នាយករដ្ឋមន្រ្តីថៃបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះកំហុសអចេតនារបស់អ្នកយកព័ត៌មានថៃប៉ុស្តិ៍លេខ៣។
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ បន្ទាប់ពីមានការលេចចេញនូវរូបភាពព្រះបរមឆាយាលក្ខណ៍របស់ សម្តេចព្រះនរោត្តម សីហនុ នៅក្បែរជើងរបស់អ្នករាយការណ៍ព័ត៌មានប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ លេខ៣ថៃ កញ្ញា ឋបនីយ៍ អៀតស៊ីថៃ នៅថ្ងៃទី១៨ តុលា ២០១២ នាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាបានទូរស័ព្ទជាបន្ទាន់មក លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសូមការយោគយល់ និងបញ្ជាក់ពីការសោក ស្តាយយ៉ាងខ្លាំងចំពោះកំហុសអចេតនារបស់ស្រ្តីអ្នកយកព័ត៌មានមកពីទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៣។
តាមប្រភពព័ត៌មានពិត បានឱ្យដឹងថា ដំបូងឡើយអ្នករាយការណ៍ព័ត៌មានទូរទស្សន៍ថៃ បានខ្ចីកាសែតមួយពីអ្នកសារព័ត៌មានខ្មែរម្នាក់ ដើម្បីយកទៅមើលអំពីជីវប្រវត្តិរបស់ សម្តេចព្រះនរោត្តម សីហនុ ។ បន្ទាប់មកអ្នកសារព័ត៌មានថៃរូបនោះ បានចាប់ផ្តើមធ្វើសេចក្តីរាយការណ៍ព័ត៌មាន អំពីទិដ្ឋភាពទូទៅនៃព្រះរាជពិធីបុណ្យព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ ។
នៅក្នុងខណៈនោះ អ្នកសារព័ត៌មានរូបនេះក៏បានដាក់កាសែត ព្រមទាំងសៀវភៅកំណត់ត្រា និងទូរស័ព្ទដៃរបស់ ខ្លួននៅផ្ទាល់ដី ដើម្បីធ្វើសេចក្តីរាយការណ៍។ ក្រោយមក នៅពេលរសៀល ស្រាប់តែមានព័ត៌មាន ដែលមានរូបព្រះឆាយាលក្ខណ៍ព្រះមហាវីរក្សត្រ នៅក្បែរជើងអ្នកព័ត៌មានរូបនោះ ដែលត្រូវបានបង្ហោះតាម Facebook។
ទន្ទឹមគ្នានេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៨ ខែតុលា នេះបានចេញ សេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ ដើម្បីបញ្ជាក់ទៅសាធារណជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ កុំឲ្យមានការ ភ័ន្តច្រឡំកាន់តែខ្លាំង ចំពោះកំហុសអចេតនារបស់អ្នក យកព័ត៌មានមកពីទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ខាងលើនេះ ដើម្បីកុំឲ្យមានភាពមិនប្រក្រតីសាឡើងវិញ នៃទំនាក់ទំនងកម្ពុជា-ថៃ៕