៤ឆ្នាំនៃគំនិតផ្តួចផ្តើមសន្តិសុខសកល៖ ការសន្ទនា កិច្ចសហប្រតិបត្តិការ និងសន្តិសុខរួម
Cambodia News
លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឱ្យដឹងថា ៤ឆ្នាំបន្ទាប់ពីលោក Xi Jinping ប្រធានរដ្ឋចិន បានផ្តួចផ្តេីមគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) ក្នុងឆ្នាំ២០២២ គំនិតនេះបានជំរុញការពិភាក្សាអំពីសន្តិសុខសកល តាមរយៈការសន្ទនា ការពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យភាព និងការដោះស្រាយភាពខុសគ្នាដោយសន្តិវិធី។ ក្នុងបរិបទនេះ ការរក្សាកិច្ចសន្ទនារវាងចិន និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៦ គឺជាករណីមួយដែលអាចយកមកពិចារណា។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក Xi Jinping និងលោក Donald Trump បានជួបពិភាក្សានៅរដ្ឋធានីប៉េកាំង ដោយផ្តោតលើទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិមួយចំនួន។
បន្ទាប់មក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ មេដឹកនាំទាំងពីរបានជួបគ្នានៅសេតវិមាន។ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងចិន-អាមេរិក និងបញ្ហាអន្តរជាតិ ហើយបានឈានដល់ការរួមគ្នាកសាងទំនាក់ទំនងប្រកបដោយ «ស្ថិរភាពយុទ្ធសាស្ត្រប្រកបដោយស្ថាបនា»។ ចំណុចសំខាន់ពីជំនួបទាំងពីរ គឺ ការរក្សាចំហនៃកិច្ចសន្ទនាកម្រិតកំពូល ទោះបីប្រទេសទាំងពីរនៅតែមានភាពខុសគ្នាលើពាណិជ្ជកម្ម បច្ចេកវិទ្យា AI សន្តិសុខតាមអ៊ីនធឺណិត និងបញ្ហាអន្តរជាតិមួយចំនួនក៏ដោយ។ ការរក្សាទំនាក់ទំនងបែបនេះផ្តល់វេទិកាសម្រាប់ពន្យល់ពីកង្វល់ ស្វែងរកចំណុចរួម និងគ្រប់គ្រងភាពខុសគ្នា ជំនួសឱ្យការអនុញ្ញាតឱ្យភាពខុសគ្នារីកធំទៅជាការប្រឈមមុខគ្នា ដោយ«កិច្ចសហប្រតិបត្តិការជាចម្បង ការប្រកួតប្រជែងមានកម្រិត និងភាពខុសគ្នាអាចគ្រប់គ្រងបាន»។
ផលវិជ្ជមានមួយទៀត គឺការភ្ជាប់កិច្ចសន្ទនាទ្វេភាគីទៅនឹងវេទិកាពហុភាគី។ ថ្នាក់ដឹកនាំទាំងពីរប្រទេសបានបញ្ជាក់ពីជំនួបជាមួយគ្នាក្នុងវេទិកាAPEC ឆ្នាំ២០២៦ នៅប្រទេសចិន និង G20 ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។
ចំណុចនេះមានសារៈសំខាន់ចំពោះ GSI ព្រោះវាបង្ហាញថា ការគ្រប់គ្រងទំនាក់ទំនងរវាងមហាអំណាច មិនចាំបាច់ផ្អែកតែលើកិច្ចសន្ទនាទ្វេភាគីទេ ប៉ុន្តែអាចភ្ជាប់ទៅនឹងវេទិកាពហុភាគី ដើម្បីស្វែងរកផលប្រយោជន៍រួមលើបញ្ហាសកល។
ទស្សនៈនេះក៏អាចភ្ជាប់ទៅនឹងប្រាជ្ញាចិន «和合» (ហឺហឺ) ដែលសង្កត់ធ្ងន់លើការស្វែងរកភាពរួមក្នុងចំណោមភាពខុសគ្នា។ «和合» មិនមានន័យថាត្រូវលុបបំបាត់ភាពខុសគ្នាទេ ប៉ុន្តែជាការស្វែងរកវិធីរស់នៅជាមួយភាពខុសគ្នាតាមរយៈការគោរព ការយោគយល់ និងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ ការសាងសង់ស្ពាននៃការសន្ទនា អាចមានតួនាទីសំខាន់ជាងការបង្កើតជញ្ជាំងនៃការប្រឈមមុខគ្នា។
ជារួម ៤ឆ្នាំនៃGSI និងការរក្សាកិច្ចសន្ទនាចិន-អាមេរិកក្នុងឆ្នាំ២០២៦ បង្ហាញពីសារៈសំខាន់នៃ ការសន្ទនា ការគ្រប់គ្រងភាពខុសគ្នា ការគោរពអធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការពហុភាគី។ វិធីសាស្ត្រនេះអាចចូលរួមបង្កើតបរិយាកាសដែលផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការ ហើយជាមូលដ្ឋានមួយសម្រាប់ការកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕
