លោកអូបាម៉ាផ្តើមទស្សនកិច្ចនៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែង
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាចាប់ផ្តើមទស្សនកិច្ចរបស់លោក នៅអាស៊ីដោយចាប់ផ្តើមដំបូងក្នុងប្រទេសថៃ។បន្ទាប់ពីលោកបានជាប់ឆ្នោត ធ្វើ ជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទីពីរ លោកបារ៉ាក់ អូបាម៉ាបានជ្រើស រើសយកតំបន់អាស៊ីជាកន្លែងដែលលោកត្រូវធ្វើទស្សនកិច្ចមុនគេ។ទស្សន កិច្ច របស់ប្រមុខដឹកនាំអាមេរិកដែលធ្វើឡើង ក្នុងគោលដៅពង្រឹងទំនាក់ទំនងអាមេរិក ជាមួយប្រទេសអាស៊ីដទៃទៀត។អាស៊ីដែលអាមេរិកបានយកធ្វើជាតំបន់យុទ្ធសាស្រ្ត ការទូត និងយោធាដើម្បីទប់ទល់ឥទ្ធិពលរបស់ចិនចេះតែរីកឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ។
លោកប្រធានាធិបតីអាមេរិកត្រូវធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃនៅអាស៊ីប៉ុន្តែការ ជ្រើសរើសយកថៃ ជាប្រទេសទីមួយសម្រាប់លោកចុះចតមុនគេ បានបង្ហាញយ៉ាង ច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់តម្លៃដល់ប្រទេសសម្ព័ន្ធមិត្តដ៏យូរ អង្វែង របស់អាមេរិកមួយនេះ។
នៅថ្ងៃអាទិត្យនេះទាហានប៉ូលិសថៃនិងកងរក្សាសន្តិសុខអាមេរិករាប់ពាន់នាក់ត្រូវ បានពង្រាយស្ទើរគ្រប់ទីកន្លែងក្នុងទីក្រុងបាងកកដើម្បីត្រៀមរៀបចំទទួលលោក បារ៉ាក់ អូបាម៉ា។ថ្វីត្បិតតែលោកបារ៉ាក់ អូបាម៉ា មានវត្តមានមួយភ្លែតដូច ផ្លេកបន្ទោរក្នុងប្រទេសថៃមុននឹងបន្តធ្វើដំណើរទៅប្រទេសភូមា។ប្រមុខដឹកនាំ អាមេរិកនឹងឆ្លៀតទៅចូលបង្គំគាល់ព្រះមហាក្សត្រថៃ ក្នុងមន្ទីរពេទ្យ។ បន្ទាប់មកទៀត លោកនឹងជួបពិភាក្សា និងធ្វើសន្និសីទកាសែតជាមួយលោក ស្រីនាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត។
តាមគម្រោងរបស់សេតវិមាន ក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីថៃ ប្រមុខរដ្ឋាភិបាលអាមេរិកចង់បញ្ជាក់ឲ្យកាន់តែច្បាស់ពី សហប្រតិបត្តិការរវាង ប្រទេសសម្ព័ន្ធមិត្តទាំងពីរទាំងក្នុងវិស័យសេដ្ឋកិច្ចនិងយោធា។មេដឹកនាំទាំង ពីរនឹងផ្តោតផងដែរទៅលើការសហការរួមគ្នាដើម្បី ប្រយុទ្ធប្រឆាំងនឹងបណ្តាញ ជួញដូរគ្រឿងញៀន និងក្រុមភេរវនិយម។
គួរដឹងថា ថៃជាប្រទេសបានចុះសន្ធិសញ្ញាធ្វើជាដៃគូយោធាដ៏សំខាន់របស់អាមេរិក នៅក្នុងតំបន់ ចាប់តាំងពីសង្រ្គាមនៅឧបទ្វិបកូរ៉េ។ ក្នុងកែវភ្នែកអាមេរិក ថៃជា សម្ព័ន្ធមិត្តប្រវត្តិសាស្រ្តយុទ្ធសាស្រ្តរបស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍។
ក្នុងដំណើរទស្សនកិច្ចទៅប្រទេសថៃនៅដើមសប្តាហ៍នេះរដ្ឋមន្រ្តីការពារជាតិ អាមេរិកាំង លោកLéon Panetta បានគូសបញ្ជាក់ពីតួនាទីដឹកនាំគេនៅក្នុងតំបន់ របស់ប្រទេសថៃ។ជាក់ស្តែងមូលដ្ឋានទ័ពជើងអាកាស និងកំពង់ផែរបស់ប្រទេសថៃ ដើរ តួនាទីសំខាន់ណាស់សម្រាប់កងទ័ពអាមេរិកាំងប្រើប្រាស់។រហូតមកមន្ទីរបញ្ចកោណ អាមេរិកតែងតែយកទីតាំងយោធារបស់ថៃ ដើម្បីដឹកនាំធ្វើសមយុទ្ធរួមក្នុងនោះ មាន ប្រតិបត្តិការពស់វែកមាស ដែលមានទាហានជាង១ម៉ឺន ៣ពាន់នាក់មកពីប្រទេស ចំនួន ២៤ចូលរួម៕ដោយ ឈាង បុប្ផា (RFI)