ជប៉ុនអាចជួបវិបត្តិគ្មានលុយសម្រាប់បើកប្រាក់ខែឲ្យបុគ្គលិករដ្ឋ
នាយករដ្ឋមន្រ្តី ជប៉ុន Yoshihiko Noda បានព្រមាន នៅថ្ងៃចន្ទទី ២៩ តុលាថា ស្ថាប័នរដ្ឋជប៉ុនទាំងមូលនឹងជាប់គាំង មិនដំណើការ ដោយសារតែគ្មានលុយ។ គ្មានលុយដោយសារតែគណបក្សប្រឆាំង មិនព្រមបោះឆ្នោតអនុម័តលើច្បាប់ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលចេញលក់ មូលប័ត្របំណុល។
រដ្ឋាភិបាលជប៉ុនជិតអស់លុយដើម្បីបើកប្រាក់ខែឲ្យបុគ្គលិករដ្ឋ ចាប់ពីដើមខែធ្នូ ខាងមុខនេះ។ជាលទ្ធផលសេវាសាធារណៈនឹងជាប់គាំងហើយគឺជីវិតរស់នៅរបស់ប្រជា ជនជប៉ុនទាំងមូលដែលនឹងត្រូវប៉ះពាល់ ។ លោកនាយករដ្ឋមន្រ្តីជប៉ុនបានទាញ សញ្ញាប្រកាសអាសន្នបែបនេះនៅក្នុងករណីដែលគណបក្សប្រឆាំងព្រឹទ្ធសភា នៅតែមិនព្រមបោះឆ្នោតគាំទ្រច្បាប់ដែលអនុញ្ញាតិឲ្យរដ្ឋចេញលក់មូលប័ត្រ បំណុល។
ជាធម្មតា ច្បាប់នេះអនុញ្ញាតិឲ្យរដ្ឋបោះពុម្ព និងចេញលក់មូលបត្របំណុល ចាំបាច់ដើម្បីផ្គត់ផ្គង់សេវាសាធារណៈ។ ច្បាប់នេះត្រូវបានសភាដែលមានសំឡេង ភាគច្រើនពីគណបក្សកាន់អំណាចបោះឆ្នោតគាំទ្ររួចហើយប៉ុន្តែមកនៅជាប់គាំង នៅព្រឹទ្ធសភា ដែលមានសំឡេងភាគច្រើនពីគណបក្សប្រឆាំង។
នៅប្រទេសជប៉ុន គណបក្សកាន់អំណាច និងគណបក្សប្រឆាំងឈ្លោះប្រកែក កាន់តែគ្នាជុំវិញបញ្ហាបោះឆ្នោតសភាដែលនឹងត្រូវប្រព្រឹត្តទៅនៅពាក់ កណ្តាលឆ្នាំ២០១៣ខាងមុខ។ គណបក្សប្រឆាំងនៅតែទាមទារឲ្យរដ្ឋាភិបាល រំលាយសភាបច្ចុប្បន្ន និងរៀបចំការបោះឆ្នោតសភា ជាថ្មី មុនពេលកំណត់។ លោកនាយករដ្ឋមន្រ្តីជប៉ុនមកពីគណបក្សកាន់អំណាចនិងមានសំឡេង ភាគច្រើន នៅសភា ធ្លាប់បានយល់ព្រមម្តងហើយ តាមការទាមទាររបស់គណបក្សប្រឆាំង ដោយសន្យាថានឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភាក្នុងពេលខាង ឆាប់ៗខាងមុខ។កាលណោះលោកបានយល់ព្រមតាមគណបក្សប្រឆាំង ក៏ព្រោះ តែចង់ឲ្យគណបក្សនេះគាំទ្រច្បាប់ស្តីពីការដំឡើងពន្ធលើ ការប្រើប្រាស់។
ទាក់ទងនឹងប្រាក់បំណុលរដ្ឋ ជប៉ុន មូលនិធិរូបិយវត្ថុអន្តរជាតិFMIបានវាយតម្លៃ ថា ជប៉ុនមានបំណុលជាតិ ២៣៦ភាគរយនៃផលិតផលដុលសរុបគឺប្រមាណ១០ពាន់ពាន់ លានអឺរ៉ូ។ ប៉ុន្តែ គួរដឹងថា ម្ចាស់បំណុលជាង៩០ភាគរយរបស់រដ្ឋ គឺប្រជាជនជប៉ុន ដែលធ្វើឲ្យសេដ្ឋកិច្ចជប៉ុន រហូតមកដល់សព្វថ្ងៃ រួចផុតពីសម្ពាធរបស់អ្នកវិនិ យោគបរទេស៕ដោយ ឈាង បុប្ផា (RFI)