គរបាលធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលរត់គេចខ្លួនអស់រយៈពេលជាងមួយឆ្នាំ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ
ភ្នំពេញ៖ អ្នកសេពគ្រឿងញៀន និងពូកែខាងលួចម៉ូតូ ប្រចាំម្ដុំផ្សារឌុយម៉ិច ឈ្មោះ ហុង វិចិត្រ អាយុ ២៦ឆ្នាំ ត្រូវបាននគរបាលធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូហើយ រត់គេចខ្លួនចោលស្រុក អស់រយៈពេលជាងមួយឆ្នាំមកហើយនោះ។
នគរបាលព្រហ្មទណ្ឌខណ្ឌ ៧មករា ឲ្យដឹងថា ហុង វិចិត្រ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៣២៩ អឺ៣ ផ្លូវលេខ ១២៨ ក្រុមទី៥២ ភូមិ១ សង្កាត់មិត្ដភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបាន ចាប់ខ្លួនតាមអំណាចដីកា ឲ្យស៊ើបបឋមលេខ៦៦៣ អ.យ.ដ ចុះថ្ងៃ ទី១៩ វិច្ឆិកា ២០១១ ចេញដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ខៀវ ផល្លា ។
ជនសង្ស័យរូបនេះ ត្រូវចាប់ខ្លួនកាលពីថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយនគរបាលប៉ុស្ដិ៍មិត្ដភាព ជាប់ចោទពីបទលួចម៉ូតូ ម៉ាកគុប ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ កណ្ដាល ១អិល ២០១៩ នៅចំណុចហាងកាហ្វេផាក ក្នុងសង្កាត់មិត្ដភាព កាលពីថ្ងៃទី០៤ វិច្ឆិកា ២០១១ វេលា ម៉ោង០២និង១៥នាទីរសៀល ហើយត្រូវបានសន្ដិសុខឃើញដេញចាប់ ក៏ទម្លាក់ម៉ូតូទុកចោល ហើយរត់គេចខ្លួន។
ក្រោយកើតហេតុ លោក លឹម សំអូន អាយុ ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ ១៦៤ អឺ២ ផ្លូវលេខ១៣១ សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ ដែលជាម្ចាស់ម៉ូតូ បានដាក់ពាក្យបណ្ដឹង ទើប សមត្ថកិច្ចចាត់ការ រហូតចាប់ខ្លួនជនសង្ស័យរូបនេះបាន៕
ដោយ៖ ហេង នាង