រញ្ជួយដីកម្រិត ៦,៨ នៅភូមា បណ្តាលឲ្យស្លាប់យ៉ាងតិច ១៣នាក់
គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យនេះនៅតំបន់ Mandalay ភាគកណ្តាលប្រទេសភូមា។តាមតួលេខដំបូងដែលផ្តល់ដោយអាជ្ញាធរភូមា អ្នក ស្លាប់ក្នុងគ្រោះរញ្ជួយដីនេះមានចំនួនតែ ២នាក់ប៉ុណ្ណោះ និងមានអ្នកបាត់ ខ្លួន៥នាក់។ក៏ប៉ុន្តែតាមតួលេខចុងក្រោយដែលផ្តល់ដោយអង្គការក្រៅរដ្ឋា ភិបាលឈ្មោះ Save the Children ចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងតិចដល់ ទៅ ១៣នាក់ និងរបួស ៤០នាក់។
យោងតាមទីភ្នាក់ងាររបស់អាមេរិកឈ្មោះ US Geological Survey (USGS) គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោងប្រមាណ៧និង៤០នាទីព្រឹកថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក ដោយចំណុចរញ្ជួយស្ថិតនៅប្រមាណជា ១១៦គីឡូម៉ែត្រខាង ជើង ទីក្រុង Mandalay ដែលជាក្រុងដ៏ធំទី២របស់ភូមា។
ការរញ្ជួយដីនេះមានកម្រិត ៦,៨ ក៏ប៉ុន្តែ ដោយសារចំណុចរញ្ជួយមានជម្រៅតែ ត្រឹម ១០គីឡូម៉ែត្រក្រោមដី ទើបធ្វើឲ្យឥទ្ធិពលនៃការរញ្ជួយនេះមានកាន់តែខ្លាំង និងឆ្ងាយ។សូម្បីតែអ្នកក្រុងបាងកក ប្រទេសថៃក៏ទទួលឥទ្ធិពលរញ្ជួយពីភូមានេះ ដែរ។
គេបារម្ភថាការខូចខាតបង្កឡើងដោយការរញ្ជួយដីនេះអាចនឹងមានខ្លាំងដោយ សារតែនៅភូមា ដែលជាប្រទេសដ៏ក្រីក្រមួយ នៅអាស៊ី ការសាងសង់ភាគច្រើន មិនសូវ មានគុណភាពខ្ពស់ប៉ុន្មានទេ។
ទោះជាយ៉ាងណា ក្រុមអ្នកជួយសង្រ្គោះបានលើកសរសើរដល់អាជ្ញាធរភូមា ថា បានធ្វើការរហ័ស ក្នុងការឆ្លើយតបចំពោះគ្រោះរញ្ជួយដីនៅពេលនេះដែល ខុសពីរញ្ជួយដីមុនៗ ក្រោមការដឹកនាំរបស់របបសឹកភូមា។
គួរបញ្ជាក់ថា នាពេលកន្លងមក គ្រោះរញ្ជួយដីធ្លាប់កើតមានជាញឹកញាប់ នៅ ភូមា។ បើយោងតាម US Geological Survey ក្នុងចន្លោះពេលពីឆ្នាំ១៩៣០ ដល់ ឆ្នាំ១៩៥៦ ភូមាបានជួបនឹងគ្រោះរញ្ជួយដីធំៗ កម្រិតចាប់ពី ៧រ៉ិចទ័រឡើងទៅ រហូត ដល់ទៅ៦លើក បណ្តាលឲ្យមានអ្នកស្លាប់ប្រមាណជាង៦០០នាក់។ កាលពីខែ មីនាឆ្នាំ២០១១កន្លងទៅថ្មីៗនេះគ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័របានសម្លាប់ មនុស្សរហូតដល់ទៅជាង ៧០នាក់។
គ្រោះរញ្ជួយដីនៅថ្ងៃនេះបានកើតមានឡើងប្រមាណតែមួយសប្តាហ៍ប៉ុណ្ណោះ មុនដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ទៅកាន់ប្រទេសភូមា នៅក្នុងអំឡុងជំនួបកំពូលអាស៊ាន នៅចុង សប្តាហ៍ក្រោយ៕ ដោយ សេង ឌីណា (RFI)