អគ្គីភ័យឆាបឆេះផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែងតែបានប្រជាពលរដ្ឋយកបំពងពន្លត់អគ្គីភ័យមកបាញ់ពន្លត់ទាន់ពេល
ភ្នំពេញ ៖ កាលពីថ្ងៃទី ២៤ វិច្ឆិកា ២០១២ វេលាម៉ោង២៣និង ៣០ នាទីយប់ មានព្រឹត្តិការណ៍គ្រោះអគ្គីភ័យឆាបឆេះទីតាំងលក់គ្រឿងសង្ហារឹមមួយកន្លែង ស្ថិតនៅផ្ទះលេខ៦៥ ផ្លូវសហព័ន្ធ រុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
គ្រោះអគ្គីភ័យនេះមិនបណ្ដាលឲ្យមានការឆាបឆេះរាលដាលដល់លំនៅឋានរបស់ ប្រជាពលរដ្ឋនៅជិតចំណុចកើតហេតុឡើយ ដោយសារតែបងប្អូនប្រជាពលរដ្ឋរួមជាមួយនិងអាជ្ញាធរមូលដ្ឋានបានសហការ គ្នាយកចិត្តទុកដាក់ក្នុងការជួយ ពន្លត់អគ្គីភ័យនេះឲ្យរលត់ទៅវិញ ។
គួរបញ្ជាក់ថាក្នុងហេតុការណ៍នេះគេសង្កេតឃើញមានរថយន្តពន្លត់ អគ្គីភ័យបានចុះទៅដល់កន្លែងកើតហេតុដែរ ប៉ុន្តែមិនបានធ្វើសកម្មភាពបាញ់ពន្លត់នោះទេ ដោយសារតែស្ថានភាពនៃអគ្គីភ័យបានរលត់ទៅវិញដោយប្រជាពលរដ្ឋយកបំពង ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ទៅហើយ។
ជុំវិញហេតុការណ៍នេះដែរសមត្ថកិច្ចបាននិយាយថាអគ្គីភ័យនេះកើតឡើង ដោយសារផ្ទុះសេចរន្តភ្លើងនៅក្នុងផ្ទះ ។ ហើយអគ្គីភ័យនេះបានឆាបឆេះបំផ្លាញអស់ តុ ទូ គ្រែ រួមជាមួយនិងគ្រឿងសង្ហារឹមមួយ ចំនួនទៀតដែលដាក់តាំងលក់នៅក្នុងផ្ទះកើតហេតុ៕
ដោយ៖ ហេង នាង