ក្រុមអ្នកតវ៉ានៅបុរីកីឡា ៣០នាក់ត្រូវបានប៉ូលិសចាប់ខ្លួន
នៅថ្ងៃទី១១ មករា ២០១២ អ្នកភូមិបុរីកីឡា និងក្រុមមន្ត្រីសិទ្ធិមនុស្ស បានអះអាងថា ក្រុមអ្នកតវ៉ាមកពីតំបន់បុរីកីឡាចំនួន ៣០នាក់ ក្នុងនោះមានក្មេងចំនួន ៧នាក់ត្រូវបានប៉ូលិសបានចាប់ខ្លួន។ដាក់ឡានបញ្ជូនទៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ស្ថិតក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ។
ដែលការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅមុខសាលារាជធានីភ្នំពេញ ខណៈពេលដែលពួកគេកំពុងតវ៉ាទាមទារសំណងចំពោះការរុះរើផ្ទះសម្បែង ។
លោក អំ សំអាត ប្រធានបច្ចេកទេសការិយាល័យស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា ចំណាត់ការរបស់អាជ្ញាធរមិនមែនជាដំណោះស្រាយ ហើយក៏មិនឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមអ្នកតវ៉ាដែរ។ លោកបន្តថា កន្លងទៅ មណ្ឌលសង្គមកិច្ចព្រៃស្ពឺ ជាមណ្ឌលសម្រាប់ដាក់អ្នកសុំទាន និងក្មេងអនាថាទេ តែពេលនេះ អ្នកបុរីកីឡាក៏ត្រូវបានគេបញ្ជូនទៅដាក់នៅទីនោះដែរ៕