តើមេដឹកនាំអាមេរិកនឹងឱនសិរសានៅចំពោះមុខព្រះបរមសពអតីតព្រះមហាក្សត្រខ្មែរដែរឬទេ?
ឆាយ សុផល
ប្រសិនបើមិនមានការផ្លាស់ប្ដូរកម្មវិធីទេ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) លោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និងលោករដ្ឋមន្ត្រីការពារ ឡេអូន ផែនីតា (Leon Panetta) នៃប្រទេសមហាយក្សផ្នែកអំណាចយោធានឹងមកកាន់ប្រទេសកម្ពុជានាសប្ដាហ៍នេះ។
ដំណើរទស្សនកិច្ចនេះពិតជាមោទនភាពដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសតូចតាច ដោយមានមេដឹកនាំនៃប្រទេសមហាអំណាចលើចក្រវាលបានមកស្នាក់អាស្រ័យ។ ម្យ៉ាងទៀត ការមកដល់ប្រទេសកម្ពុជារបស់លោកប្រធានាធិបតី អូបាម៉ា គឺជាឱកាសរបស់លោកក្នុងការបានជួបមេដឹកនាំកំពូលៗនៅអាស៊ី និងអឺរុប ដើម្បីពង្រឹងចំណងការទូត និងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មបន្ថែមទៀត បន្ទាប់ពីលោកទើបតែបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកអាណតិទីពីរ។
ដោយឡែកនៅកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនាពេលនេះ គឺ យ៉ាង ហោចណាស់ក៏ជាលើកដំបូងដែរចាប់តាំងពីសម្ដេចនរោត្តម សីហនុ ត្រូវបានគេបណ្ដេញចេញពី ព្រះប្រមុខរដ្ឋនាថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ តាមរយៈរដ្ឋប្រហារ។
កាលពីជាង ៣០ ឆ្នាំ មុននេះ សហរដ្ឋអាមេរិកបានផ្ដល់មធ្យោបាយទាំងយោធានិងហិរញ្ញវត្ថុឲ្យ លោកនាយករដ្ឋមន្ត្រី លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែលត្រូវ ជាបងប្អូនជីទួត របស់សម្ដេច សីហនុ ឲ្យបណ្ដេញសម្ដេច សីហនុ ចេញពីព្រះប្រមុខរដ្ឋ។
ការធ្លាក់ចេញពីមុខដំណែងដោយសារតែអំពើក្បត់របស់អ្នកក្រោមឱវាទ និងសាច់ញាតិ រាជវង្ស មួយចំនួនតូច ក្រោមការគាំទ្រនិងឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក បានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ ចូលក្នុងភ្លើងសង្គ្រាម និងមានអំពើប្រល័យពូជសាសន៍ឯង។ ដោយឡែក ដោយសារ តែ រដ្ឋ ប្រហារនេះហើយបានធ្វើឲ្យសម្ដេចព្រះនរោត្តម សីហនុ និងព្រះមហេសី មុនិនាថ ព្រមទាំង សមាជិករាជវង្សានុវង្សភាគច្រើននិរទេសព្រះកាយឃ្លាតឆ្ងាយពីព្រះបរមរាជវាំងអស់ជាង ១៥ ឆ្នាំ (លើកទីមួយ ខែមករា ១៩៧០ – កក្កដា ១៩៧៥ និងលើកទីពីរ ខែមករា ១៩៧៩ – វិច្ឆិកា ១៩៩១)។
នៅក្នុងសៀវភៅ “ហ៊ុន សែន – នយោបាយនិងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរជាង៤០ឆ្នាំ” អ្នកនិពន្ធ បានដកស្រង់សំណេររបស់សម្ដេច នរោត្តម សីហនុ ពីភាពសោកសៅរបស់ព្រះអង្គ និងពីការធ្វើ ទុក្ខទោម្នេញរបស់ពួកស៊ីអាយអេ (CIA) អាមេរិក ក្នុងការតាមធ្វើឃាត និងផ្ដួលរំលំព្រះអង្គ។
