សង្ឃក្លែងក្លាយបន្លំប្រទូសកេរ្តិ៍ខ្មាសកុមារីអាយុ ១០ឆ្នាំ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ០២ ធ្នូ ២០១២ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ បានឃាត់ខ្លួនលោកសង្ឃក្លែងក្លាយមួយអង្គ បន្ទាប់ពីលោកសង្ឃ រូបនេះបាននិមន្តបិណ្ឌបាត្រ ហើយបន្លំប្រទូសកេរ្តិ៍ខ្មាសកុមារីអាយុ ១០ ឆ្នាំម្នាក់ នៅចំណុចផ្ទះលេខ ៦B ផ្លូវ លេខ ៣ A ភូមិម័រសង្កាត់ដង្កោ ខណ្ឌដង្កោ ។
លោកសង្ឃក្លែងក្លាយដែលត្រូវឃាត់ខ្លួនមានឈ្មោះ មឹក ភ័ក្រ អាយុ ២៨ ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកកុមារីរងគ្រោះមានឈ្មោះ ធ-ប អាយុ ១០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើនេះ ។
យោងតាមប្រជាពលរដ្ឋដែលរស់នៅជិតចំណុចកើតហេតុខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញ លោកសង្ឃមួយអង្គស្ពាយបាត្រលោក និង ថង់យាម និមន្តដើរបិណ្ឌបាត្រ តាមមុខផ្ទះនីមួយៗ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោពេលនិមន្តដល់មុខផ្ទះកើតហេតុកុមារីរងគ្រោះឈ្មោះ ធ ប បានសុំលុយពីយាយមួយពាន់រៀលមកដាក់បាត្រលោក ខណៈដាក់បាត្រលោកសង្ឃឈ្មោះ មឹក ភ័ក្រ បានសូត្រធម៌ឲ្យពរ ដូចព្រះសង្ឃដទៃដែរ ។
ពេលសូត្រធម៌ឲ្យពររួចព្រះសង្ឃមិនបាននិមន្ត ចេញពីមុខផ្ទះឡើយគឺ នៅស្ទាបអង្អែលខ្លួនប្រាណនិងធ្វើអ្វីដែលសង្គម ស្អប់ខ្ពើម ពេលនោះប្រជាពលរដ្ឋឃើញក៏ស្រែកឆោឡោផ្អើលដល់មន្ត្រីកងរាជអាវុធដែលកំពុង ជិះម៉ូតូល្បាតឃើញ ក៏ឃាត់ខ្លួនសង្ឃមួយអង្គនោះទៅតាមការពាក្យប្តឹងរបស់យាយកុមារី រងគ្រោះដែលបានប្តឹងពីបទប្រទូស្តកេរ្តិ៍ខ្មាស់កុមារីមិនទាន់គ្រប់អាយុ។
ក្រោយមកមន្ត្រីកងរាជអាវុធបាននាំខ្លួនលោកសង្ឃឃ្លានតណ្ហានោះ ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោដើម្បីធ្វើការសាកសួរនិង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមផ្លូវ ច្បាប់៕
ដោយ៖ ហេង នាង