ក្រិករឹតបន្តឹងសន្តិសុខសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់
លោកស្រីអង់ហ្កេឡា មែរកិល (Angela Merkel) ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បាន មកដល់ប្រទេសក្រិក នៅរសៀលថ្ងៃអង្គារនេះ នៅក្នុងដំណើរទស្សនកិច្ចជា លើកដំបូងបំផុត ចាប់តាំងពីក្រិកធ្លាក់ក្នុងវិបត្តិប្រាក់បំណុល។ នៅក្នុងអំឡុង ដំណើរទស្សនកិច្ចនេះ អាជ្ញាធរក្រិកបានចេញបម្រាមមិនឲ្យមានការធ្វើបាតុកម្ម នៅតាមទីតាំងសំខាន់ៗមួយចំនួនហើយសន្តិសុខក៏ត្រូវបានរឹតបន្តឹងក្នុងកម្រិតខ្ពស់ បំផុតដែរ។
ចាប់តាំងពីក្រិកធ្លាក់ក្នុងវិបត្តិប្រាក់បំណុលមក អាល្លឺម៉ង់ គឺជាប្រទេសដែលបាន ចេញលុយច្រើនជាងគេបំផុត ដើម្បីជួយក្រិក។ ក៏ប៉ុន្តែ លោកស្រីអង់ហ្កេឡា មែរកិល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់គឺជាប្រមុខដឹកនាំដែលប្រជាជនក្រិកស្អប់ជាងគេដោយ សារតែពួកគេយល់ថា គឺលោកស្រីមែរកិលនេះហើយ ដែលជាមេគំនិត ដាក់គំនាបឲ្យ រដ្ឋាភិបាលក្រិកអនុវត្តនយោបាយត្បិតត្បៀតការចំណាយ បង្កើនពន្ធដារ និង កាត់បន្ថយប្រាក់ខែមន្រ្តីរដ្ឋការ។ ជារៀងរាល់ពេល ដែលប្រជាជនក្រិកនាំគ្នា ធ្វើបាតុកម្មប្រឆាំងនឹងការកាត់បន្ថយការចំណាយសាធារណៈគេតែងតែសង្កេតឃើញ មានបាតុករខ្លះនាំគ្នាលើកបដា ឬស្រែកប្រឆាំងនឹងលោកស្រីមែរកិល។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ នៅ ថ្ងៃអង្គារនេះក្រុមសហជីពក្រិកក៏គ្រោងនឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការអនុវត្ត នយោបាយត្បិតត្បៀតថវិកានេះដែរ។ក៏ប៉ុន្តែ អាជ្ញាធរក្រិកបានចេញបម្រាមមិន ឲ្យមានបាតុកម្មនៅតាមទីតាំងសំខាន់ៗមួយចំនួន ដូចជានៅមុខស្ថានទូត អាល្លឺម៉ង់និងនៅតាមកន្លែងផ្សេងទៀត ដែលលោកស្រីមែរកិលត្រូវមានវត្ត មាន ឬនៅក្បែរផ្លូវ ដែលក្បួនរថយន្តរបស់លោកស្រីមែរកិលត្រូវឆ្លងកាត់។
ប៉ូលិសប្រមាណជា ៦ពាន់ ៥រយនាក់ អមដោយឡានបាញ់ទឹក និងឧទ្ធម្ភាគចក្រផង ត្រូវបានរដ្ឋាភិបាលក្រិកដាក់ពង្រាយដើម្បីរក្សាសន្តិសុខ ក្នុងអំឡុងដំណើរទស្សន កិច្ច រយៈពេល ៦ម៉ោងនេះ ដែលលោកស្រីមែរកិលត្រូវជួបជាមួយលោកអន់តូនីស សាម៉ារ៉ាស់ (Antonis Samaras) នាយករដ្ឋមន្រ្តីក្រិក និងលោកប្រធានាធិបតី ការ៉ូឡូស ប៉ាពូល្យ៉ាស់ (Carolos Papoulias)។
គួរបញ្ជាក់ថា ចាប់តាំងពីពេលក្រិកធ្លាក់ក្នុងវិបត្តិបំណុលមក លោកស្រីមែរកិល មិនដែលទៅបំពេញទស្សនកិច្ចនៅប្រទេសក្រិកទេ។ មន្រ្តីអ្នកនាំពាក្យរដ្ឋា ភិបាលអាល្លឺម៉ង់បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកស្រីមែរកិល នៅ ពេលនេះ គឺធ្វើឡើង ក្នុងគោលដៅបង្ហាញការគាំទ្រដល់នយោបាយរបស់រដ្ឋា ភិបាលក្រិកផង និងដើម្បីជាសារទៅកាន់អ្នកវិនិយោគផងថា អាល្លឺម៉ង់គាំទ្រឲ្យ ក្រិកបន្តស្ថិតក្នុងតំបន់ចាយលុយអឺរ៉ូ៕ ដោយ សេង ឌីណា (RFI)