ប្រធានាធិបតី ថេន សេន ជាប់ឆ្នោតជាប្រធានបក្សកាន់អំណាច
លោក ថេន សេន ជាប្រធានាធិបតីផង និងជាប្រធានបក្សកាន់អំណាច « គណបក្ស សាមគ្គី និងអភិវឌ្ឍសហភាព USDP” ! ជាលទ្ធផលដ៏ភ្ញាក់ផ្អើល ព្រោះនៅមុន ពេលបើកសមាជបក្សអ្នកដែលគេប្រមើលឃើញថាសក្តិសមមានប្រជាប្រិយភាពខ្លាំង អាចនឹងជាប់ឆ្នោតជាប្រធានបក្ស គឺលោក ស្វេ ម៉ាន់ (Shwe Mann)។ ក្រោយ សមាជ លោក ស្វេ ម៉ាន់ បានជាប់ឆ្នោតជាអនុប្រធានបក្ស ប៉ុន្តែកាន់តួនាទីជា ប្រធានបក្សស្តីទី។
គណបក្សសាមគ្គីនិងអភិវឌ្ឍសហភាព (USDP) ដែលមានអាយុទើបជាងពីរឆ្នាំ ប៉ុណ្ណោះ ពោលគឺទើបត្រូវបង្កើតឡើង នៅពេលក្រុមអ្នកកាន់អំណាចយោធា បានសម្រេចដោះឯកសណ្ឋានទ័ពចេញមកដឹកនាំប្រទេសជាលក្ខណៈស៊ីវិលចាំបាច់ ត្រូវធ្វើសមាជជាលើកដំបូងនេះដើម្បីផ្តល់កម្លាំង និងរកយុទ្ធសាស្ត្រថ្មីឱ្យបក្ស ដែលកំពុងបាត់បង់ប្រជាប្រិយភាពជា លំដាប់។
កាលពីសម័យបោះឆ្នោតសភាមួយភាគ នៅខែមេសាឆ្នាំ២០១២កន្លងទៅ នេះ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី ដែលជាគណបក្សប្រឆាំង បានក្រសោបយកជ័យជំនះស្ទើរតែទាំង ស្រុងដោយដណ្តើមអាសនៈសភាបាន៤៣កៅអីក្នុងចំណោម៤៤កៅអី។បរាជ័យ ដ៏ធ្ងន់ធ្ងរនេះបានធ្វើឱ្យគណបក្សកាន់អំណាចUSDP ដែលបាននិងកំពុងជួបវិបត្តិ ស្រេចទៅហើយនោះ ត្រូវរិះរក និងកែខែរកយុទ្ធសាស្ត្រថ្មីត្រៀមស្តារកិត្តិយ សឡើង វិញទៅក្នុង សម័យបោះឆ្នោតជាតិ ឆ្នាំ២០១៥។
ជ្រើសរើសលោកប្រធានាធិបតី ថេន សេន ជាប្រធានបក្ស និង តួនាទីអនុប្រធានគណ បក្សដល់ លោក ស្វេ ម៉ាន់ប្រធានរដ្ឋសភា គូប្រជែង ដូច្នេះ បញ្ជាក់យ៉ាង ច្បាស់អំពីគោលជំហររបស់សមាជិកជាន់ខ្ពស់បក្សក្នុងការបន្ធូរបន្ថយសម្ពាធ នយោបាយផង និងដើម្បីរក្សាទំនាក់ទំនងល្អរវាងអំណាចប្រតិបត្តិនិងគណបក្ស USDP ផង។
ប្រឈមនឹងប្រជាប្រិយភាពគ្មានប្រៀបរបស់លោកស្រី អ៊ុង សានស៊ូជី នៅពេល បោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៥ គណបក្សសាមគ្គីនិងអភិវឌ្ឍសហភាព ត្រូវតែបញ្ចេញទេពកោសល្យនយោបាយ ភាពប៉ិនប្រសប់និងយុទ្ធសាស្ត្រថ្មី ពិតៗ ដើម្បីរក្សាអំណាច ដោយមិនងាកទៅប្រើយុទ្ធសាស្ត្រចាស់ ដូចជាចំណាយ ថវិកា ហិរញ្ញវត្ថុយ៉ាងសម្បើម ឬបង្កបង្កើតភាពមិនប្រក្រតី លួចបន្លំសន្លឹក ឆ្នោត ឬប្រើការគំរាមកំហែង ដូចកាលពីពីរឆ្នាំមុនទៀត៕ដោយ អៀង សុខម៉ិញ (RFI)