ប៉ូលិស​កូរ៉េ​ខាង​ត្បូង​រារាំង​មិនឲ្យ​សកម្មជន​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​កូរ៉េ​ខាង​ជើង

នៅថ្ងៃចន្ទនេះ ប៉ូលិសកូរ៉េខាងត្បូងបានរារាំងសកម្មជនមិនឲ្យបង្ហោះប៉េង ប៉ោងដែលមានខិត្តប័ណ្ណប្រឆាំងនឹងរបបដឹកនាំកូរ៉េខាងជើង ក្រោយពីកូរ៉េខាង ជើងបានព្រមានប្រើកម្លាំងទ័ពវាយប្រហារលើទីតាំង បង្ហោះសារ។ ការរារាំងមិនឲ្យ បង្ហោះខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងជើងនេះគឺជារឿងដ៏កម្រនឹងឃើញមាននៅ ក្នុងអាណត្តិរបស់លោកប្រធានាធិបតី លី ម្យ៉ុងបាក់ ហើយក្រុមសកម្មជនបានរិះ គន់លោកលី ម្យ៉ុងបាក់ថាជាមនុស្សកំសាក ខ្លាចការគំរាមរបស់កូរ៉េខាងជើង។

គម្រោងបង្ហោះខិត្តប័ណ្ណឃោសនាប្រឆាំងនឹងរបបកុម្មុយនិស្តក្រុងព្យុង យ៉ាង ត្រូវបានរៀបចំធ្វើឡើងដោយសកម្មជន ដែលជាជនភៀសខ្លួនពីកូរ៉េ ខាងជើង ហើយកំពុងរស់នៅជ្រកកោន ក្នុងប្រទេសកូរ៉េខាងត្បូង។ ពួកគេគ្រោង បង្ហោះប៉េងប៉ោងផ្ទុកខិត្តប័ណ្ណប្រមាណជា ២០ម៉ឺនសន្លឹក ដែលមានអត្ថ ន័យបរិហារអំពីរបបដឹកនាំផ្តាច់ការបន្តត្រកូលរបស់កូរ៉េ ខាងជើង ហើយអំពាវនាវឲ្យ ប្រជាជនកូរ៉េខាងជើងងើបឡើងប្រឆាំងនឹងរបបផ្តាច់ការនេះ។ ខិត្តប័ណ្ណទាំងនេះក៏ មាន សរសេរអំពីចលនាបះបោររបស់ប្រជាជននៅតាម បណ្តាប្រទេសអារ៉ាប់ផង ដែរ។

តាមគម្រោងខិត្តប័ណ្ណទាំងនេះត្រូវបង្ហោះចេញពីភូមិមួយជាប់នឹងព្រំដែន។ ក៏ ប៉ុន្តែនៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ប៉ូលិសកូរ៉េខាងត្បូងបានដាក់របាំងបិទផ្លូវ នៅ ចម្ងាយប្រមាណជា ៤គីឡូម៉ែត្រពីទីតាំងបង្ហោះ ដើម្បីរារាំងសកម្មជនប្រឆាំងកូរ៉េ ខាងជើង។

មន្រ្តីប៉ូលិសកូរ៉េខាងត្បូងបានអះអាងថា ការរារាំងមិនឲ្យបង្ហោះខិត្តប័ណ្ណ នេះត្រូវបានធ្វើឡើង ដោយមានការបារម្ភអំពីសន្តិសុខ ដោយសារតែ កាលពីថ្ងៃ សុក្រកូរ៉េខាងជើងបានប្រកាសគំរាមថា ឲ្យតែមានខិត្តប័ណ្ណណាមួយហោះឆ្លង ព្រំដែន ចូលទៅខាងទឹកដីកូរ៉េខាងជើង កងទ័ពកូរ៉េខាងជើងនឹងបើកការវាយប្រហារទៅ លើទីតាំងបង្ហោះខិត្តប័ណ្ណ នេះភ្លាម។

គួរបញ្ជាក់ថាកន្លងមកការបង្ហោះខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងជើងនេះធ្លាប់ ត្រូវបានធ្វើជាច្រើនលើករួចមកហើយ។ កូរ៉េខាងជើងក៏តែងតែបញ្ចេញប្រតិកម្ម ថ្កោល ទោសចំពោះទង្វើនេះដែរ ក៏ប៉ុន្តែ មិនដែលគំរាមច្បាស់ៗថានឹងបើកការវាយប្រហារ ទៅលើទីតាំងបង្ហោះ ខិត្តប័ណ្ណ ដូចជា ពេលនេះទេ។

ពីខាងកូរ៉េខាងត្បូងវិញ រដ្ឋាភិបាលក៏តែងតែបានព្យាយាមរារាំងមិនឲ្យបង្ហោះ ខិត្តប័ណ្ណនេះដែរនាពេលកន្លងមកក៏ប៉ុន្តែការរារាំងរហូតដល់ទៅ ដាក់ពង្រាយ កម្លាំងប៉ូលិស បិទផ្លូវមិនឲ្យសកម្មជនចូលទៅក្បែរព្រំដែនដូចថ្ងៃនេះ គឺជា រឿងដែលកម្រនឹងឃើញមាន។ ជាពិសេស វាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ ដែលកូរ៉េខាងត្បូងចាត់វិធានការតឹងរ៉ឹងបែបនេះ នៅក្រោមអាណត្តិរបស់លោកលី ម្យ៉ុងបាក់ ដែលតែងតែប្រកាន់យកជំហរតឹងរ៉ឹងចំពោះកូរ៉េខាងជើង។

សកម្មជន ដែលជាអ្នករៀបចំការបង្ហោះខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងជើង នៅថ្ងៃនេះ បានរិះគន់លោកលី ម្យ៉ុងបាក់ថា ជាមេដឹកនាំដ៏កំសាកដែលចាញ់ការ គំរាមរបស់កូរ៉េខាងជើង។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយឲ្យដឹងថា នៅក្រោយ ពីមានការគំរាមរបស់កូរ៉េខាងជើង កងទ័ពកូរ៉េខាងត្បូងត្រូវបានដាក់ឲ្យស្ថិតក្នុង លក្ខណៈប្រុងជើងការកម្រិតខ្ពស់ហើយកងរថក្រោះនិងកងកាំភ្លើងធំមួយចំនួនក៏ត្រូវ បានកូរ៉េខាងត្បូងដាក់ពង្រាយបន្ថែមទៅកាន់តំបន់ព្រំដែនដែរ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close