ដោយដឹងសភាពការមុន សម្ដេច សីហនុ នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧០ បានយាងចេញពីប្រទេស កម្ពុជាជាមួយមហេសី ដោយយកតែវ៉ាលីតូចមួយប៉ុណ្ណោះ។ ការយាងចេញនេះ ព្រះអង្គបាន ឡាយថា «ខ្ញុំត្រូវការសម្រាកទាំងស្រុង និងត្រូវការព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួន ហើយខ្ញុំបានគិតថា វានឹងជាមេរៀន ដែលជាបទពិសោធន៍មិនល្អសម្រាប់ សិរីមតៈ និងអ្នកគាំទ្ររបស់ទ្រង់» ដើម្បីមាន អ្វីៗទាំងអស់នៅក្នុងដៃ ហើយទុកឲ្យពួកគេដឹងថា តើពួកគេអាចដោះស្រាយភាពទ្រុឌទ្រោមផ្នែក សេដ្ឋកិច្ចរបស់ប្រទេសដោយវិធីណា នៅពេលដែលពួកគេបានបោះបង់គោលនយោបាយ របស់ ព្រះអង្គនោះ។
ក្រោយមក បើទោះជាដឹងថា អាមេរិកមិនមែនជាមិត្តរបស់ទ្រង់ក៏ដោយ ក៏ព្រះអង្គបានស្នើសុំរដ្ឋាភិ បាលអាមេរិកនូវសិទ្ធិជ្រកកោននយោបាយ បន្ទាប់របបប៉ុលពតបានដួលរលំនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ហើយវៀតណាមបានចូលមកកាន់កាប់ប្រទេសកម្ពុជា។ នៅក្នុងសៀវភៅ “អ្នកម្ដាយ និង កូនអង្គការ” អ្នកនិពន្ធបានដកស្រង់សំណេររបស់សម្ដេច សីហនុ ថា ទាំងអាមេរិកនិងបារាំង បាន បដិសេធន៍ពីការសុំសិទ្ធិជ្រកកោននយោបាយនេះ គឺមានតែប្រទេសចិនប៉ុណ្ណោះបាន ទទួល យក ព្រះអង្គ។
បើទោះជាសម្ដេច សីហនុ តែងតែបានបន្ទោសសហរដ្ឋអាមេរិកពីកំហុសឆ្គងក្នុងការគាំទ្រឲ្យមាន រដ្ឋប្រហារទម្លាក់ព្រះអង្គក៏ដោយ ក៏ប្រជាជនកម្ពុជាក៏ដូចជាពិភពលោកទាំងមូលដូច ជាមិនដែល បានឭថា ព្រះអង្គបានឲ្យអាមេរិកសូមទោសព្រះអង្គ និងប្រជារាស្ត្រខ្មែរជាសាធារណៈឡើយ។
បន្ទាប់ពីរដ្ឋប្រហារនេះមក ប្រទេសកម្ពុជាដែលធ្លាប់តែសម្បូរណ៍រុងរឿងបានធ្លាក់ចូលក្នុងសង្គ្រាម ស៊ីវិល និងប្រល័យពូជសាសន៍ ហើយនគរពោរពេញដោយស្នាមរណ្តៅគ្រាប់បែកយន្តហោះបេ៥២ របស់អារមរិក និងក្រាលដោយគ្រាប់មីនរាប់លានគ្រាប់។ បញ្ហានេះបាន បង្ករឲ្យមនុស្សរាប់លាន នាក់ស្លាប់ ហើយអ្នករស់រានមានជីវិតរាប់លាននាក់ផ្សេងទៀតបានធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ ជាកូនកំព្រាឪពុកម្ដាយ និងជាជនពិការ។
ចំពោះប្រទេសជប៉ុន ក្រោយពីចាញ់សង្គ្រាមលោកលើកទីពីរមក មេដឹកនាំប្រទេសនេះបានរង គំនាបជាបន្តបន្ទាប់លើបញ្ហាអសីលធម៌នាអតីតកាល។ ជាទូទៅ នៅពេលដែលមេដឹកនាំកំពូល របស់ប្រទេសជប៉ុនបានទៅទស្សនកិច្ចប្រទេសដែលខ្លួនធ្លាប់បានទន្ទ្រានធ្វើអាណានិគមក្នុង សម័យសង្គ្រាមលោកលើកទីពីរ ដូចជាប្រទេសចិន និងកូរ៉េជាដើម សកម្មជនមួយចំនួននៃ ប្រទេសទាំងនោះតែងតែទាមទារឲ្យប្រទេសជប៉ុនធ្វើខមាទោសដល់ប្រជាជាតិរបស់គេ ពីការដែល ទាហានជប៉ុនបានចាប់រំលោភស្ត្រីភេទនាសម័យកាលនោះ។
ប៉ុន្តែសម្រាប់កម្ពុជាគឺមិនដែលមានសកម្មជនណាទាមទារឲ្យមេដឹកនាំជប៉ុនធ្វើខមាទោសដល់ ប្រជាជាតិកម្ពុជាឡើយ បើទោះជាទាហានជប៉ុនបានឈ្លានពានកម្ពុជា និងមានទង្វើដូចខាង លើ ខ្លះៗក៏ដោយ។ ចំណុចនេះទំនងជាជនជាតិខ្មែរមិនចង់រំលឹកពីរឿងអតីតកាលដែលនាំឲ្យ ប៉ះពាល់ ដល់មិត្តភាពនាពេលបច្ចុប្បន្ន។
