នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១២មានមនុស្ស១១នាក់ស្លាប់និង៣១នាក់ទៀតរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ នៅថ្ងៃទី១៨ វិច្ឆិកា ២០១២ នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹង មានមនុស្ស ស្លាប់រហូតដល់១១នាក់ ១៩នាក់រងរបួសធ្ងន់ និង១២នាក់ផ្សេងទៀតរងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៨លើក នៅទូទាំងប្រទេសកម្ពុជា។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១០លើក បានបង្កឲ្យខូចខាត យានយន្តសរុប៣៣គ្រឿង ក្នុងនោះម៉ូតូ១៧គ្រឿង រថយន្តធុនស្រាល៨គ្រឿង រថយន្តធុនធ្ងន់៥គ្រឿង និងយានផ្សេងៗ៣គ្រឿង។ មូលហេតុដែលបណ្តាលឲ្យមាន គ្រោះថ្នាក់ច្រើនជាងគេ គឺបណ្តាលមកពីបើកបរល្មើសល្បឿនមាន មិនគោរពសិទ្ធិ ស្រវឹង មិនប្រកាន់ស្តាំ ប្រជែង កត្តាផ្លូវ ដាក់ក្មេងពីខាងមុខអ្នកបើកបរ និងជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២នេះ មានចំនួន៩១គ្រឿង គឺរថយន្តដឹកអ្នកដំណើរធុនតូច៣៦គ្រឿង រថយន្តដឹកទំនិញធុនធំ៥៥គ្រឿង។ រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត៤៣គ្រឿង និងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់៤៨គ្រឿង៕
ដោយ៖ ហេង នាង