លោកពូទីនលើកទៅ ២ខែក្រោយទៅវិញ ទស្សនកិច្ចរបស់គាត់នៅឥណ្ឌា
ជំនួបកំពូលឥណ្ឌា-រុស្ស៊ីលើកទី១៣ដែល គ្រោងប្រព្រឹត្តទៅនៅក្រុង New Delhi នៅដើមខែវិច្ឆិកាខាងមុខត្រូវលោកប្រនាធិបតីរុស្ស៊ី ពូទីនលើកយកទៅធ្វើនៅ ថ្ងៃ២៤ ធ្នូទៅវិញ។ទោះបីវិមានក្រេមឡាំងខំពន្យល់បំភ្លឺថា មូលហេតុនៃការ លើកនេះគឺមកពីមិនទាន់ត្រៀមបានគ្រប់លក្ខណៈសម្រាប់ជំនួបនេះក្តីក៏ប្រភពច្បាស់ ការណ៍ នាំគ្នានិយាយទៅហើយ អំពីការខ្វែងគំនិតគ្នារវាងរុស្ស៊ី និងឥណ្ឌាជុំវិញ មុខព្រួញជាគន្លឹះៗនៃសហប្រតិបត្តិការ។
អ្នកនាំពាក្យផ្លូវការរបស់ប្រមុខរដ្ឋរុស្ស៊ីលោក Dmitri Peskov ថ្លែងទៅ ពួកអ្នកកាសែតថា ក្នុងរយៈពេលពីរខែដែលនៅសល់ ទៅទល់ថ្ងៃ២៤ ធ្នូ គូភាគី នឹងជាប់ដៃរវល់បង្ហើយឲ្យបានចប់សព្វគ្រប់ រាល់តែចំណុចនៃជំនួបកំពូលនោះ ដើម្បីបំពេញវា ទៅដោយខ្លឹមសារជាអតិបរិមា។ ប៉ុន្តែ ប្រភពដែលជំនិតនឹងរដ្ឋា ភិបាលឥណ្ឌាបានថ្លែងមកកាសែត Kommersant នៃក្រុងម៉ូស្គូថា ការលើកពេល ទស្សនកិច្ចនេះ មិនមែនចៃដន្យទេ ពីព្រោះក្នុងចង្កោមឯកសារដែលត្រូវចុះ ហត្ថលេខានៅមិនទាន់មានឯកសារ ណាមួយដែលមានន័យសំខាន់ជាយុទ្ធសាស្ត្រ ឡើយ។ ចំណែកការពិភាក្សាជុំវិញបញ្ហាសេដ្ឋកិច្ចជាគន្លឹះៗ បែរទៅជាធ្លាក់ ក្នុងភាពទាល់ច្រក។
តាមការវិភាគនៃពួកអ្នកជំនាញបញ្ហាស្មុគស្មាញជាងគេ ដែលកើតឡើងក្នុងសហ ប្រតិបត្តិការរវាងរុស្ស៊ី និងឥណ្ឌា គឺបណ្តាលមកពីការបណ្តេញក្រុមហ៊ុនទូរគម នាគមន៍រុស្ស៊ីចេញពីទីផ្សារឥណ្ឌា។និយាយឲ្យចំគឺការសម្រេចរបស់តុលាការកំពូល ឥណ្ឌាដកអស់២១អាជ្ញាប័ណ្ណ ពីក្នុងចំណោម២២អាជ្ញាប័ណ្ណនៃសាខា ក្រុមហ៊ុនទូរសព្ទដៃរុស្ស៊ីប្រចាំ នៅឥណ្ឌាក្រោមឈ្មោះថា Systema Shyam Teleservices Ltd។ ការទាមទារកាន់តែតឹងតែងឡើង ពីខាងក្រុង New Delhi ចំពោះ សហព័ន្ធរុស្ស៊ីទាក់ទងនឹងការសាងសង់ស្ថានីយអគ្គិសនីបរមាណូ Kudankulam ក្នុងរដ្ឋ Tamil Nadu ប៉ែកខាងត្បូងប្រទេសឥណ្ឌា។
ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរទី១របស់វា ត្រូវសម្ពោធឲ្យដើរ គឺនៅចុងខែវិច្ឆិកា ខាងមុខប៉ុន្តែឥណ្ឌាទាមទារឲ្យបញ្ចូលទៅក្នុងសន្ធិសញ្ញាដែលប្រមើលសង់ ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរទី៣ និងទី៤របស់វា គឺទាំងមាត្រាស្តីអំពីនាទីទទួលខុស ត្រូវផ្នែកសម្ភារៈដោយក្រុមហ៊ុន ដែលម៉ៅការសាងសង់ ក្នុងករណីបើមានគ្រោះ ថ្នាក់កើតឡើង។ ចំណែកម៉ូស្គូ ជំទាស់ដាច់អហង្ការទល់នឹងការបញ្ចូលមាត្រាបែប នេះ។ស្របនឹងកិច្ចព្រមព្រៀងចុះកាលពីខែមិនាឆ្នាំ២០១០រុស្ស៊ីត្រូវសង់នៅឥណ្ឌា សរុបទៅ គឺម៉ាស៊ីនប្រតិករនុយក្លេអ៊ែរចំនួន៦ ដែលនីមួយៗមានកម្លាំងភ្លើង ១.០០០ Megawatt។
នៅទីបំផុត គឺភាពមិនទាន់ច្បាស់លាស់ក្នុងរឿងប្រគល់នាវាផ្ទុកយន្តហោះ រុស្ស៊ីឈ្មោះ“ឧត្តមនាវី Gorshkov“ទៅឲ្យឥណ្ឌា។នាវានេះដែលទិញ ដោយ ឥណ្ឌា ហើយប្រែឈ្មោះទៅជា Vikramaditya ត្រូវរុស្ស៊ីសន្យាផ្ទេរទៅ ឥណ្ឌា តាំងពីឆ្នាំ២០០៨ម៉្លេះ រួចឥឡូវត្រូវរុស្ស៊ីលើកពេលផ្ទេរវារហូតដល់ត្រីមាស ទី៤ ឆ្នាំក្រោយ ឆ្នាំ២០១៣ ឯណោះ៕ ដោយ កែវ ឆាយា (RFI)