រព័ន្ធNetwork ។

លោក សាន ចាន់ ជំទុកទី២នៅក្នុងឃុំភ្នំបាតបានមានប្រ សាសន៍អោយដឹងថា ប្អូនប្រុស វណា្ណត ជាក្មេងដែលមានការ តស៊ូនៅក្នុងជីវិតជាមួយបញ្ហាគ្រួសារ និងការសិក្សា ទោះបីរូបប្អូនមានតែម្តាយជាអ្នកប្រៀនប្រដៅ ក៍ប៉ុន្តែប្អូនជាយុវជនគំរូ មួយរូបសំរាប់យុវជនផ្សេងទៀត យកតម្រាបតាម ។

បច្ចប្បន្ន វណ្ណាតបាននិងកំពុងតែបន្តការសិក្សាយកបរិញ្ញា ប័ត្រជំនាញព័ត៌មានវិទ្យាផ្នែកគ្រប់គ្រងប្រព័ន្ធ Network នៅក្នុងសាកលវិទ្យាល័យពុទ្ធិសាសន៍ដោយលោកទទួលបានអាហារូបករណ៍ពីកូរ៉េ។  វណ្ណាតបាននិយាយថា  រូបខ្ញុំនឹងតស៊ូខិតខំប្រឹងប្រែងសំរាប់អនាគតរបស់ខ្ញុំ និងជួយទំនុកបំរុងដល់ប្អូនៗរបស់ខ្ញុំឲ្យមានអនាគតល្អប្រសើរ ។

ភាពជោគជ័យប្រាកដជាកើតមានចំពោះបុគ្គលទាំងឡាយ ដែលមានការតស៊ូ ព្យាយាមនៅក្នុងជីវិតប្រកបដោយឆន្ទៈខ្ពស់ ហើយក្តីស្រលាញ់ចំពោះឪពុកម្តាយ បងប្អូនគឺជាមនោសញ្ចេត- នាដែលមនុស្សគ្រប់រូបត្រូវតែមាននៅក្នុងចិត្ត ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ៕

Related Articles

Back to top button
Close
Close