ពិធីបុណ្យសែននំចាំង ជំរុញសន្ទុះទេសចរណ៍ និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចិន

Cambodia News

ជារៀងរាល់ឆ្នាំ នៅពេលដែលប្រតិទិនចន្ទគតិឈានចូលដល់ថ្ងៃទី៥ ខែទី៥ ប្រជាជនចិន និងបងប្អូនកាត់សែស្រឡាយចិននៅទូទាំងពិភពលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យប្រពៃណីដ៏សំខាន់មួយដែលត្រូវបានស្គាល់ថា “ពិធីបុណ្យសែននំចាំង” ឬ “Duanwu Jie” ជាភាសាចិន។

នៅឆ្នាំ២០២៦ ពិធីបុណ្យនេះបានប្រព្រឹត្តទៅចំថ្ងៃសុក្រ ទី១៩ ខែមិថុនា ដែលក្នុងឱកាសដ៏ឱឡារិកនេះ  ប្រជាជនចិនបានចូលរួមសកម្មភាពប្រពៃណីសំខាន់ៗដូចជា ការវេចនំចាំង ការប្រណាំងទូកនាគ និងការព្យួរស្មៅ Pu នៅមុខផ្ទះ ដើម្បីបួងសួងសុំសេចក្តីសុខជាដើម។ សកម្មភាពទាំងនេះមិនត្រឹមតែជាការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ចិនប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសន្ទុះទេសចរណ៍ និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចិនផងដែរ។

ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យនេះ អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសចិន បានរៀបចំព្រឹត្តិការណ៍នានាជាច្រើនដែលផ្តោតលើការធ្វើសមាហរណកម្មជាមួយវប្បធម៌ កីឡា និងពាណិជ្ជកម្ម ហើយការណ៍នេះបានបង្កើតរលកនៃការធ្វើដំណើរដ៏ធំមួយនៅទូទាំងប្រទេស។

យោងតាមវេទិកាទេសចរណ៍ Fliggy ចំនួននៃការកក់ទេសចរណ៍ក្នុងស្រុក មានការកើនឡើងយ៉ាងខ្លាំង​ប្រៀបធៀបនឹងឆ្នាំមុន ខណៈការកក់កញ្ចប់ហោះហើរ និងសណ្ឋាគារឆ្លងខេត្តបានកើនឡើងជាង ៩០% ក្នុងឱកាសពិធីបុណ្យខាងលើ។ តាមការប៉ាន់ស្មានរបស់ក្រសួងដឹកជញ្ជូនចិន ការធ្វើដំណើរឆ្លងតំបន់ឈានដល់ជាង ៦៥២ លានដង ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែមិថុនា។ តួរលេខនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីសក្តានុពល ភាពរស់រវើក និងភាពធន់នៃវិស័យទេសចរណ៍ចិន ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា កំណើនសេដ្ឋកិច្ចយឺត និងការកើនឡើងនៃសម្ពាធភូមិសាស្ត្រនយោបាយក៏ដោយ។

ចំណុចដែលកាន់តែគួរឱ្យចាប់អារម្មណ៍មួយក្នុងយុគសម័យទំនើបនេះគឺ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកវិសាលភាពសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ជាក់ស្តែង នំចាំងដែលមានរសជាតិប្លែកៗប្រចាំតំបន់ ត្រូវបានចែកចាយយ៉ាងទូលំទូលាយទៅកាន់អ្នកប្រើប្រាស់ទូទាំងប្រទេស និងក្រៅប្រទេស តាមរយៈការផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិក។

យោងតាមទិន្នន័យរបស់ Tmall  ការបញ្ជាទិញនំចាំងតាមតំបន់មកពីខេត្ត Guizhou, Sichuan និង Yunnan មានការកើនឡើង ១,២៤០%   ៣១៥%   និង ២០០% រៀងគ្នា។ បើតាមរបាយការណ៍របស់គយ Shenzhen នំចាំងជាង ៤៨៧ តោន មានតម្លៃជាង ៩,១៨ លានយ័ន (ប្រហែល ១,៣៥ លានដុល្លារ) ត្រូវបាននាំចេញទៅក្រៅប្រទេសចាប់តាំងពីខែឧសភា ឆ្នាំ២០២៦។ ទាំងនេះបង្ហាញថា នំចាំងមិនមែនគ្រាន់តែជាអាហារប្រពៃណីក្នុងពិធីបុណ្យទេ ប៉ុន្តែបានក្លាយជាផលិតផលសេដ្ឋកិច្ចដែលបង្កើតតម្លៃពិតប្រាកដតាមរយៈទីផ្សារទំនើប។

ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃប្រជាជនមានចំណូលមធ្យម និងខ្ពស់ ការប្រើប្រាស់ផ្អែកលើបទពិសោធន៍ (Experience-based consumption) បានក្លាយជានិន្នាការសំខាន់មួយក្នុងសង្គមចិន។ អ្នកប្រើប្រាស់កំពុងងាកចេញពីការផ្តោតលើ “ការទិញទំនិញធម្មតា” ទៅកាន់ “ការទិញបទពិសោធន៍ថ្មីៗ” ពោលគឺការធ្វើដំណើរទៅកម្សាន្ត និងចូលរួមផ្ទាល់ក្នុងកម្មវិធីប្រពៃណីតាមតំបន់ផ្សេងៗ។ ការផ្លាស់ប្តូរឥរិយាបថនេះកំពុងបង្កើតឱកាសរកចំណូលថ្មីៗ និងជួយពង្រីកអាជីវកម្មទេសចរណ៍នៅតាមមូលដ្ឋាន។

ជាក់ស្តែង ការស្វែងរកសណ្ឋាគារនៅក្បែរទីតាំងប្រណាំងទូកធំៗ ក្នុងទីក្រុងក្វាងចូវ និងទីក្រុងហ្វូសាន នៃខេត្តក្វាងទុង ដែលជាបេះដូងនៃពិធីប្រណាំងទូកនាគដ៏ល្បីល្បាញបំផុតនោះ បានហក់ឡើងដល់ទៅ ២១០% ក្នុងរយៈពេលត្រឹមមួយសប្តាហ៍មុនឱកាសបុណ្យឈានចូលមកដល់។ នេះបង្ហាញពីសន្ទុះដ៏ខ្លាំងក្លានៃការធ្វើដំណើរ និងចំណង់ចំណូលចិត្តក្នុងការដកយកបទពិសោធន៍ជាក់ស្តែងរបស់ប្រជាជនចិន។

សរុបមក ពិធីបុណ្យសែននំចាំងមិនត្រឹមតែជាការបន្តវប្បធម៌ប្រពៃណីរាប់ពាន់ឆ្នាំរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសន្ទុះទេសចរណ៍ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចិន ឱ្យកាន់តែមានភាពរឹងមាំ ភាពធន់ និងចីរភាព ជាពិសេសតាមរយៈការធ្វើសមាហរណកម្មរវាងវប្បធម៌ បច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់ដែលផ្អែកលើបទពិសោធន៍៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close