​អង្គការភ្លែនអន្តរជាតិកម្ពុជា​​​​​រៀបចំ​ពិធីផ្សព្វផ្សាយ​​យុទ្ធនាការ​​​ដោយសារ​​ខ្ញុំជាក្មេងស្រី

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖  អង្គការភ្លែនអន្តរជាតិកម្ពុជាដែលធ្វើការផ្តោតការយកចិត្តទុកដាក់លើកុមារនៅក្នុងប្រទេសកម្ពុជានោះនៅថ្ងៃទី១១ តុលា ២០១២ នេះ បានសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជននិងកីឡា និងក្រុមប្រឹក្សាជាតិដើម្បីកុមាររៀបចំដាក់សម្ភោធយុទ្ធនាការមួយដែលមានឈ្មោះថា «ដោយសារខ្ញុំជាកុមារី»។

លោក Supriyanto នាយកប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជាឡើងមានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការដោយសារខ្ញុំជាក្មេងស្រី (រូប ហេង នាង)

ការដាក់នូវយុទ្ធនាការផ្សព្វផ្សាយ «ដោយសារខ្ញុំជាកុមារី» នេះគឺធ្វើឡើងដើម្បីជំរុញឲ្យមានការយកចិត្តទុកដាក់ និងផ្តល់អាទិភាពបន្ថែមទៀតក្នុងការលើកកម្ពស់គុណភាពអប់រំសម្រាប់កុមារីដែលជាកត្តាចាំបាច់ក្នុងការដោះស្រាយភាពក្រីក្រនៅក្នុង ប្រទេសកម្ពុជា។

ថ្លែងនៅក្នុងពិធីនោះ លោក Supriyanto នាយកប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា យើងទាំងអស់គ្នា ចាំបាច់ត្រូវស្វែងរកដំណោះស្រាយពិតប្រាកដ ដើម្បីធានាថា កុមារីនឹងមានឱកាសក្នុងជីវិតដូចគ្នា និងកុមារាដែរ។

លោក Supriyanto បានបន្ត កុមារីគ្រប់រូបត្រូវមានឱកាសបញ្ជប់ការអប់រំ និងធ្វើការជ្រើរើសនូវជម្រើសនានាសម្រាប់អនាគតរបស់ពួកគេ។ តាមការប៉ាន់ប្រមាណ មានកុមារីចំនួន ៧៥ លាននាក់ ក្នុងពិភពលោកដែលមិនបានចូលសិក្សារៀនសូត្រ ដែល ជាការរំលោភសិទ្ធិដ៏ធ្ងន់ធ្ងរមួយ ហើយគឺជាការបាត់បង់ដ៏ធំធេងមួយនៃសក្តានុពលរបស់យុវជន។

លោក ជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី អញ្ចើញចែកអំណោយលើកទឹកចិត្តដល់ប្អូនៗដែលជាកុមារី នៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការដោយសារខ្ញុំជាក្មេងស្រី
(រូប ហេង នាង)

ជាមួយគ្នានោះដែរលោក ជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានលើកឡើងថា ដើម្បីឲ្យយុទ្ធនាការ ដោយ សារខ្ញុំជាកុមារី ទទួលបានលទ្ធផលក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជា បានធ្វើការសិក្សារួមគ្នាមួយពីការកើត ឡើងបញ្ហា យេនឌ័រក្នុងចំណោមស្រ្តី កុមារីនិងយុវជននៅក្នុងប្រទេសកម្ពុជា និងផ្តោតការយកចិត្តទុកដាក់លើការអប់រំលើក កុមារីក្នុងពិភពលោកទាំងមូល។

គួរបញ្ជាក់ថា កន្លងមកអង្គការភ្លែនអន្តរជាតិកម្ពុជាបានអនុវត្តយុទ្ធនាការ «ដោយសារខ្ញុំជាកុមារី» ដើម្បីជួយដល់កុមារីចំនួន ៤ លាននាក់ដែលកំពុងរស់នៅក្នុងភាពក្រីក្រក្នុងពិភពលោក រួមទាំងកុមារីវ័យជំទង់រាប់មិនអស់ ដែលបានបង្ខំចិត្ត បោះបង់ចោល សាលារៀន ត្រូវបានគេបដិសេធសិទ្ធិក្នុងការទទួលបានការអប់រំ ដោយការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ ដោយរងនូវអំពើ ហឹង្សា ការរើសអើងនិង ភាពក្រីក្រ។ យុទ្ធនាការនេះនឹងបន្តររហូតដល់ឆ្នាំ២០១៦ ដើម្បីជួយដល់កុមារីរាប់លាននាក់ តាមរយៈ ការផ្លាស់ប្តូរក្នុងការតាត់តែងច្បាប់និងគោលនយោបាយ៕

Related Articles

Back to top button
Close
Close