កម្ពុជា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​លើ​ការ​កាត់​បន្ថយ​អាត្រា​មរណភាព​មាតា និង​ទារក

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ ៖ ក្នុងឱកាសបិទអង្គសិក្ខាសាលាពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តន៍ផែនទីចង្អុលផ្លូវ សម្រាប់ពន្លឿនការកាត់បន្ថយអាត្រាស្លាប់របស់ម្ដាយ និងទារក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១២ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា លើការកាត់បន្ថយអាត្រាមរណភាពមាតា មុនការកំណត់ទុកនៅឆ្នាំ ២០១៥ ដែលបានកំណត់ ២៥០លើកំណើតរស់ ១ សែននាក់។

ឯកឧត្តមរដ្ឋមន្ត្រី បន្ដថា លើសពីនេះ ទៅទៀត អត្រាមរណភាពកុមារអាយុក្រោម១ឆ្នាំ បានធ្លាក់ចុះមកនៅត្រឹម ៤៥ ក្នុងទារកកើតរស់១.០០០ នាក់ គឺនៅក្រោមគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា ឆ្នាំ ២០១៥ ដែលបានកំណត់ចំនួន ៦០ក្នុងទារកកើតរស់ ១.០០០នាក់។

សិក្ខាសាលានេះ មានគោលបំណង ពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តន៍ ផែនទីចង្អុលផ្លូវសម្រាប់ពន្លឿន ការកាត់បន្ថយអត្រា ស្លាប់របស់ម្ដាយ និងទារក ដែលកំពុងអនុវត្តដោយអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល នៅថ្នាក់ជាតិ និងក្រោមជាតិ ដៃគូរអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី  បានបញ្ជាក់ថា បញ្ហាដែលយើង ទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបន្ថែមទៀតនោះ គឺការកាត់បន្ថយអត្រាស្លាប់ នៃទារកទើបនឹងកើត ការធ្វើឲ្យប្រសើរនូវអាហារូបត្ថម្ភកុមារ និងស្រី្ដ និងការបង្កើតការប្រើប្រាស់មធ្យោបាយពន្យាកំណើត និងកំណត់នូវជំហានសកម្មភាពសម្រាប់អនុវត្តនៅឆ្នាំបន្ដបន្ទាប់៕

Related Articles

Back to top button
Close
Close