លោក អូប៉ាម៉ា ធ្វើដំណើរមកដល់កម្ពុជា
ដោយ San Sel
យន្តហោះ Air Force របស់សហរដ្ឋអាមេរិក ដែលដឹក លោក អូប៉ាម៉ា មកកម្ពុជា បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ កាលពីប៉ុន្មាននាទីមុននេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកដែល ទើប បានជាប់ឆ្នោតថ្មីៗ លោកបារ៉ាក់ អូប៉ាម៉ា មកប្រទេសកម្ពុជា នៅថ្ងៃទី១៩ វិច្ឆិកានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ហើយគេក៏រំពឹងថា លោកក៏ នឹងនិយាយអំពីបញ្ហាសិទ្ធិមនុស្សនៅ កម្ពុជា ជាមួយនឹង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ក្នុងជំនួបទេ្វភាគី ផងដែរ។
លោក អូប៉ាម៉ា គឺជាថ្នាក់ដឹកនាំសហរដ្ឋ អាមេរិក ជាន់ខ្ពស់ដំបូងគេ ដែលបាន មកប្រទេសកម្ពុជា នៃចំណងទាក់ទងផ្លូវ ទូតនៃប្រទេស ទាំងពីរនេះ ក្នុងរយៈ ពេលជាង៦០ ឆ្នាំចុងក្រោយនេះ។
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានប្រាប់អ្នកសារព័ត៌មានថា៖ «លោកអូបាម៉ា មកនេះ មកជាមិត្ត មិនមែន មកជា គ្រូ ប្រដៅទេ។ ឯកឧត្តមបន្តថា៖ «ដូច្នេះគោលការណ៍របស់កម្ពុជា គឺស្មើសិទ្ធិ ស្មើភាព សំខាន់គឺជំរុញ ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិកគឺជារឿងធំ»។
កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡេអុង ប៉ានេតា បានមក ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកិច្ចសន្តិសុខអាមេរិក-អាស៊ាន។
លោក អូបាម៉ា បន្ទាប់ចុះយន្តហើយ បានជិអរថយន្តសំដៅមកវិមានសន្តិភាព ដើម្បីចូលរួមកិច្ច ប្រជុំប្រមុខដឹកនាំអាស៊ាន-សហរដ្ឋ អាមេរិក លើកទី៤ នាពេលល្ងាចនេះ។
ប្រមុខដឹកនាំអាស៊ាន-សហរដ្ឋអាមេរិកនឹងពិភាក្សាអំពីការពិនិត្យឡើងវិញ និងទិសដៅអនាគត នៃទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ហើយនឹង កត់សម្គាល់លើរបាយការណ៍របស់ក្រុមឥស្សរ ជនឆ្នើម អាស៊ាន-សហរដ្ឋអាមេរិក រួមមាន អនុសាសន៍ នានា ដែលអាចអនុវត្ដបានអំពីរបៀបធ្វើ យ៉ាងណា ឱ្យទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋ អាមេរិក កាន់តែស៊ីជម្រៅ។
លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានថ្លែងថា អាស៊ាន និងអាមេរិកនឹង បង្កើតមជ្ឈមណ្ឌលអាស៊ាន-អាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
ក្រៅពីកិច្ចប្រជុំអាស៊ាន-អាមេរិក លោកអូបាម៉ា នឹងចូលជួបលោកនាយករដ្ខមន្រ្តី ហ៊ុន សែន ជាទ្វេភាគី៕