ដើមបូព៌ាប្រឈមនឹងជ្រោះនៃសង្គ្រាមបន្ទាប់ពីឃាតកម្មសម្លាប់មេយោធាហាម៉ាស
អំពើហិង្សាឬប្រតិបត្តិការយោធាផ្លូវគោកអាចនឹងផ្ទុះឡើងបានគ្រប់ ពេលវេលាបន្ទាប់ពីមរណភាពរបស់ប្រមុខយោធាចលនាហាម៉ាស Ahmad Jaabari នៅតំបន់ហ្កាហ្សា រសៀលម្សិលមិញ។ ជាចម្លើយ តបនឹងការបាញ់ផ្លោងសម្លាប់មេទាហានហាម៉ាស ដែលជាប្រតិ បត្តិការការពារខ្លួន ចលនាអ៊ីស្លាមជ្រុលនិយម បានស្បថសច្ចាថា រដ្ឋអ៊ីស្រាអែលជាអ្នកបើកទ្វារនរកខ្លួនឯងទេ !
នៅលើផ្នែកការទូតវិញក៏កំពុងពុះកញ្ជ្រោលអេហ្ស៊ីបបានកោះ ហៅ អគ្គរដ្ឋទូតរបស់ខ្លួនឱ្យត្រលប់ចូលស្រុកដើម្បីពិគ្រោះ។ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក៏បានជួបសន្ទនាតាម ទូរស័ព្ទជាមួយនឹង លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បិនយាមីន នេតាន់ យ៉ាហ៊ូ (Benyamin Netanyahu) និង លោក Mohamed Morsi ប្រធា នាធិបតីអេហ្ស៊ីប។ ជំនួបប្រជុំបន្ទាន់នៅក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិ ក៏ទំនងជាត្រូវបានរៀបចំឡើងដែរ នៅយប់ថ្ងៃពុធ ឆ្លងមកថ្ងៃព្រហស្បតិ៍នេះ។
គ្រាប់ផ្លោងទៅកាន់តំបន់ហ្កាហ្សារបស់យោធាអ៊ីស្រាអែលបាន សម្លាប់ប្រមុខយោធារបស់ចលនាហាម៉ាស អាមាទ ហ្សាប៉ារី និងអង្គរក្ស។ បន្ទាប់មកអ៊ីស្រាអែលបានបន្ថែមការវាយប្រហារបាញ់ ផ្លោងជាងម្ភៃទៀតទៅលើទីតាំងបាញ់ចេញគ្រាប់រ៉ុកកែត។
មរណភាពនេះមិនមែនជាការចៃដន្យទេ!អ៊ីស្រាអែលបានគ្រោងនិងដៅ ទិសដោយចោទប្រកាន់ថាអាមាទ ហ្សាប៉ារី បានរៀបចំប្រតិបត្តិ ការភេរវកម្ម។ វាយប្រហារនេះអាចនឹងមានបន្តដោយ ផែនការវាយ ប្រហារថ្មើរជើងទៀតផង។អ៊ីស្រាអែលមិនបានបដិសេធចំណុចនេះទេនិង ថែមទាំងមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យកងទ័ពអ៊ី ស្រាអែលទាំងអស់ពង្រឹងកម្លាំងបំរុងដើម្បីអាចឆ្លើយតបទៅនឹងសេច ក្តីត្រូវការជាក់ស្តែង។ នេះបើតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែល រូបលោក នេតាន់យាហ៊ូ ផ្ទាល់បានចេញមុខពន្យល់តាមកញ្ចក់ទូរ ទស្សន៍នៅយប់ថ្ងៃពុធម្សិលមិញអំពីមូលហេតុនៃការបាញ់ផ្លោង ទៅលើតំបន់ហ្កាហ្សានេះ។
ក្រុងវ៉ាស៊ីនតោនជាសម្ព័ន្ធមិត្តក៏បានគូសបញ្ជាក់អំពីសិទ្ធិការពារ ខ្លួនរបស់អ៊ីស្រាអែលនិងសន្យាតាមដានស្ថានការណ៍ដោយកៀក កិត។ លោក បារ៉ាក់អូបាម៉ា បានជួបពិភាក្សាភ្លាមនៅយប់មិញ ជាមួយនឹងលោកប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលតាមទូរស័ព្ទ។នេះបើ តាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនៅអាមេរិកមកកាន់ ភ្នាក់ងារព័ត៌មានបារាំង AFP។
លោកប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi បានសម្រេចចិត្តកោះ ហៅឯកអគ្គរដ្ឋទូតត្រឡប់ចូលស្រុកវិញដើម្បី ជា ការព្រមាន។ ហើយក៏ បានប្រគល់សំបុត្រប្រឆាំងមួយទៅស្ថានទូតអ៊ីស្រាអែលប្រចាំ ក្រុងឡឺ គែរ។ លោកប្រធានាធិបតីអេហ្ស៊ីបក៏បានស្នើឱ្យមានការកោះប្រជុំ បន្ទាន់នៅអង្គការសហប្រជាជាតិ។ចំណែកលោកប្រធានរដ្ឋ អំណាច ប៉ាឡេស្ទីន មាមូត អាបាស Mahmoud Abbas បានថ្កោល ទោសយ៉ាងដាច់អហង្ការទង្វើបាញ់ផ្លោងរបស់អ៊ី ស្រាអែល និង បានស្នើសុំឱ្យជំនួបប្រជុំសម្ព័ន្ធអារ៉ាបជាបន្ទាន់។បាឡេស្ទីន អំពាវ នាវឱ្យសហគមន៍អន្តរជាតិ ព្រមទាំងភាគីអ៊ីស្រាអែលបញ្ឈប់ អំពីហិង្សា។ ហើយក្នុងពេលរង់ចាំ តំបន់ហ្កាហ្សាក្លាយជាវាល រហោឋានបណ្តាជនប៉ាឡេស្ទីនត្រូវសំងំលាក់ខ្លួនក្នុងផ្ទះ ឮតែ សំឡេងស៊ីរ៉ែនឡានពេទ្យនិងគ្រាប់ផ្លោង។ ក្រុមអង្គការមនុស្ស ធម៌បានទទួលបញ្ជាហាមប្រាមមិនឱ្យចេញក្រៅធ្វើសកម្មភាពប៉ុន្តែ ត្រូវត្រៀមខ្លួន ជម្លៀសជនស៊ីវិល ក្នុងករណីមានប្រតិបត្តិការ យោធាកាន់តែសន្ធាប់៕ ដោយ អៀង សុខម៉ិញ (RFI)