ជន​សង្ស័យ​ជា​ចោរ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​ដេញ​ចា​ប់​បាន​វាយ​ទាត់​ធាក់​បែក​ក្បាល​ហូរឈាម​ក​ក្លាក់​​

ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ វិច្ឆិកា ២០១២ វេលាម៉ោង១៣និង២០នាទីរសៀល នៅចំណុចភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យជាចោរប្លន់ម៉ូតូម្នាក់ ខណៈពេលធ្វើសកម្មភាពលួចម៉ូតូគេបានហើយព្យាយាមជិះគេចខ្លួន ពេលនោះម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋបានដេញតាមពេលចោរជិះម៉ូតូ ធ្លាក់ជង្ហុកដួល ប្រជាពលរដ្ឋដេញចាប់បាននាំគ្នាវាយទាត់ធាក់ បែកក្បាលហូរឈាមកក្លាក់ តែដោយសារសមត្ថកិច្ចមកជួយទាន់ក៏បាននាំយកមកពេទ្យ។

ជនសង្ស័យ មានឈ្មោះ រស់ ធឿន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងពិការ ឃុំរមាសហែក ស្រុក រមាសហែក ខេត្តស្វាយរៀង។ ម្ចាស់ម៉ូតូមានឈ្មោះ ផាន់ តុលា ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិ តានួន សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូរបស់ជនរងគ្រោះដែលចោរលួចមិនបានសម្រេចម៉ាកហុងដា គុបសេ៩០ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខកណ្ដាល1F-0486។

តាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូមកមើលការខុសត្រូវនៅផ្ទះជួលរបស់ខ្លួន នៅភូមិតាសេក សង្កាត់កំបូល ដោយបានចតម៉ូតូទុកក្នុងបរិវេណផ្ទះជួល គ្រាន់ភ្លេចខ្លួនតែបន្តិច ក៏ឮសំឡេងគេបញ្ឆេះម៉ូតូ ពេលស្ទុះមកមើលស្រាប់តែឃើញជនល្មើសជិះម៉ូតូចេញ ហើយខ្លួនបានរត់តាមក្រោយនិងស្រែកថា ចោរៗជាហេតុនាំឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិគេក៏បាន នាំគ្នាជិះម៉ូតូជួយដេញ។ នៅទីបំផុតចោរបានជិះម៉ូតូធ្លាក់ជង្ហុកដួល ក៏ត្រូវប្រជាពលរដ្ឋដេញតាមទាន់ក៏នាំគ្នាវាយមួយដៃមួយជើងបែកក្បាល តែភ្លាមៗនោះសមត្ថកិច្ចមកទាន់ក៏ជួយអន្តរាគមន៍ទើបចោរនោះរួចផុតពីសេចក្ដីស្លាប់តែ ម្ដង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close