ថ្ងៃទី ៤ វិច្ឆិកា ឆ្នាំ១៦១២ – ថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១២

គឺ ៤០០ ឆ្នាំមុន ដែលទឹកដីរុស្ស៊ី ត្រូវបានរំដោះពីពួកកាន់កាប់ប៉ូឡូញ។ រំដោះនេះ គឺដោយកងសេនាជន ក្រោមការដឹកនាំនៃព្រឹទ្ធាចារ្យ ឈ្មោះ Minine និង អង្គ ម្ចាស់ Pojarski។ ការរំដោះនេះគឺខ័ណ្ឌបញ្ចប់ភាពវឹកវរបែកបាក់គ្នានៃប្រជាជាតិ រុស្ស៊ីដែលម្ខាងបានពឹងបរទេសឲ្យលុកចូលមកជួយខ្លួន។ ទិវា៤វិច្ឆិកាធ្លាប់ជា បុណ្យជាតិអស់៣សតវត្សរ៍ជាប់សម័យដែលប្រទេសរុស្ស៊ីជាចក្រភពក្រោមអំណាច ស្តេច Tsar។

ក្រោយពីបដិវត្តន៍សង្គមនិយម ឆ្នាំ១៩១៧ ដែលបានផ្តួលអំណាច ស្តេច Tsar ទៅ របបសូវៀតកុម្មុយនិស្តក៏បានជំនួសបុណ្យរាជានិយមនោះ ទៅដោយ ទិវាក្រហម៧វច្ឆិកាវិញរំលឹកដល់បដិវត្តន៍សង្គមនិយមនោះ។បច្ចុប្បន្នក្រោយ ពីសហភាពសូវៀតរលាយទៅកាលពី២០ឆ្នាំមុនអំណាចរុស្ស៊ីសម័យថ្មីក្នុងឆ្នាំ ២០០៥ ក៏បានអនុម័ត កាលបរិច្ឆេទថ្មីនៃបុណ្យរដ្ឋ គឺទិវា ៤វិច្ឆិកា ជាជំនួសកាល បរិច្ឆេទចាស់នោះដើម្បីបិទផ្កាប់ទៅទំព័រដែលរំលឹកឲ្យឃើញពីបដិវត្តន៍បង្ហូរ ឈាម។

ទិវា ៤វិច្ឆិកា ដែលប្រទេសរុស្ស៊ីថ្មី ប្រារព្ធថ្ងៃនេះ មានឈ្មោះជាផ្លូវការថា “ ទិវាប្រជាឯកភាព” គឺ ខ័ណ្ឌបញ្ចប់ភាពវឹកវរបែកបាក់គ្នានៃប្រជាជាតិរុស្ស៊ី កាលពី៤ សតវត្សរ៍មុន។ក្នុងទិវានេះលោកប្រធានាធិបតី ពូទីន អញ្ជើញទៅដាក់កម្រងផ្កា នៅនឹងជើងរូបសំណាក រំលឹកដល់វិញ្ញាណក្ខន្ធ វិរបុសជាតិ ២រូប គឺ ព្រឹទ្ធាចារ្យ ឈ្មោះ Minine និង អង្គម្ចាស់ Pojarski នៅលើទីលានមុខវិមាន ក្រេមឡាំង ដែល កាលពី៤០០ឆ្នាំមុន បានដឹកនាំកងសេនាជនលុះទាល់តែបង្ខំ កងទ័ពប៉ូឡូញ ឲ្យចុះ ហត្ថលេខា សុំចុះចាញ់ទៅ។

ក្នុងទិវានេះជាលើកទី១ដែលអាជ្ញាធរអនុញ្ញាតឲ្យពួកជាតិនិយមដើរនៅរសៀល ថ្ងៃនេះ ក្នុងសង្កាត់កណ្តាលរដ្ឋធានីម៉ូស្គូតែម្តង ជាក្បួន ក្រោមឈ្មោះថា “ ក្បួនយាត្រាជាតិរុស្ស៊ី “ ចូលរួម ដោយពួកគេ ប្រមាណ ២៥.០០០នាក់់ គឺខុសពីលើក មុនៗ ដែលរមែងប្រព្រឹត្តទៅតែនៅសង្កាត់ជាយក្រុងប៉ុណ្ណោះ។តាមដែល កាសែតលេខថ្ងៃនេះទស្សន៍ទាយគឺអាចនឹងមានការប៉ះទង្គិចគ្នាផ្ទុះឡើង ដោយ ក្នុងពេលជាមួយគ្នា ក៏ត្រូវប្រព្រឹត្តទៅ ជា បាតុកម្មពួកប្រឆាំងហ្វាស៊ីស្តដែរ។

ក្នុងសេចក្តីថ្លែងការណ៍ឧទ្ទិសដល់បុណ្យជាតិទី៤វិច្ឆិកាថ្ងៃនេះលោកប្រធាន សភាឌូម៉ា Serguei Naryshkine ដែលក្នុងពេលជាមួយគ្នា ក៏ជាប្រធាននៃ” សមា គមប្រវត្តិសាស្ត្ររុស្ស៊ី” កត់សម្គាល់ ថា ខួប ៤០០ឆ្នាំ នៃជ័យជំនះមួយជាគន្លឹះ របស់ប្រជាជនរុស្ស៊ី ប្រព្រឹត្តទៅ គឺនៅចំ ឆ្នាំ ដែលត្រូវ អ.ស.ប. ប្រកាសជា “ឆ្នាំ នៃប្រវត្តិសាស្ត្ររុស្ស៊ី”។គាត់អំពាវនាវឲ្យដកយកមេរៀនប្រវត្តិសាស្ត្រហើយឲ្យ ប្រកាន់ឥរិយាបថប្រុងប្រយ័ត្នជានិច្ចចំពោះអន្តរាគមន៍បរទេសក្នុងគ្រាដែល      ប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរ បែកបាក់គ្នា។

លើកនេះ ជាលើកទី៨ ដែលរុស្ស៊ីសម័យថ្មី ទទួលអំណរអបអរ បុណ្យជាតិខ្លួន។ ដោយហេតុថា ទិវា ៤វិច្ឆិកាលើកនេះ ធ្លាក់ចំថ្ងៃអាទិត្យ ជាថ្ងៃឈប់ស្រាប់ បាន ជានៅរុស្ស៊ីថ្ងៃចន្ទស្អែកដែលតាមធម្មតាជាថ្ងៃធ្វើការសោះនឹងក្លាយទៅ ជាថ្ងៃឈប់សម្រាក សងវិញ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close