អធិការដ្ឋានខណ្ឌសែនសុខចុះបង្ក្រាបអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន ៩នាក់
ភ្នំពេញ ៖ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ វិច្ឆិកា ២០១២ វេលាម៉ោង១ និង៥០ នាទី នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ ក្នុងក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អធិការដ្ឋានខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន បាន ៩នាក់ ស្រី ៣នាក់ ប្រុស ៦នាក់។
អធិការដ្ឋានខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងរបស់ លោកបានចុះទៅបង្រ្កាបទីតាំងផ្ទះជួញដូរ និងប្រើប្រាស់ថ្នាំញៀនមួយកន្លែងនៅផ្ទះជួល ដែលមានម្ចាស់ផ្ទះឈ្មោះ សុង ថា ភេទប្រុស អាយុ ៥២ឆ្នាំ និងមានប្រពន្ធឈ្មោះ ណារី អាយុ៦៤ឆ្នាំ។
បន្ទាប់ពីឆែកឆេរ ឃាត់ខ្លួនបានអ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ចំនួន ៩នាក់ ក្នុងនោះ ស្រី ៣នាក់ ប្រុស ៦នាក់ និងដកហូតបានជញ្ជីងថ្លឹងថ្នាំញៀន១ គ្រឿង, ម៉ាទឹកកកក្រាមពណ៌ស១១ កញ្ចប់តូច, យ៉ាម៉ាចំនួន៤ គ្រាប់ពណ៌ផ្កាឈូក និងទូរស័ព្ទ ៦គ្រឿង ។ ក្រោយធ្វើការឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៩ នាក់ ត្រូវបាននាំទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ៖ ហេង នាង
