ចោរ២នាក់ប្លន់យកកាបូបលុយរបស់ស្ត្រីជនជាតិចិនបានហើយឡើងម៉ូតូជិះគេចទៅបាត់
ភ្នំពេញ ៖ ខណៈជិះរ៉ឺម៉កពីរនាក់ប្តីប្រពន្ធត្រឡប់មកពីផ្សារទំនើបសូរិយាម៉លវិញបម្រុងចុះ ពីលើរ៉ឺម៉ក ចូលសណ្ឋាគារ ស្រាប់តែចោរ២ នាក់ បានធ្វើសកម្មភាពប្លន់យកកាបូបលុយពី ស្ត្រីជាប្រពន្ធ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០ នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី២៣ វិច្ឆិកា នៅតាមមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា នៅ មុខសណ្ឋាគារ LIBRARY ។
ប្រភពពីអ្នកបើករ៉ឺម៉កម៉ូតូបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ គាត់ដឹកភ្ញៀវជាជនជាតិចិនពីរនាក់ប្តីប្រពន្ធ ត្រឡប់មកពីផ្សារទំនើបសូរិយាម៉ល ខណៈមកដល់មុខសណ្ឋាគារ គាត់បើករ៉ឺម៉ក អែបឈប់ដាក់ភ្ញៀវចូលសណ្ឋាគារវិញ ស្រាប់តែមានចោរ២ នាក់ ជិះម៉ូតូសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ អត់ស្លាកលេខ បានចុះមកធ្វើសកម្មភាព ម្នាក់ដកកាំភ្លើងភ្ជង់បុរសជាប្តី និងគំរាមរូបគេមិនឲ្យស្រែក ចំណែកម្នាក់ទៀត រត់ទៅទាយយកកាបូបលុយពីស្រ្តីជាប្រពន្ធ។ បន្ទាប់ពីយកកាបូបលុយបាន ហើយចោរទាំង២ នាក់នោះ បានរត់ឡើងម៉ូតូជិះគេចទៅបាត់៕
ដោយ៖ ហេង នាង