UN ចេញរបាយការណ៍ស្តីពីផលប៉ះពាល់នៃការរើសអើងអ្នករកស៊ីផ្លូវភេទ
ដោយ៖ ហេង នាង
Cambodia News
អង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយស្តីពី ផលប៉ះពាល់នៃការរើសអើងចំពោះអ្នករកស៊ីផ្លូវភេទ និងការចម្លងមេរោគអេដស៍នៅក្នុងប្រទេសអាស៊ីចំនួន ៤៨ ។ អង្គការសហប្រជាជាតិ បានសាកសួរអ្នករកស៊ីផ្លូវភេទទាំងបុរស ទាំងស្ត្រីនៅក្នុងប្រទេសអាស៊ី ៤៨ ដើម្បីអាចឈានទៅរកការកំណត់ច្បាប់ ស្តីពី ការរកស៊ីផ្លូវភេទ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានទាញសេចក្តីសន្និដ្ឋានមួយ ដោយត្រូវដាក់ការងាររកស៊ីផ្លូវភេទជាការងារស្របច្បាប់ ព្រោះទីណា ដែលមានការហាមប្រាម ទីនោះ នាំឲ្យមានការឆ្លងមេរោគអេដស៍កាន់តែច្រើន។
សកម្មជនមួយរូបការពារអ្នករកស៊ីផ្លូវភេទរបស់អង្គការសហប្រជាជាតិ លោកស្រី Noi Chantawipa Apisuk បានអំពាវនាវកុំឲ្យមានការរើសអើងចំពោះអ្នករកស៊ីផ្លូវភេទ ព្រោះការងាររបស់អ្នករកស៊ីផ្លូវភេទទាំងអស់គឺមិនមែនដើម្បីសប្បាយនោះទេ គឺដើម្បីយកមកផ្គត់ផ្គង់គ្រួសារ ដូច្នេះពួកគេគួរតែត្រូវបានការពារដោយច្បាប់។
ស្ត្រីអ្នករកស៊ីផ្លូវភេទបាននិយាយថា ពួកគេមិនដែលត្រូវបានការពារម្តងណានោះទេ គឺមានតែការមើលងាយមើលថោកតែប៉ុណ្ណោះ។ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា បើយើងរកស៊ីផ្លូវភេទ វាជាសិទ្ធិរបស់ពួកអ្នករកស៊ីផ្លូវភេទ មួយទៀតយើងត្រូវគិតថា ការងារលក់ខ្លួនគឺគ្នាននរណាចង់ធ្វើនោះទេ៕