ហ្វ៊ីលីពីនបញ្ជូនកំណត់ការទូតទៅចិនឲ្យបំភ្លឺពីព័ត៌មានពីតំបន់ជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង
ប្រទេសហ្វ៊ីលីពីនបានស្នើសុំទៅប្រទេសចិន ឲ្យបំភ្លឺចំពោះរបាយការណ៍មួយចំនួនដែលថា ចាប់ពីខែក្រោយទៅទីក្រុងប៉េកាំង បានចេញបញ្ជាឲ្យកងទ័ពជើងទឹករបស់ខ្លួនមានសិទ្ធិឡើងទៅកាន់នាវាបរទេស ព្រមទាំងបើកនាវានោះចេញពីតំបន់ជម្លោះ ដែន ទឹកនៅក្នុងសមុទ្រចិន ខាងត្បូង។
ក្រសួងការបរទេសហ្វ៊ីលីពីនបានឲ្យដឹងថា កំណត់ការទូតដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាលចិន ហើយ បន្ទាប់ពីបណ្ដាញព័ត៌មានចិនបានចេញនូវសេចក្ដីរាយការណ៍នេះ។
ក្រសួងការបរទេសហ្វ៊ីលីពីនបាននិយាយថាប្រសិនបើព័ត៌មាននោះគឺជាការពិត នោះសកម្មភាពរបស់ប្រទេសចិននេះគឺជាការ គំរាមដោយផ្ទាល់មួយចំពោះ សហគមន៍អន្តរជាតិ ដោយបានរំលោភច្បាប់សមុទ្រ និងរារាំងដល់ការធ្វើពាណិជ្ជកម្ម។
ប្រទេសចិនបានប្រកាសអះអាង ថា តំបន់ក្នុងសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុងជាដែនដីរបស់ខ្លួន ដោយរួមទាំងដែនទឹក នៅជិតនឹងប្រទេសជិតខាងខ្លួនមួយចំនួនផងដែរ។
ទោះបីជាយ៉ាងនេះក្ដី ការប្រកាសនេះត្រូវបានបដិសេដមិនទទួលយកដោយប្រទេសប្រ៊ុយណេ, ម៉ាឡេស៊ី, ហ្វ៊ីលីពីន, កោះតៃវ៉ាន់ និងប្រទេសវៀតណាម ដោយប្រទេសទាំងនេះបានប្រកាសថាជាដែនទឹករបស់ខ្លួនដូចគ្នានូវ ផ្នែកខ្លះ ឬតំបន់ទាំងស្រុងនៅក្នុងតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង៕(Radio Australia)