រដ្ឋមន្រ្តីនិងសមាជិកសភាជប៉ុនទៅបួងសួងនៅវិហារយ៉ាស៊ូគូនីដ៏ចម្រូងចម្រាស
បន្ទាប់ពីលោកស្ហ៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន កាល ពីថ្ងៃពុធម្សិលមិញ នៅថ្ងៃនេះ សមាជិករដ្ឋាភិបាលបច្ចុប្បន្ន ចំនួន២រូប រួម ទាំងសមាជិកសភាជាង ១០រូបផ្សេងទៀត បាននាំគ្នាធ្វើដំណើរទៅធ្វើការបួងសួង គោរពវិញ្ញាណក្ខន្ធ នៅវិហារយ៉ាស៊ូគូនី ដែលជាទីកន្លែងដ៏ចម្រូងចម្រាស បំផុតក្នុងទំនាក់ទំនងរវាងជប៉ុន និងប្រទេសជិតខាង គឺចិន និងកូរ៉េ។ ទាំងចិន និងទាំង កូរ៉េខាងត្បូងសុទ្ធតែបាននាំគ្នាបញ្ចេញប្រតិកម្មដោយកំហឹងតបនឹងដំណើរ ទៅកាន់វិហារយ៉ាស៊ូគូនី របស់លោកស្ហ៊ីនហ្សូ អាបេ កាលពីម្សិលមិញ។
រដ្ឋមន្រ្តីជប៉ុនទាំង២រូបដែលបានធ្វើដំណើរទៅបួងសួងនិងគោរពវិញ្ញាណក្ខន្ធ នៅវិហារយ៉ាស៊ូគូនី រួមជាមួយនឹងសមាជិកសភានៅថ្ងៃព្រហស្បតិ៍នេះគឺរួមមាន រដ្ឋមន្រ្តីក្រសួងគមនាគមន៍និងរដ្ឋមន្រ្តីទទួលបន្ទុកកំណែទម្រង់វិស័យប្រៃសណីយ៍ ។
កាលពីថ្ងៃពុធម្សិលមិញនេះលោកស្ហ៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន និងជាមេដឹកនាំបក្សប្រឆាំង ដែលត្រូវបានគេប្រមើលមើលថាទំនងជានឹងអាចជាប់ ឆ្នោតជា នាយករដ្ឋមន្រ្តី នៅក្នុងការបោះឆ្នោតឆាប់ៗខាងមុខនេះ ក៏បាន ធ្វើដំណើរទៅគោរពវិញ្ញាណក្ខខន្ធទាហាន នៅយ៉ាស៊ូគូនីនេះដែរ ដែលជា ហេតុបណ្តាលឲ្យមានប្រតិកម្មតបវិញភ្លាមៗ ពីចិន។ បណ្តាញសារព័ត៌មានចិន ស៊ីនហួដែលជាបណ្តាញសារព័ត៌មានរបស់រដ្ឋបានសរសេរថា“ដំណើរទៅកាន់ វិហារ យ៉ាស៊ូគូនី របស់លោកស្ហ៊ីនហ្សូ អាបេ គឺជាការឆ្កឹះដំបៅចាស់ឲ្យ រើឡើង វិញ ហើយកំពុងតែបំពុលទំនាក់ទំនងទ្វេភាគី រវាងចិន និងជប៉ុន ដែលកំពុងតែផុយស្រួយ ស្រាប់ឲ្យកាន់តែធ្លាក់ដុនដាបកាន់តែខ្លាំងឡើងថែមទៀត”។
នៅទីក្រុងសេអ៊ូលវិញ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងក៏បានបញ្ចេញ ប្រតិកម្ម ដែរ នៅថ្ងៃព្រហស្បតិ៍នេះ ចំពោះដំណើររបស់លោកស្ហ៊ីនហ្សូ អាបេ ទៅកាន់វិហារយ៉ាស៊ូគូនី ដែលកូរ៉េខាងត្បូងចាត់ទុកថាជានិមិត្តរូបនៃសង្រ្គាម ឈ្លានពាន និងរបបយោធានិយមរបស់ជប៉ុន។
គួរបញ្ជាក់ថា វិមានយ៉ាស៊ូគូនី ស្ថិតនៅកណ្តាលទីក្រុងតូក្យូ គឺជាទីតាំង បញ្ចុះសពរបស់អតីតទាហានជប៉ុន ប្រមាណជា ២លាននាក់កន្លះ ដែលបានបាត់បង់ ជីវិតក្នុងសង្រ្គាម ដែលក្នុងចំណោមនោះ មានសាកសពអតីតមេទ័ពជប៉ុន ១៤រូប ដែលត្រូវបានកាត់ឲ្យជាប់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម ក្នុងសង្រ្គាមលោក លើកទី២។ ហេតុដូច្នេះហើយបានជាចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលធ្លាប់ ត្រូវជប៉ុនឈ្លានពាន ក្នុងសម័យសង្រ្គាមលោក តែងតែតវ៉ានឹងការដែលមន្រ្តី ជាន់ខ្ពស់ជប៉ុននាំគ្នាទៅគោរពវិញ្ញាណក្ខន្ធនៅវិហារយ៉ាស៊ូគូនី ដោយ គេយល់ថាវាជាការប្រមាថទៅដល់ព្រលឹងពលរដ្ឋរបស់ពួកគេដែលរងគ្រោះដោយ អំពើរបស់ទាហានជប៉ុន ដែលបញ្ចុះនៅទីនោះ។
កន្លងមក លោកនាយករដ្ឋមន្រ្តីជប៉ុន យ៉ូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) តែងតែបានព្យាយាមចៀសវាងមិនទៅបៀតវិហារយ៉ាស៊ូគូនីនេះទេហើយក៏តែង តែបានប្រាប់ទៅសមាជិករដ្ឋាភិបាលឲ្យធ្វើតាមគំរូរបស់លោក ដើម្បីចៀសវាង ប៉ះពាល់ទៅដល់ទំនាក់ទំនងជាមួយប្រទេសជិតខាង។ ក៏ប៉ុន្តែ ទោះជាយ៉ាង នេះក៏ដោយ គេតែងតែឃើញមានសមាជិករដ្ឋាភិបាលខ្លះ នៅតែនាំគ្នាទៅ គោរព វិញ្ញាណក្ខខន្ធទាហាន នៅយ៉ាស៊ូគូនី។
នៅថ្ងៃព្រហស្បតិ៍នេះ លោកអូសាមូ ហ្វ៊ូជីមូរ៉ា (Osamu Fujimura) រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន បានថ្លែងថា ដំណើរទៅកាន់វិហារ យ៉ាស៊ូគូនីរបស់រដ្ឋមន្រ្តី និងសមាជិកសភា នៅថ្ងៃនេះ គឺធ្វើឡើង ក្នុងក្រប ខ័ណ្ឌជាឯកជនតែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធនឹងនយោបាយរបស់រដ្ឋាភិបាល ជប៉ុននោះទេ៕ដោយ សេង ឌីណា (RFI)