ប៉ូលិសក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យ៥នាក់ពីបទគាស់កុងន័រលួចខោរអាវ
ភ្នំពេញ ៖ ប៉ូលិសការិយាល័យ ស៊ើបការក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក ហម គន្ធី សហការជាមួយនឹងប៉ូលិសមូលដ្ឋាន បើកប្រតិបត្តិការបង្ក្រាប ក្រុមជនសង្ស័យចំនួន៥នាក់ ពីបទលួចគាស់កុងន័រយកខោរអាវ ពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅចំណុច ដីឡូខាងជើង CTN ក្បែរផ្លូវជាតិលេខ៥ ភូមិគីឡូលេខ៦ សង្កាត់ស្ពានខ្ពស់ ខណ្ឌឬស្សីកែវ ។
ជនសង្ស័យទាំង៥នាក់ ទី១ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្ស ទី២ ឈ្មោះ សូន្យ និវ័ន ភេទប្រុស អាយុ២៥ឆ្នាំ និងទី៣ ឈ្មោះ ហួត សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ ទី៤ អៀរ ណាត ភេទប្រុស អាយុ ៤៨ឆ្នាំ ជាម្ចាស់ទីតាំងកើតហេតុ និងម្នាក់ទៀតជាស្រី មិនស្គាល់អត្តសញ្ញាណ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ខាងលើនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់ម្ចាស់ខោរអាវ បានដាក់ពាក្យប្តឹង ជនសង្ស័យទាំង៥នាក់ លួចគាស់កុងន័រលួចខោរអាវ ដូច្នេះហើយទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតចាប់បានជនសង្ស័យ ជាក់ស្តែង ខណៈដែល ជនទាំង៥រូបនេះកំពុងតែទម្លាក់ខោរអាវចេញពីកុងន័រដើម្បីដឹកចេញទៅ លក់បន្ត។
យោងទៅតាមពាក្យបណ្តឹង ម្ចាស់ខោរអាវនិងវត្ថុតាងដែលឆែកឆេរឃើញ នោះសមត្ថកិច្ចស៊ើបការក្រសួងមហាផ្ទៃ បានកសាងសំណុំរឿងបញ្ជូនខ្លួន ពួកគេទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរនិងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ៕
ដោយ៖ ហេង នាង