បារាំង​នឹង​បោះឆ្នោត​គាំទ្រ​សំណើ​របស់​ប៉ាឡេស្ទីន​ជា​រដ្ឋ​សង្កេតការណ៍​នៅ​អ.ស.ប.

នៅថ្ងៃព្រហស្បតិ៍ស្អែកនេះមហាសន្និបាតអ.ស.ប.នឹងធ្វើការបោះឆ្នោតទៅ លើសំណើរបស់ប៉ាឡេស្ទីន ដែលសុំធ្វើជារដ្ឋសង្កេតការណ៍របស់អ.ស.ប.។ អ៊ីស្រា អែល និងសហរដ្ឋអាមេរិក សុទ្ធតែបានជំទាស់នឹងសំណើនេះ ចំណែកបារាំងវិញបាន ប្រកាសតាំងពីម្សិលមិញម៉្លេះថានឹងបោះឆ្នោតគាំទ្រ។ដោយសារតែនៅក្នុង មហាសន្និបាតអ.ស.ប.មិនមានប្រទេសណាអាចប្រើសិទ្ធិវ៉េតូបាន គេរំពឹងថា នៅថ្ងៃ ស្អែកនេះមហាសន្និបាតទំនងជានឹងអនុម័តយល់ព្រមតាមសំណើរបស់ប៉ាឡេស្ទីន។

នៅក្នុងពេលបច្ចប្បន្ននេះនៅអ.ស.ប. ប៉ាឡេស្ទីនមានឋានៈត្រឹមតែជាអ្នក សង្កេតការណ៍មិនមែនរដ្ឋតែប៉ុណ្ណោះ។លោកម៉ះមូដអាបាស់ប្រធានអាជ្ញាធរ ប៉ាឡេស្ទីន បានស្នើសុំដំឡើងឋានៈប៉ាឡេស្ទីនឲ្យបានជា “រដ្ឋសង្កេត ការណ៍” ដូចជា បុរីវ៉ាទីកង់ដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងបានប្រកាសថា នៅថ្ងៃព្រហស្បតិ៍នេះ បារាំងនឹង បោះឆ្នោតគាំទ្រសំណើរបស់ប៉ាឡេស្ទីន ពីព្រោះថា តាំងពីដើមរហូតមកបារាំង តែងតែគាំទ្រប៉ាឡេស្ទីន ក្នុងការបង្កើតរដ្ឋឯករាជ្យ។ បារាំង ដែលជាសមាជិក អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ គឺជាមហាអំណាចលោកខាងលិចដំបូងគេ ដែល ចេញមុខប្រកាសគាំទ្រសំណើរបស់ប៉ាឡេស្ទីនក្នុងខណៈពេលដែលអាមេរិករួមជាមួយ នឹងអ៊ីស្រាអែលបានប្រកាសជំទាស់។អាល្លឺម៉ង់ក៏ទំនងជានឹងបោះឆ្នោតជំទាស់នឹង សំណើរបស់ប៉ាឡេស្ទីននេះដែរ ចំណែកអង់គ្លេសវិញ នៅមិនទាន់សម្រេចចិត្ត នៅឡើយ។

មន្រ្តីរដ្ឋាភិបាលអូទ្រីសបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា នៅ ក្នុងចំណោមប្រទេសទាំង ២៧ ជាសមាជិកសហភាពអឺរ៉ុប មានជាងពាក់កណ្តាល ដែលនឹងបោះឆ្នោតគាំទ្រសំណើរបស់ប៉ាឡេស្ទីន នៅមហាសន្និបាតអ.ស.ប. នៅថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា ការសុំធ្វើជារដ្ឋអ្នកសង្កេតការណ៍របស់អ.ស.ប. មិនត្រូវការឆ្លង កាត់ការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នោះទេ។ដូច្នេះមិនមាន ប្រទេសណាមួយអាចប្រើសិទ្ធិវ៉េតូជំទាស់បានទេ។ដើម្បីអនុម័តទទួលយកសំណើរបស់ ប៉ាឡេស្ទីន គេត្រូវការត្រឹមតែសំឡេងគាំទ្រភាគច្រើន នៅក្នុងចំណោមប្រទេស ១៩៣ ជាសមាជិកមហាសន្និបាតអ.ស.ប.តែប៉ុណ្ណោះ។ ដោយមើលឃើញថា បច្ចុប្បន្ននេះមានប្រទេសសរុបទាំងអស់ដល់ទៅជាង១៣០ដែលបានទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋឯករាជ្យរួចទៅហើយ ដូច្នេះ គេរំពឹងថា ប៉ាឡេស្ទីនទំនង ជានឹងមិនពិបាកនឹងស្វែងរកសំឡេងភាគច្រើន នៅក្នុងមហាសន្និបាតអ.ស.ប. នៅ ថ្ងៃស្អែកនេះទេ។

ឋានៈជារដ្ឋសង្កេតការណ៍ថ្វីដ្បិតតែមិនមែនជាសមាជិកអ.ស.ប.ក៏ប៉ុន្តែវាអនុញ្ញាត ឲ្យប៉ាឡេស្ទីនមានឈ្មោះជា“រដ្ឋ”ដែលអាចឲ្យប៉ាឡេស្ទីនចុះហត្ថលេខា លើសន្ធិសញ្ញាអន្តរជាតិក្នុងនាមជារដ្ឋនិងអាចសុំចូលជាសមាជិកអង្គការអន្តរ ជាតិ មួយចំនួនផ្សេងទៀត។ គោលដៅកាន់តែសំខាន់ដែលប៉ាឡេស្ទីន កំពុង សំឡឹងមើល គឺការសុំចូលជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រុងឡាអេ ដើម្បីអាចមានសិទ្ធិប្តឹងឲ្យតុលាការអន្តរជាតិមួយនេះ ធ្វើការស៊ើបអង្កេតទៅលើ ឧក្រិដ្ឋកម្មអន្តរជាតិដែលប្រព្រឹត្តដោយអ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីន៕  ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close