សមាជិក​សភា​វៀតណាម​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្រ្តី​លាឈប់​ពី​មុខតំណែង

នៅថ្ងៃពុធនេះសមាជិកសភាវៀតណាមបានទាមទារឲ្យនាយករដ្ឋមន្រ្តីង្វៀន តាន់ហ្ស៊ុង លាឈប់ពីមុខតំណែង ដើម្បីជាការទទួលខុសត្រូវចំពោះកំហុសឆ្គងក្នុង ការចាត់ចែងសេដ្ឋកិច្ចប្រទេស។ នៅវៀតណាមគេអាចរាប់ថា ជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តមួយ ដែលសមាជិកសភាបានទាមទារជាសាធារណៈឲ្យនាយករដ្ឋ មន្រ្តីចុះចេញពីតំណែង បែបនេះ។

នៅវៀតណាមលោកង្វៀន តាន់ហ្ស៊ុង ត្រូវបានគេចាត់ទុកថា ជានាយករដ្ឋ មន្រ្តី ដែលមានអំណាចខ្លាំងជាងគេ បើធៀបនឹងនាយករដ្ឋមន្រ្តីវៀតណាមមុន ៗ។ក៏ប៉ុន្តែ លោកក៏ជានាយករដ្ឋមន្រ្តី ដែលទទួលរងនូវការរិះគន់ពីសមាជិកបក្ស កុម្មុយនិស្តគ្នាឯងយ៉ាងខ្លាំង មិនធ្លាប់ឃើញមានដែរ។

ការរិះគន់ទាំងនេះបានកើនឡើងកាន់តែខ្លាំង នៅក្នុងពេលដែលសេដ្ឋកិច្ចវៀត ណាម កំពុងប្រឈមមុខនឹងបញ្ហាជុំទិស៖ អត្រាកំណើនសេដ្ឋកិច្ចមានកម្រិតទាប ចំណែកអត្រាអតិផរណាវិញកើនឡើងខ្លាំង ការវិនិយោគពីបរទេសមានការធ្លាក់ចុះ ហើយប្រព័ន្ធធនាគារក៏កំពុងតែធ្លាក់ចុះទន់ខ្សោយ។ បូកបន្ថែមពីលើនេះ ថ្នាក់ ដឹកនាំរដ្ឋាភិបាលវៀតណាមក៏ត្រូវប្រឈមមុខនឹងរឿងអាស្រូវជាច្រើន ផងដែរ។

បញ្ហាអស់ទាំងនេះបានជំរុញឲ្យលោក ង្វៀន តាន់ហ្ស៊ុង ចេញមុខទទួលកំហុស ហើយធ្វើការសុំទោសជាសាធារណៈ ដែលជារឿងដ៏កម្របំផុត នៅក្នុងរបបដឹកនាំ កុម្មុយនិស្តវៀតណាម។

ក៏ប៉ុន្តែ សមាជិកខ្លះ នៃសភាកុម្មុយនិស្តវៀតណាមមិនបានស្ងប់ចិត្តនឹងការ សុំទោសជាសាធារណៈនេះទេ។ នៅថ្ងៃពុធនេះ ពួកគេបានជំរុញឲ្យរដ្ឋាភិបាល របស់លោកង្វៀន តាន់ហ្ស៊ុង បង្កើតវប្បធម៌ទទួលខុសត្រូវតាមរយៈការលាលែង ពីតំណែងហើយមិនមែនគ្រាន់តែសុំទោស ហើយបន្តកាន់តំណែងតទៅទៀតនោះ ទេ។ សមាជិកសភាខ្លះបានស្តីបន្ទោសចំៗទៅលើលោកង្វៀន តាន់ហ្ស៊ុង ថា គ្មានសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលជាហេតុធ្វើឲ្យប្រជាជន បាត់បង់ទំនុកចិត្តលើថ្នាក់ដឹកនាំបក្ស កុម្មុយនិស្ត។

ឆ្លើយតបនឹងការវាយប្រហារចំៗ និងធ្ងន់ៗបែបនេះ លោកង្វៀន តាន់ហ្ស៊ុង បាន លើកឡើងថា លោកមិនមែនជាអ្នកស្វះស្វែងទាមទារសុំតំណែងនាយករដ្ឋមន្រ្តី នេះ ដោយខ្លួនឯងទេ គឺបក្សជាអ្នកសម្រេចឲ្យលោកបន្តធ្វើជានាយករដ្ឋ មន្រ្តី អាណត្តិទី២ នេះ។

គួរបញ្ជាក់ឡើងវិញថា លោក ង្វៀន តាន់ហ្ស៊ុង បានឡើងកាន់តំណែងជានាយក រដ្ឋមន្រ្តីកាលពីឆ្នាំ២០០៦ហើយកាលពីឆ្នាំ២០១១កន្លងទៅនេះលោកត្រូវបាន រដ្ឋសភាបោះឆ្នោតតែងតាំងឲ្យបន្តធ្វើជានាយករដ្ឋមន្រ្តីមួយអាណត្តិទៀត ដែលមានរយៈពេល ៥ឆ្នាំ៕ ដោយ សេង ឌីណា (RFI)

 

Related Articles

Back to top button
Close
Close