នាវាល្បាតចិនបើកចូលកៀកជាថ្មីនៅប្រជុំកោះគ្រប់គ្រងដោយជប៉ុន
នាវារដ្ឋាភិបាលចិន៤គ្រឿង នៅថ្ងៃអាទិត្យ៤វិច្ចិកានេះ បានបើកចូលទៅជិត ប្រជុំកោះជាប់ជម្លោះជាមួយជប៉ុន។ ប្រជុំកោះ ដែលគ្រប់គ្រងដោយប្រទេស ជប៉ុន តែចិននៅតែទាមទារជានិច្ចថាជា បូរណភាពដែនដីខ្លួន។ ការលេចមុខជាថ្មី ឡើងវិញនៃនាវាល្បាតចិននៅថ្ងៃនេះគឺធ្វើឡើងក្រោយពីនាវាល្បាតចិនជាច្រើន គ្រឿងធ្លាប់បានបើកចូលទីប្រជុំកោះម្តងរួចមកហើយកាលពីថ្ងៃសុក្រមុន។
នាវាល្បាតរបស់ចិនជាច្រើនគ្រឿង បានបើកចូលទៅក្នុងតំបន់ប្រមាណ ជា២២គម នៅជុំវិញប្រជុំកោះសេនកាគូ ហៅតាមជប៉ុនឬទាវយូហៅតាមចិនក្នុងដែនសមុទ្រ ចិនខាងត្បូងនៅថ្ងៃអាទិត្យ៤វិច្ឆិកានេះក្នុងវេលាម៉ោង១២ម៉ោងប្រទេសជប៉ុន -នេះជាការបញ្ជាក់របស់ឆ្នាំសមុទ្រជប៉ុន ។ ឆ្មាំល្បាតជប៉ុន បានរកឃើញវត្តមាន នាវាចិនទាំង៤គ្រឿងនេះ នៅក្បែរកោះ Uotsuri ដែលកាលពីថ្ងៃសុក្រមុននៅ ទីនេះ នាវាចិនជាច្រើនគ្រឿងធ្លាប់បានបើកចូលស្រេចតែអំពើចិត្តម្តងរួចមកហើយ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក Chikao Kawai បានសម្តែងការប្រឆាំង យ៉ាងម៉ឺងម៉ាត់ទៅកាន់ ឯកអគ្គរដ្ឋទូតចិន លោក Cheng Yonghua អំពី វត្តមាននាវាចិននៅក្នុងដែនសមុទ្រជប៉ុន ដែលលោក បានថ្លែងថា សកម្មភាព បែបនេះ កាន់តែមានជាញឹកញាប់។
អនុរដ្ឋមន្ត្រីជប៉ុនបានគូសបញ្ជាក់ទៀតថា ការជ្រៀតជ្រែកចូលដែនសមុទ្រជប៉ុន នេះ ជាការបំផ្លាញដល់បរិយាកាស រវាងប្រទេសទាំងពីរដែលកំពុងមានគម្រោងការ ដើម្បីរកដំណោះស្រាយ ក្នុងការបន្ធូរបន្ថយនូវភាពតានតឹងនឹងគ្នា។ គួររំលឹកថា ដោយសារជម្លោះប្រជុំកោះតូចនេះទំនាក់ទំនង រវាងទីក្រុងប៉េកាំងនិងតូគ្យូបាន ធ្លាក់ចុះដុនដាបជាលំដាប់ចាប់តាំងពីពីរខែមកហើយ។ ភាពតានតឹងនេះ បានកើតឡើង តាំងពីដើមខែកញ្ញាមុនម៉្លេះនៅខណៈដែលរដ្ឋាភិបាលជប៉ុនបានសម្រេចចិត្ត ទិញកោះតូចៗជាច្រើននៃប្រជុំកោះសេនកាគូឬទាវយូពីម្ចាស់ជនជាតិជប៉ុនមកធ្វើ ជាសម្បត្តិរបស់រដ្ឋ។ពេលនោះហើយដែលទីក្រុងប៉េកាំងបានខឹងក្រេវក្រោធខ្លាំង ដោយបានបញ្ជូននាវាខ្លួន៦គ្រឿងទៅកាន់ប្រជុំកោះជាប់ជម្លោះជាមួយ ជប៉ុន និងបានបើកដៃឲ្យមានបាតុកម្មហិង្សាជាច្រើនប្រឆាំងជប៉ុនអស់រយៈ ពេលមួយ សប្តាហ៍នៅទូទាំងប្រទេសចិន។
បាតុកម្មដែលប្រមូលផ្តុំមនុស្សរាប់សិបពាន់នាក់នៅតាមទីក្រុងៗធំក្នុង ប្រទេស ជាពិសេសនៅទីក្រុងប៉េកាំងនិងបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា បានបង្ខំ ឲ្យសហគ្រាសធំៗរបស់ជប៉ុនជាអាទិ៍សហគ្រាសផលិតរថយន្តបញ្ឈប់សកម្មភាព ផលិតកម្មរបស់ខ្លួនមួយភាគឬក៏ទាំងស្រុងដែរ។ តាំងពីពេលនោះមក នាវាល្បាត សមុទ្រនិងនាវានេសាទរដ្ឋបាលចិនក៏ដូចជាកប៉ាល់ល្បាតឆ្នេរសមុទ្រតៃវ៉ាន់បាន នាំគ្នាបើកចូលទៅក្នុងដែនសមុទ្រចូលទៅប្រកៀកទីប្រជុំកោះជាប់ ជម្លោះ ជាមួយជប៉ុនសេនកាគូឬទាវយូនេះជាច្រើនដងដែរ៕ដោយ នុយ ប៊ែរណាដែត (RFI)