អំពើ​ហិង្សា​នៅ​តែ​បន្ត​ក្នុង​តំបន់​ហ្កាហ្សា​ខណៈ​ដែល​គេ​រង់ចាំ​បទ​ឈប់​បាញ់​គ្នា​មួយ​

គ្រាប់ផ្លោងរបស់អ៊ីស្រាអែលនៅតែ បន្តពេញមួយយប់ម្សិលមិញឆ្លងមកដល់ ថ្ងៃពុធ២១វិច្ឆិកា នេះទៀតនៅហ្កាហ្សា។ ខាងប៉ាឡេស្ទីនវិញក៏ផ្លោង គ្រាប់រ៉ុកកែតខ្លួនទៅខាង អ៊ីស្រាអែលដែរនិងបានសម្លាប់ប្រជាជនអ៊ីស្រាអែលពីរ នាក់ក្នុងនោះទាហានម្នាក់។នៅក្នុងបរិបថនេះការចរចាគ្នាជាច្រើនដើម្បីរៀបចំ បទឈប់បាញ់គ្នាមួយត្រូវបានប្រព្រឹត្តទៅ ហើយយោងតាមចលនាអ៊ីស្លាម ប៉ា ឡេស្ទីនហាម៉ាសដំណោះស្រាយនៃកិច្ចចរចានេះប្រហែលជាត្រូវជូនដំណឹង ដោយប្រទេសអេហ្ស៊ីប។ចំណែកលោកស្រីហ៊ីឡារីក្លីនតុនរដ្ឋមន្ត្រីការបរទេស អាមេរិកវិញកំពុងស្ថិតនៅក្នុងតំបន់Cijordanieនៅថ្ងៃពុធនេះដើម្បីជួបប្រាស្រ័យ ជាមួយលោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីន Mahmoud Abbas។

ពេញមួយយប់ម្សិលមិញឆ្លងមកថ្ងៃពុធនេះទៀតអំពើហិង្សានៅតែបន្តដោយ មានការបាញ់គ្រាប់ផ្លោងរបស់អ៊ីស្រាអែលនិងការបាញ់គ្រាប់ រ៉ុកកែតរបស់ចលនា ប៉ាឡេស្ទីនហាម៉ាស។

គេឮសូរសម្លេងយន្តហោះដ្រូន(drone) យ៉ាងទ្រហឹងអឹងអាប់ពេញផ្ទៃមេឃ នៅព្រឹកថ្ងៃពុធនេះហើយកាលពីយប់មិញឧត្ថម្ភភាគចក្រអ៊ីស្រាអែលបានប្រតិបត្តិ ការហោះល្បាតនិងបាញ់គ្រាប់មីស្ស៊ីល។ កងទ័ពជើងទឹកអ៊ីស្រាអែលវិញ នៅតែដាក់ ពង្រាយ នៅតាមបណ្តោយឆ្នេរសមុទ្រជានិច្ច ចំណែកយន្តហោះប្រដេញ ធុន F16  វិញ ក៏ហោះក្នុងកំរិតយ៉ាងទាបដែរនៅយប់មិញ។

កងទ័ពអ៊ីស្រាអែល បានបូកសរុបចំនួនគ្រាប់រ៉ុកកែតដែលបាញ់ចេញពីតំបន់ហ្កាហ្សា ប្រមាណ ១៨៩គ្រាប់ក្នុងនោះជាង៥០គ្រាប់ ត្រូវបានប្រព័ន្ធកំចាត់មីស្ស៊ីលអ៊ីស្រា អែល Iron Dome ស្តាត់ចាប់បាន។ នៅម្សិលមិញនេះទាហានអ៊ីស្រាអែលម្នាក់ អាយុ១៨ឆ្នាំត្រូវរងគ្រោះស្លាប់ ដោយការផ្លោងគ្រាប់រ៉ុកកែតប៉ាឡេស្ទីន មកលើភាគខាងត្បូងប្រទេសអ៊ីស្រាអែលនិងបានបណ្តាលឲ្យស្លាប់ជនស៊ីវិលអ៊ីស្រា អែលម្នាក់ដែរ នៅក្នុងតំបន់ដដែលនេះ។ ខាងអ៊ីស្រាអែល មកទល់ពេលនេះមាន ស្លាប់៥នាក់។

ខាងប៉ាឡេស្ទីនយោងតាមអ្នកតំណាងប៉ាឡេស្ទីននៅអសបចំនួនជនរង គ្រោះប៉ាឡេស្ទីន ចាប់តាំងពីមានប្រតិបត្តិការ”សសរការពារ”របស់អ៊ីស្រាអែល មកមានអ្នក ស្លាប់ប្រមាណ ១៤០នាក់និងរងរបួស៩៥០នាក់។

អ្នកតំណាងរបស់ប៉ាឡេស្ទីន បានទាមទារសុំឲ្យមានការដាក់ទណ្ឌកម្មមួយ ទៅលើប្រតិបត្តិការយោធា អ៊ីស្រាអែលពីសំណាក់ក្រុមប្រឹក្សាសន្តិសុខនៃអសប។ ម្យ៉ាងទៀត កិច្ចប្រជុំជាសាធារណៈមួយ ប្រហែលជានឹងត្រូវធ្វើនៅអសបនៅ ថ្ងៃពុធនេះដែរ។

ដោយឡែក នៅយប់ម្សិលមិញនៅទីក្រុងហ្សេរុយហ្សាឡិម លោកស្រីរដ្ឋ មន្រ្តីការបរទេសអាមេរិកហ៊ីឡារីក្លីនតុន មុនកិច្ចសន្ទនាជាមួយលោកនាយក រដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងបញ្ជាក់ជាថ្មីថា ការសន្យារបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការពារសន្តិសុខរដ្ឋអ៊ីស្រាអែល នៅតែម៉ឹងម័តនិងរឹងប៉ឹងដដែល។ នៅ ថ្ងៃពុធនេះ លោកស្រីត្រូវអញ្ជើញទៅទីក្រុង Ramallah ដើម្បីជួបសន្ទនាជាមួយ លោក ប្រធានរដ្ឋអំណាចប៉ាឡេស្ទីន Mahmoud Abvbas មុននឹងចាកចេញ ដំណើរ ឆ្ពោះទៅកាន់ទីក្រុងកែរប្រទេសអេហ្ស៊ីប ដើម្បីលើកពិភាក្សាអំពីកិច្ចព្រម ព្រៀងគ្នាមួយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

ដោយនុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close