ម៉ូតូស្មាសទាក់ដៃចង្កូតជាមួយម៉ូតូXR បណ្តាលឲ្យដួលរលាត់ដៃជើងតិចតួច
ភ្នំពេញ៖ ម៉ូតូស្មាស ស៊េរី២០០៥ ទាក់ដៃចង្កូតជាមួយម៉ូតូ XR ពណ៌ខ្មៅ បណ្តាលឲ្យដួលរលាត់ដៃជើងតិចតួច អ្នកបុកសង ៣០ដុល្លារ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី២៦ វិច្ឆិកា ២០១២ តាមមហាវិថីព្រះមុនីរ៉េត មុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូស្មាស ស៊េរី២០០៥ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ស្របគ្នាជាមួយម៉ូតូ XR ពណ៌ខ្មៅ ជិះគ្នា២នាក់ ខណៈមកដល់ចំណុចខាងលើម៉ូតូ ស្មាសទាក់ដៃចង្កូតជាមួយម៉ូតូ XR បណ្តាលឲ្យដួលរលាត់ដៃជើងតិចតួច ។
អ្នកបើកម៉ូតូស្មាស ឈ្មោះ ឃ្លាំង ម៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករអូសរទេះបន្លែនៅផ្សារដើមគ ស្នាក់នៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូ ទាំងពីរគ្រឿងធ្វើការចរចាគ្នា នៅកន្លែងកើតហេតុ ដោយខាងម៉ូតូ XR ទាមទារសំណង៣០ដុល្លារ ត្រូវម៉ូតូស្មាសសង៣០ដុល្លារ ដើម្បីបញ្ចប់រឿង៕
ដោយ៖ ហេង នាង