កាម​រីឆ្លាម​បើក​បុក​ម៉ូតូ​សេ​១២៥​ចំ​ពី​មុខ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​រួច​ជ្រុលទៅ​បុក​កាម​រីបាឡែន​មួយ​ទៀត​

ភ្នំពេញ ៖ រថយន្តកាមរីឆ្លាម ពណ៌ស្ករ ជិះទៅបុកម៉ូតូសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ចំពីមុខពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ រួចរថយន្តបង្កបើកទៅបុករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ដាច់កង់មុខខាងឆ្វេង ហើយរថយន្តទាំងពីរខ្ទាតចេញពីគ្នា ជាង ៣០ម៉ែត្រ ។

គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី ២៥ វិច្ឆិកា ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិភ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កកាមរីឆ្លាម បើកពីជើងទៅត្បូង ចំណែកម៉ូតូសេ១២៥ និងរថយន្តកាមរីបាឡែន បើកពីត្បូងទៅជើង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្ក បើកទៅបុកម៉ូតូចំពីមុខពេញទំហឹង ធ្វើឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ចំណែករថយន្តបង្ក បន្ទាប់ពីបុកម៉ូតូរងរបួសធ្ងន់ហើយបានបើកទៅបុករថយន្តកាមរីបាឡែន ធ្វើឲ្យរថយន្តទាំងពីរគ្រឿង ខ្ទាតចេញពីគ្នាជាង ៣០ម៉ែត្រ បណ្តាលឲ្យរថយន្តបាឡែនដាច់កង់មុខខាងឆ្វេង ចំណែករថយន្តបង្កខូចខាតមួយកំណាត់ខាងមុខ។

ក្រោយកើតហេតុ តៃកុងរថយន្តបង្កបានគេចខ្លួនបាត់ នៅសល់តែរថយន្តពីរគ្រឿង និងម៉ូតូរងគ្រោះ នៅកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចធ្វើការវាស់វែង រួចយករថយន្ត ២គ្រឿង និងម៉ូតូទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

ដោយ៖ ហេង នាង

ម៉ូតូរបស់ជនរងគ្រោះ (រូប dap)។
រថយន្តបង្កហេតុកាមរីឆ្លាម (រូប dap) ។

Related Articles

Back to top button
Close
Close