ចាប់ពិថ្ងៃទី១៥ ដល់ថ្ងៃទី១៧វិច្ឆិកាកម្ពុជាទទួលរងព្យុះភ្លៀងពីសមុទ្រចិនខាងត្បូង
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា សម្ពាធទាបមួយដែលកំពុងកើតមាននៅក្នុងសមុទ្រចិន និងវិវឌ្ឍន៍ទៅជាវិសម្ពាធហើយនិងមានឥទ្ធិពលមកដល់តំបន់ទំនាបភាគ ខាងត្បូងរបស់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧វិច្ឆិកា បង្កឲ្យមានភ្លៀងពីមធ្យមទៅច្រើនមានពពក ច្រើនដេរដាស ពិសេសតំបន់មាត់សមុទ្រ។
បន្ទាប់ពីធ្វើកាតាមដានលើស្ថានភាព អាកាសធាតុរបស់ក្រសួងធនធានទឹករួចមកឃើញថា នៅវេលាម៉ោង ០១ និង០០រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ វិច្ឆិកា ២០១២ វិសម្ភាធមួយបានកើតឡើងនៅក្នុងសមុទ្រចិន ខាងត្រង់ខ្សែស្របទី៧អង្សា៥នៃរយៈទទឹងខាងជើងនិងខ្សែវណ្ឌ័ទី១១០ អង្សា៥នៃរយៈបណ្ដោយខាងជើង។
ហើយនៅថ្ងៃទី១៥ដល់ថ្ងៃទី១៧ វិច្ឆិកា ២០១២វិសម្ភាធនេះនឹងធ្វើដំណើរមកដល់សមុទ្រថៃ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យផ្ទៃមេឃក្នុងព្រះរាជាណាចក្រកម្ពុជាមាន ពពកច្រើនដេរដាសនិងបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនចាប់ពី ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ វិច្ឆិកា ២០១២ នៅតំបន់ទំនាប កណ្តាល រួមមានខេត្តព្រៃវែង ស្វាយរៀង និងខេត្តកែវ និងតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង កែប កំពតនិងខេត្តព្រះសីហនុ។ សេចក្តីជួនដំណឹងដដែលក៏បានធ្វើកាអំពាវដល់បងប្អូន ប្រជានេសាទសមុទ្រ សូមផ្អាកសកម្មភាពនេសាទតាមសមុទ្រចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ខែ វិច្ឆិកាឆ្នាំ២០១២នេះតទៅ ដើម្បីបញ្ចៀសការ គ្រោះថ្នាក់ដោយយថាហេតុ៕