យុវជន​ម្នាក់​ស្រវឹង​យក​​ដប​ស្រា​វាយ​អ្នក​រើស​អេត​ចាយ​រង​របួស​

ភ្នំពេញ ៖ នៅវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ធ្នូ ២០១២ បុរសអ្នករើសអេតចាយវ័យចំណាស់ម្នាក់ កំពុងតែសម្រាក់ក្នុងអង្រឹង ស្រាប់តែយុវជនស្រវឹងម្នាក់ យកដបស្រាទៅវាយ តែយកដៃរងទាន់ ប៉ះនឹងនាឡិកា បណ្តាលឲ្យបែកដបស្រាខ្ចាយ មុតរងរបួសស្រាល ស្ថិតនៅមុខប្រឡោះជណ្តើរផ្ទះលេខ១៤៣ តាមមហាវិថីព្រះសីហនុកែងវិថីត្រសក់ផ្អែម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

បុរសរងគ្រោះឈ្មោះ ឡេ ង៉ុកមិន ភេទប្រុស អាយុ ៥៤ឆ្នាំ ជាជនជាតិវៀតណាម មុខរបររើសអេតចាយ ស្នាក់នៅតាមប្រឡោះជណ្តើរផ្ទះលេខ១៤៣ មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

មុនពេលកើតហេតុ យុវជនបង្កឈ្មោះ ទិត្យ បូរី អាយុ ២១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ បានអង្គុយផឹកស្រានៅជិតកន្លែងប៉ះកង់ម៉ូតូ អស់ ២ដប ។ លុះពេលបុរសរងគ្រោះឈ្មោះ ភ្ញាក់ទៅបត់ជើងតូច ស្រាប់តែឃើញដបស្រាទទេ ដាក់នៅក្រោមបង្គោលភ្លើងបំភ្លឺផ្លូវ គាត់បានដើរទៅរើសដបយកមកទុកលក់ តែពេលទៅរើស ស្រាប់តែយុវជនរូបនោះ ស្រែកហាមមិនឲ្យយកដបនោះទេ គាត់បានដើរត្រឡប់ទៅដេកក្នុងអង្រឹងវិញ ។ ខណៈពេលដែលកំពុងតែដេកជិតលក់ហើយស្រាប់តែជនបង្កបានយកដបស្រាទៅវាយ តែគាត់បានយកដៃឆ្វេងរង ធ្វើឲ្យប៉ះនឹងនាឡិកា បែកដបស្រាខ្ចាយ មុតរងរបួសស្រាល ។

ក្នុងហេតុការណ៍នោះ កងរាជអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុ តែជនរងគ្រោះមិនបានធ្វើការប្តឹងប្តល់ទេ ហើយសមត្ថកិច្ចបានសាកសួរអ្នកប៉ះកង់ម៉ូតូនៅជិតកន្លែងកើតហេតុរួចហើយ បានធ្វើការអប់រំ កុំឲ្យប្រើអំពើហិង្សាបន្តទៀត ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close