ស្រវឹងស្រាឌឺដងគ្នាក្លាយជាជម្លោះគប់មួយកែវបែកចញ្ចើមរួចបាញ់គំរាម៥គ្រាប់
ភ្នំពេញ៖ ក្រុមទំនើងពីរក្រុម បានបង្កហិង្សា រហូតឈានដល់ការ ប្រើកំាភ្លើងបាញ់គំរាមគ្នា ក្រោយពីមានជម្លោះក្នុង ហាងផឹកស៊ី យីហោ NN ទីតាំងលេខ១៩ B ផ្លូវលេខ២២៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នាម៉ោង២៣ និង៣០ នាទី ថ្ងៃទី២១ វិច្ឆិកា ២០១២នេះ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកទំនើងពីរក្រុមនេះ មានគ្នាជាង១០ នាក់ ក្នុងហេតុការហិង្សានេះ បុរសម្នាក់រងរបួសបែកចញ្ចើមខាងឆ្វេង បន្ទាប់ពីក្រុមមួយទៀត បានគប់ត្រូវមួយកែវ រួចបាញ់កំាភ្លើងគំរាមចំនួន៥ គ្រាប់។
មន្រ្តីនគរបាល មូលដ្ឋានបានបញ្ជាក់ថា សំបក គ្រាប់កំាភ្លើងលេខគូទ BW 0845 AUTO ចំនួន៣ គ្រាប់ត្រូវបាន រកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែពុំបានឃាត់ខ្លួនជនសង្ស័យនោះទេ ព្រោះពួកគេបាននាំគ្នាជិះរថយន្ត តាមផ្លូវ២២៨ ទៅលិចបាត់ស្រមោល។
មុនពេលឈានដល់ការផ្ទុះអាវុធ នារីម្នាក់អង្គុយតុលេខ៦ បានដើរទៅបន្ទប់ទឹករួចបិទទ្វារជាប់ ស្រាប់តែអ្នកទិញអេដចាយ ឈ្មោះ ប៊ុន ហុង ដើរទៅក្រោយ ក៏បានបត់ជើងតូច នៅមុខបន្ទប់ទឹក ពេលនោះនារីដែលចូលបន្ទប់ទឹកនោះ ចេញមកវិញក៏ឃើញ ដោយការភ្ញាក់ផ្អើល រួចបាន ទៅប្រាប់ក្រុមរបស់ខ្លួន ។ បន្ទាប់មកបុរសម្នាក់ បានដើរមកសួរ ប៊ុន ហុង រួចក៏កើតជម្លោះប្រតាយប្រតប់គ្នា ហើយបានយកកែវស្រាគប់ទៅលើ ប៊ុន ហុង ត្រូវចំចុងចញ្ចើមឆ្វេង ក្រោយមកពួកគេក៏បាននំាគ្នាចេញទៅក្រៅហាង ដកកំាភ្លើងពីចង្កេះបាញ់ឡើងលើចំនួន៥ គ្រាប់រួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនអស់ទៅ៕
ដោយ៖ ហេង នាង