ការពង្រឹងសិទ្ធអំណាចដល់ស្រ្តីមានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី០៧ តុលា ២០១២ នៅសាកលវិទ្យាល័យទឹកថ្លា បានប្រារព្ធទិវាយុវនារីអន្តរជាតិ ៧ តុលា ២០១២ រៀបចំឡើងដោយ មូលនិធិហាប់ស្វែល ដែលមានការអញ្ជើញចូលរួមពី លោកស្រី ប្រាក់ ចាន់ណយ អនុរដ្ឋាលេខាធិការ ក្រសួងកិច្ចការនារី។
ថ្លែងនៅក្នុងពិធី លោកស្រី ប្រាក់ ចាន់ណយ បានកោតសរសើរដល់មូលនិធិ ហាប់ស្វែលដែលតែងបានខិតខំប្រឹងប្រែងជួយបណ្តុះបណ្តាលចំណេះដឹងបន្ថែម ដល់និង និស្សិតកម្ពុជាជាស្រ្តីនិងជាងនេះទៀតបានជួយសម្រួលដល់ការរស់នៅរៀន សូត្ររបស់ពួកគេ ដែលធ្វើឲ្យពួកគេមានឱកាសក្នុងការទទួលបានការអប់រំខ្ពស់។
ជាមួយគ្នានោះដែរលោកស្រី អ៊ឹង វ៉ារ៉ូនី តំណាងមូលនិធិហាប់ស្វែលកម្ពុជាបានលើកឡើងថា មូលនិធិ ហាប់ស្វែលបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ នាខែធ្នូឆ្នាំ ២០១១ សម្រាប់ជួយដល់ស្ត្រីដែលជួបការប្រឈមនានារាប់លាននាក់នៅលើពិភពលោក ហើយទិវានេះ ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
លោកស្រីបានបន្តថា មូលនិធិ ហាប់ស្វែល មិនត្រឹមតែផ្តល់កន្លែងស្នាក់នៅហូបចុកដល់និសិ្សតជាស្រ្តីប្រឈមការ លំបាកប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ការសិក្សារៀនសូត្រនូវវិជ្ជាជីវៈ សំខាន់ៗជាច្រើនបន្ថែមទៀត ដើម្បីឲ្យពួកគេបានស្គាល់ពីសមត្ថភាព និង សារៈសំខាន់នៃការចូលរួមការងារអភិវឌ្ឍន៍សង្គមជាតិដូចបុរសដែរ៕