ការបកស្រាយក្រមព្រហ្មទណ្ឌខុសកំពុងគំរាមកំហែងសេរីភាព បញ្ចេញមតិ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី៥ វិច្ឆកា ២០១២ នៅក្នុងសិក្ខាសាលាមួយនាទីក្រុងភ្នំពេញដែលមានការចូល រួមពីក្រុមមន្ត្រីតុលាការ និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងផ្នែកសិទ្ធិមនុស្សរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការបកស្រាយក្រមព្រហ្មទណ្ឌខុសកំពុងតែបង្កើនឲ្យមានភាព រិតត្បិតធ្ងន់ធ្ងរ និង ការកាត់ទោសដ៏អយុត្តិចំពោះសេរីភាពបញ្ចេញមតិនិងសិទ្ធិមនុស្ស។
តំណាង ផ្នែក សិទ្ធិ មនុស្ស របស់ ឧត្តម ស្នងការ អង្ហការ សហប្រជាជាតិ ប្រចាំ កម្ពុជា លោក ជេម ហ៊ីនែន (Jams Heenan) បានថ្លែងថា «ករណីបកស្រាយខុស ឬ ប្រើប្រាសក្រមព្រហ្មទណ្ឌមិនត្រឹមត្រូវអាចបណ្ដាលឲ្យមនុស្សទទួល ការផ្ដន្ទាទោសយ៉ាងអយុត្តិធម៌ ឬ រួចទោសដោយខុសច្បាប់នោះទេ វា អាចឈានដល់ការរំលោភសិទ្ធិមនុស្ស ទៀតផង»។ ការថ្លែងបែបនេះ សំដៅដល់ការចោទប្រកាន់របស់តុលាការ និងការចាប់ឃុំខ្លួន អ្នកដែលហ៊ានបញ្ចេញមតិរិៈគន់រដ្ឋាភិបាលនាពេលកន្លងមកក្រោមបទញុះញង់ ឬ បរិហាកេរ្តិ៏ ។
មន្ត្រីផ្នែកច្បាប់រនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងកត់សម្គាល់ថា ចាប់តាំងពីក្រមព្រហ្មទណ្ឌត្រូវបានអនុម័តកាលពីឆ្នាំ ២០១០មក ការចោទប្រកាន់ពីបទញុះញង់មាន១០ករណីហើយ ត្រូវបានប្រើប្រាសដើម្បីប្រឆាំងបុគ្គលិកអង្គការសិទ្ធិមនុស្ស សមាជិកគណបក្សនយោបាយ និង អ្នកកាសែត ៕