ចិនដំឡើងសាច់ដុំយោធាក្នុងពេលមានជម្លោះដណ្តើមកោះជាមួយជប៉ុន
ចិនបានប្រកាសធ្វើសមយុទ្ធទ្រង់ទ្រាយ ធំមួយ នៅថ្ងៃសុក្រនេះ នៅក្នុងសមុទ្រ ចិនខាងកើត។ សមុទ្រចិនខាងកើត ដែលមានប្រជុំកោះជាប់ជម្លោះជាមួយជប៉ុន។ សមយុទ្ធនេះត្រូវបានគេមើលឃើញថាជាការបង្ហាញសាច់ដុំខាងផ្នែកយោធា ដាក់ ជប៉ុនហើយទំនងជានឹងធ្វើឲ្យជម្លោះព្រំដែនជាមួយជប៉ុន កាន់តែមានភាពតានតឹង ខ្លាំងឡើងថែមទៀត។
ដំណឹងស្តីពីការធ្វើសមយុទ្ធនេះ ទើបនឹងត្រូវបានរដ្ឋាភិបាលចិនប្រកាសឲ្យដឹង កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប៉ុណ្ណោះ ដោយប្រកាសឲ្យដឹងតាម រយៈទីភ្នាក់ងារព័ត៌មានស៊ីនហួ ដែលជាទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ។
នៅក្នុងសេចក្តីប្រកាសនេះ ចិនមិនបានបញ្ជាក់ពីពេលវេលា និងទីតាំងច្បាស់ លាស់នៃសមយុទ្ធនេះទេ គឺគ្រាន់តែឲ្យដឹងថា សមយុទ្ធនេះនឹងធ្វើនៅថ្ងៃសុក្រ នៅក្នុងសមុទ្រចិនខាងកើត។ ចំពោះចំនួន និងប្រភេទទ័ពវិញ បញ្ជាការដ្ឋានកង ទ័ពជើងទឹកចិនបានឲ្យដឹងថា សមយុទ្ធនេះនឹងមានការចូលរួមដោយយន្តហោះ ចម្បាំងចំនួន ៨គ្រឿង ព្រមទាំងនាវា ១១គ្រឿង (ដែលខ្លះជានាវាចម្បាំង ខ្លះជា នាវា ល្បាតដែនសមុទ្រ និងខ្លះទៀតជានាវារបស់ទីភ្នាក់ងារជលផល)។
ចិនក៏បានបញ្ជាក់ផងដែរថា គោលដៅចម្បងនៃសមយុទ្ធនេះ គឺដើម្បីបង្កើន សមត្ថភាពរបស់កងទ័ពជើងទឹកចិនក្នុងការការពារអធិបតេយ្យភាពដែនដី និងការពារ ផលប្រយោជន៍របស់ចិន នៅក្នុងដែនសមុទ្រ។
សមយុទ្ធទ័ពជើងទឹកនេះ គឺជាវិធានការថ្មីមួយទៀតរបស់ចិន ដើម្បីជាការបង្ហាញ សាច់ដុំដាក់ជប៉ុន នៅក្នុងពេលដែលប្រទេសទាំងពីរកំពុងតែប្រឈមមុខដាក់គ្នា ដោយសារតែជម្លោះដណ្តើមប្រជុំកោះ។ ប្រសិនបើសមយុទ្ធទ័ពជើងទឹកចិនថ្ងៃ សុក្រនេះ ធ្វើឡើងនៅក្នុង ឬនៅក្បែរដែនទឹក ជុំវិញប្រជុំកោះដែលជាប់ជម្លោះ នេះ វាអាចនឹងធ្វើឲ្យជម្លោះនេះរាលដាលកាន់តែខ្លាំងថែមទៀត ដែលកាន់តែ ពិបាកក្នុងការដោះស្រាយ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ បណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុករបស់ជប៉ុន បានផ្សព្វផ្សាយថា ជប៉ុន និងអាមេរិកក៏គ្រោងនឹងរៀបចំធ្វើសមយុទ្ធ រួមគ្នា មួយដែរ នៅខែក្រោយនេះ។សមយុទ្ធអាមេរិកនិងជប៉ុននេះ គ្រោងនឹងធ្វើនៅ អូគី ណាវ៉ាដែលនៅមិនឆ្ងាយប៉ុន្មានពីប្រជុំកោះជាប់ជម្លោះហើយក្នុងសមយុទ្ធ នេះទាហានអាមេរិកនិងទាហានជប៉ុនក៏នឹងធ្វើការហាត់សមផងដែរអំពីប្រតិបត្តិការវាយ ដណ្តើមយកកោះ ដែលត្រូវទ័ពបរទេសឈ្លានពានកាន់កាប់។ ទាំងនេះសុទ្ធសឹង តែជាវិធានការ ដែលអាចនាំទៅការរាលដាលនៃជម្លោះ ជាជាងការបន្ធូរបន្ថយ ភាពតានតឹង រវាងចិន និងជប៉ុន៕ ដោយ សេង ឌីណា (RFI)