រីឯអតីតព្រះមហាក្សត្រខ្មែរ សម្ដេច នរោត្តម សីហនុ វិញ ព្រះអង្គក៏ទំនងជាមានព្រះទ័យដូចកូនចៅ របស់ព្រះអង្គដែរ គឺមិនចង់ឲ្យអាមេរិកធ្វើខមាទោសដល់ព្រះអង្គ និងប្រជាជាតិជាទីស្នេហា របស់ ព្រះអង្គឡើយ។ ម្យ៉ាងទៀត បើទោះជារដ្ឋការអាមេរិកក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី រីច្ឆាត និកសុន (Richard Nixon) ជាសត្រូវរបស់ព្រះអង្គក៏ដោយ ក៏រដ្ឋការអាមេរិកជំនាន់ក្រោយ បានខិតខំខ្នះខ្នែងជួយឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩០ ដែរ ដែលបានបើកផ្លូវឲ្យព្រះអង្គបានយាងចូលនគរវិញនាថ្ងៃទី ១៤ វិច្ឆិកា ១៩៩១ និងបានគ្រងរាជ្យ ជា ថ្មីនាឆ្នាំ ១៩៩៣ ហើយរាជនិយមក៏បានបន្តមានរហូតមកដល់សព្វថ្ងៃ។
ឥឡូវនៅសប្ដាហ៍នេះ ប្រធានាធិបតី រដ្ឋមន្ត្រីការបរទេស និងមេទ័ពរបស់ប្រទេសមហាអំណាច ដែលបានគាំទ្រឲ្យបណ្ដេញព្រះអង្គចេញពីព្រះប្រមុខរដ្ឋកាលពីអតីតកាលបានមកទឹកដីកម្ពុជា។ បើតាមប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា រហូតមកត្រឹមថ្ងៃទី ១៣ វិច្ឆិកា នេះគឺមានតែនាយករដ្ឋមន្រ្តីនៃប្រទេសមួយប៉ុណ្ណោះដែលបានដាក់ស្នើចូលគោរពព្រះបរមសពរបស់ព្រះបិតាឯករាជ្យជាតិខ្មែរ តែសម្រាប់មេដឹកនាំអាមេរិកមិនទាន់មានកម្មវិធីចូលគោរពនៅឡើយទេ។
ប្រសិនបើប្រធានាធិបតីអាមេរិក និងមេដឹកនាំរបស់លោកផ្សេងទៀតមិនចូលព្រះបរមរាជវាំង ដើម្បីឱនក្បាលគោរពនៅចុងជើងព្រះបរមសពទេ នោះជារឿងចម្លែកមួយទៀតដែល ត្រូវ ពិចារណា។ ប៉ុន្តែបើទោះជាលោក អូបាម៉ា និងមេដឹកនាំកំពូលរបស់អាមេរិកផ្សេងៗទៀតចូល គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពរបស់ព្រះអង្គ ក្នុងនាមជាបុគ្គល ឬក៏ក្នុងនាមអ្នកដឹក នាំជំនាន់ ក្រោយគោរពអ្នកដឹកនាំជំនាន់មុនក៏ដោយ ក៏អ្នកវិភាគនយោបាយការបរទេសមួយចំនួនបាន និយាយប្រហាក់ប្រហែលគ្នាថា ទីបំផុតសត្រូវនយោបាយរបស់ “នរោត្តម សីហនុ” បានមកឱន ក្បាលនៅចំពោះព្រះបរមសពរបស់ព្រះអង្គ។
ការឱនក្បាលនេះគឺជាសំណងនយោបាយមួយដ៏ធំពីសំណាក់មេដឹកនាំអាមេរិកមកឲ្យព្រះអង្គ និងសមាជិករាជវង្សានុវង្សវិញ។
អ្នកវិភាគនយោបាយទាំងនោះបានលើកឡើងដូចៗគ្នាថា ព្រះបរមសពរបស់ព្រះវរបិតាឯករាជ្យ ជាតិខ្មែរ នរោត្តម សីហនុ ពិតជាសំណាងនិងមានមហាកិត្តិយសដ៏ធំធេងជាងសពលោក ហូ ជីមិញ មេដឹកនាំប្រទេសវៀតណាម។ កាលពីថ្ងៃទី ៣ កញ្ញា ឆ្នាំ ១៩៦៩ សម្ដេច សីហនុ បានយាង ទៅទី ក្រុងហាណូយ ដើម្បីចូលរួមបុណ្យសពលោក ហូ ជីមិញ ដែលបានទទួលមរណភាពនៅថ្ងៃ ដដែល នោះ ហើយសម្ដេច សីហនុ គឺជាប្រមុខរដ្ឋនៃប្រទេសតែមួយគត់ដែលបានទៅចូលរួមបុណ្យសព នេះ។ ខុសប្លែកពីសម័យកាលសពលោក ហូ ជីមិញ និងមេដឹកនាំមួយចំនួនក្នុងជំនាន់របស់ព្រះអង្គ ព្រះបរមសពរបស់សម្ដេច សីហនុ ត្រូវបានមេដឹកនាំកំពូលៗក្នុងលោកបាននិងកំពុងមកឱន សិរសានៅចុងជើងនៃព្រះបរមសពរបស់ព្រះអង្គ។
តើមេដឹកនាំអាមេរិកនឹងឱនសិរសារបស់ខ្លួននៅចំពោះមុខព្រះបរមសពអតីតព្រះមហាក្សត្រខ្មែរដែរឬទេ?