សុំ​ទូរស័ព្ទ​ពី​អ្នក​លក់​មើល​រួច​ដាក់​ក្នុង​ហោ​ប៉ៅ​ជិះ​ម៉ូតូ​រត់​គេច​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង៤០នាទី រសៀល ថ្ងៃទី៤ ធ្នូ ២០១២ ជនសង្ស័យម្នាក់ បានជិះម៉ូតូទៅសុំទូរស័ព្ទ ពីអ្នកលក់មើល ស្រាប់តែដាក់ទូរស័ព្ទ ក្នុងហោប៉ៅខោ រួចជិះម៉ូតូរត់គេច ត្រូវអ្នកលក់ជិះម៉ូតូដេញតាមទាន់ ក្របួចឲ្យសមត្ថកិច្ចតែម្តង ស្ថិតនៅផ្សារឃ្លាំងរំសេវ ក្នុងមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ស្ថិតក្នុងក្រុម៥០ ភូមិ៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

ជនសង្ស័យមានឈ្មោះ ទុយ សៅសុគុណមីនា ភេទប្រុស អាយុ ២៥ឆ្នាំ ជាមន្រ្តីយោធា ស្នាក់នៅផ្ទះលេខ 16E2 ផ្លូវ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

បើតាមសម្តីបុរសឈ្មោះ ង៉ន់ វាសនា អាយុ ៣៤ឆ្នាំ មុខរបរលក់ទូរស័ព្ទ នៅផ្សារឃ្លាំងរំសេវ ស្នាក់នៅផ្ទះជួលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យម្នាក់ ជិះម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ អត់ស្លាកលេខ បានជិះម៉ូតូមកឈប់នៅពីមុខកន្លែងលក់ទូរស័ព្ទរបស់គាត់ ហើយធ្វើជាសុំមើលទូរស័ព្ទដៃម៉ាកសាំសុងកាឡាក់ស៊ីណូត ពេលគាត់យកទូរស័ព្ទឲ្យមើល ស្រាប់តែជនសង្ស័យបានយកទូរស័ព្ទដាក់ក្នុងហោប៉ៅខោ រួចជិះម៉ូតូចេញទៅបាត់ ពេលនោះម្ចាស់ទូរស័ព្ទក៏ជិះម៉ូតូដេញតាមស្ទាក់ចាប់បាន នៅស្តុបទេពផន ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួនយកទៅសាកសួរ នៅខណ្ឌទួលគោក ប៉ុនែ្តពេលឃាត់ខ្លួនបាននោះ ទូរស័ព្ទ ត្រូវជនសង្ស័យ បោះចោលបាត់ហើយ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close