រថយន្ត​ទួរីស​បុក​ម៉ូតូ​ឆាលី​ជាប់​ក្រោម​កង់​បណ្តាល​ឲ្យ​នារី​ម្នាក់​រង​របួស​ធ្ងន់​

ភ្នំពេញ: រថយន្តទួរីសរបស់ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ដេនគី (DENKI) បានបុកម៉ូតូឆាលីនៅផ្លូវខ្វែង កិនជាប់ក្រោមកង់រថយន្ត បណ្តាលឲ្យនារីអ្នកបើកម៉ូតូរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ១០ និង ១០នាទី ព្រឹកថ្ងៃទី១៦ វិច្ឆិកា ២០១២ នៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។រថយន្តបង្កប្រភេទទួរីស ពណ៌ខៀវ-ស ពាក់ស្លាក ភ្នំពេញ 2A-7275 បើកបរដោយបុរសម្នាក់ ឈ្មោះ កាក់ បូរិទ្ធ អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំចាក់អង្រែក្រោម មានស្រុកកំណើតនៅភូមិចុងកោះ ស្រុកកោះធំ ឃុំឈើខ្មៅ ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណ បើកម៉ូតូឆាលី ពាក់ស្លាក ភ្នំពេញ 1AB- 5995 រងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបើកតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើង តាមផ្លូវព្រះសុធារស។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏បានបុកម៉ូតូឆាលីពេញទំហឹង ធ្វើឲ្យម៉ូតូអូសជាប់នៅក្រោមរថយន្ត បណ្តាលឲ្យនារីអ្នកបើកម៉ូតូរងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយកើតហេតុ ប៉ូលិសចរាចរណ៍មូលដ្ឋាន បានចុះមកវាស់វែង នឹងយករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close