ទីក្រុងវ៉ាស៊ីនតោន៖« គ្មាន​ការ​ព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ដើម្បី​បើក​ការចរចា​ទ្វេភាគី​ទេ »

នៅថ្ងៃសៅរ៍ ទី២០ តុលាម្សិលមិញ សហរដ្ឋអាមេរិកបានច្រានចោលព័ត៌មាន មួយចុះផ្សាយដោយកាសែត New York Times ដែលថា ទីក្រុងវ៉ាស៊ីតោន និង អ៊ីរ៉ង់បានព្រមព្រៀងគ្នាដើម្បីបើកកិច្ចចរចាជាលក្ខណៈទ្វេភាគី ស្តីពីកម្មវិធីនុយ ក្លេអ៊ែរអ៊ីរ៉ង់។ ដំណឹងនេះបានកើតមានឡើង ២ថ្ងៃ មុនវេទិកាជជែកដេញដោលគ្នា លើកចុងក្រោយរវាងបេក្ខជនប្រធានាធិបតី អាមេរិក ២រូប គឺលោកបារ៉ាក់ អូបាម៉ា និងលោកមីត រ៉ូមនី។ វេទិកាតស៊ូមតិលើកទី៣ ដែលនឹងផ្តោតសំខាន់លើប្រធានបទ « នយោបាយការបរទេស »។

« វាមិនមែនជារឿងពិតឡើយដែលថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងគ្នា ក្នុងការបើកកិច្ចចរចាទ្វេភាគីនៅក្រោយ ការបោះឆ្នោតប្រធានាធិបតី អាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ » នេះជាការប្រកាសរបស់លោកតូមមី វីទ័រ «(Tommy Vietor) អ្នកនំាពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកំាង។ លោកវីទ័របានបន្ថែមនៅក្នុងសេចក្តីជូនដំណឹងមួយដែលថាទីក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើការងារជាមួយក្រុមប្រទេស៥បូក១ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវ ទូតទាក់ទងនឹងវិបត្តិនុយក្លេអ៊ែរ អ៊ីរ៉ង់។ សម្រាប់លោកវីទ័រ អាមេរិកធ្លាប់បាន បញ្ជាក់រួចហើយថា អាមេរិកបានត្រៀមខ្លួនជានិច្ចក្នុងការជួបជជែកជាលក្ខណៈ ទ្វេភាគី។ យោងតាមអ្នកនំាពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកំាង រូបនេះ ដដែល លោកប្រធានាធិបតីអាមេរិកអូបាម៉ាធ្លាប់បាននិយាយច្បាស់ៗថា លោកនឹងរារំាងមិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត និងថា លោកនឹង ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសម្រេចកិច្ចការនេះឲ្យបាន។

ប្រតិកម្មរបស់អ្នកនំាពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកំាងបានធ្វើ  ឡើ ងបន្ទាប់ពីកាសែត New York Times ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២០ តុលា ម្សិលមិញបានផ្សព្វផ្សាយព័ត៌មានមួយដោយស្រង់សម្តីថ្នាក់ដឹកនំា ក្នុង រដ្ឋបាលអាមេរិកំាងដែលមិនបញ្ចេញឈ្មោះដែលថា អាមេរិក និងអ៊ីរ៉ង់បានព្រម ព្រៀងគ្នាដើម្បីជួបចរចាជាលក្ខណៈទ្វេភាគីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់សាធារ ណរដ្ឋអ៊ីរ៉ង់។ យោងតាមកាសែត New York Times ដដែល កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលនៃកិច្ចសន្ទនាជាសម្ងាត់រវាងទីក្រុងវ៉ាស៊ីតោន និងទីក្រុងតេហេរ៉ង់ និងថា អ៊ីរ៉ង់ចង់ឲ្យរៀបចំការចរចាទ្វេភាគីនេះនៅក្រោយការបោះឆ្នោតប្រធា នាធិបតីអាមេរិកនាថ្ងៃទី៦ វិច្ឆិកាខាងមុខ។

អ្វីជាការកត់សម្គាល់ ព័ត៌មាននេះបានធ្លាយចេញមក ២ថ្ងៃ មុនវេទិកាជជែកដេញ ដោលគ្នាលើកចុងក្រោយរវាងបេក្ខជនប្រធានាធិបតី អាមេរិក លោកបារ៉ាក់ អូបាម៉ា និងលោកមីត រ៉ូមនី។ វេទិកាជជែកដេញដោលគ្នាលើកទី៣ និងជាលើក ចុងក្រោយដែលត្រូវផ្តោតសំខាន់លើប្រធានបទ«នយោបាយការបរទេស»។លោក មីត រ៉ូមនីធ្លាប់បានចោទលោកបារ៉ាក់ អូបាម៉ាថា គ្មានសមត្ថភាពក្នុងការ ដោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់។សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលកិច្ច ចរចារវាងអ៊ីរ៉ង់ និងក្រុមប្រទេស ៥បូក១ មានអាមេរិក ចិន បារំាង អង់គ្លេស រុស្ស៊ី និងប្រទេសអាល្លឺម៉ង់កំពុងជាប់គំាងរហូតមកដល់ពេលនេះ។

សូមជម្រាបជូនថា អ៊ីរ៉ង់ធ្លាប់បានបញ្ជាក់ជារឿយៗថា កម្មវិធីនុយក្លេអ៊ែររបស់ ខ្លួនមានគោលដៅស៊ីវិលសុទ្ធសាធ តែក្រុមប្រទេសលោកខាងលិច និងអ៊ីស្រា អែលមិនជឿ និងបានចោទអ៊ីរ៉ង់ថាបាននិងកំពុងពួនសំងំផលិតគ្រាប់បែបបរមាណូ៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close