រដ្ឋអំណាចថ្មីនៅហ្ស៊័កហ្ស៊ី ត្រៀមស្តារឡើងវិញទំនាក់ទំនងជាមួយរុស្ស៊ី
គោលជំហរនេះ ត្រូវបានប្រកាស ដោយលោក Ivanishvili ជាមេដឹកនាំ “សម្ព័ន្ធ ៨ បក្សប្រឆាំង” នៅហ្ស័កហ្ស៊ី ក្រោមឈ្មោះថា “សុបិនហ្សកហ្ស៊ី” ដែល ក្នុងការបោះឆ្នោតសភាថ្ងៃ១តុលាកន្លងទៅចេះឈ្នះលើបក្សកាន់អំណាច របស់លោកប្រធានាធិបតី Saakashvili ប៉ុន្តែ គាត់លំអិតថា ទន្ទឹមនេះ ហ្សកហ្ស៊ី នឹងនៅតែ ដាក់ទិសឆ្ពោះទៅចូលជាសមាជិកសហភាពអឺរ៉ុបផង អូតង់ផង ដោយ មិនភ្លេចទេ ភារកិច្ចខាងស្តារឡើងវិញបូរណភាពដែនដីរដ្ឋហ្សកហ្ស៊ី។
ថ្លែងក្នុងសន្និសីទកាសែតនៅក្រុង Tbilissi លោក Ivanishvili ដែលនឹងត្រូវ រដ្ឋសភានីតិកាលថ្មី ជាទីដែល “សម្ព័ន្ធ”គាត់នឹងមានអាសនៈភាគច្រើនលើសលុប ជ្រើសតាំងគាត់ជា នាយករដ្ឋមន្ត្រី ឋានៈដែលចាប់ពីថ្ងៃ១មករាឆ្នាំក្រោយទៅ បំពាក់ទៅដោយអំណាចខ្ពស់ជាងប្រធានាធិបតីទៅផង បានលើកឡើងថា ៖
-យុទ្ធសាស្ត្រនៃបន្ទាត់នយោបាយរបស់អនាគតរដ្ឋាភិបាលគាត់ បន្តស្ថិត នៅឥតប្រែប្រួលទេគឺដាក់ទិសចូលជាសមាជិកសហភាពអឺរ៉ុបហើយក្នុងន័យធានាដល់ សន្តិសុខជាតិក៏ចូលជាសមាជិកបក្សសម្ព័ន្ធអូតង់ រួចស្តារឡើងវិញបូរណភាព ដែន ដីរដ្ឋហ្សកហ្ស៊ី នៅលើផ្លូវរៀបរយទំនាក់ទំនងជាមួយរុស្ស៊ី
– រុស្ស៊ី ដែលតាមសំដីគាត់ ជាមហាប្រទេសជិតខាង។
-ចំណោទនេះពិតជាស្មុគស្មាញ ប៉ុន្តែមិនមែនមានន័យថា មិនអាចដោះស្រាយ ទៅកើតឡើយ។
គាត់លើកជាឧទាហរណ៍ គឺបណ្តាប្រទេសនៅមាត់សមុទ្របាល់ទិក ពោលគឺ ឡេតូនី អេស្តូនី លីទុយអានី សុទ្ធតែជាអតីតសាធារណរដ្ឋសូវៀតដែរ ដែលបានចូលជា សមាជិក សហភាពអឺរ៉ុបផង បក្សសម្ព័ន្ធអូតង់ផង ប៉ុន្តែនៅតែមានទំនាក់ទំនងជា ប្រក្រតីធម្មតា ជាមួយរុស្ស៊ីទេតើ។
តាមជំនឿជឿជាក់របស់លោក Ivanishvili អនាគតប្រមុខរដ្ឋាភិបាល ដែលនឹង ក្លាយទីជា មនុស្សទី១ នៅហ្សកហ្ស៊ី គាត់មុខជាអាចបញ្ចុះបញ្ចូលក្រុងម៉ូស្គូ ឲ្យយល់ថា សមាជិកភាព ហ្សកហ្ស៊ី ក្នុងបក្សអូតង់ក្នុងន័យភូម៌សាស្ត្រ-នយោបាយ មិនបង្កើតជាគ្រោះថ្នាក់អ្វីណាទេដល់រុស្ស៊ី ហើយសម្រេចសម្រួច ទៅ មិនមែន ជារឿង “ជាគោលការណ៍” ឡើយ សម្រាប់រុស្ស៊ី។
មានទៅហើយប្រតិកម្មពីខាងម៉ូស្គូ។លោកនាយករដ្ឋមន្ត្រីរុស្ស៊ីមេដវេដេវថ្លែង ថា ម៉ូស្គូ អាចតែស្វាគមន៍អបអរប៉ុណ្ណោះចំពោះការដែលក្នុងរដ្ឋសភាហ្សក ហ្ស៊ី មានលេចចេញមកជាកម្លាំងដែលស្ថាបនានិងស្គាល់នាទីទទួលខុសត្រូវហើយ បក្សកាន់អំណាចនៅរុស្ស៊ីឈ្មោះ“ប្រទេសរុស្ស៊ីរួមធ្លុងមួយ“ ត្រៀមធ្វើកិច្ច ចរចា ស្តីអំពីអនាគតនៃទំនាក់ទំនងរុស្ស៊ី- ហ្សកហ្ស៊ី។
គួររំលឹកថា ភាគីហ្សកហ្ស៊ី កាលពី៤ឆ្នាំមុន បានផ្តាច់ទំនាក់ទំនងការទូតជាមួយ រុស្ស៊ី ក្រោយពីទីក្រុងម៉ូស្គូ បានប្រកាសទទួលស្គាល់ដែនដីអបគមអាប់ខាស៊ី និង អូសេទីខាងត្បូង ជារដ្ឋឯករាជ្យ ផ្តាច់ខ្លួនចេញពីហ្សកហ្ស៊ី។ តាំងពីពេល នោះមកថ្នាក់ដឹកនាំរុស្ស៊ីរមែងប្រកែកមិនធ្វើសំវាទអ្វីណាទេជាមួយលោកប្រធានា ធិបតីហ្សកហ្ស៊ី Saakashvili ដោយចាត់ទុករូបគាត់ ថាជា ”ខ្មោចនយោបាយ” ៕ដោយ កែវ ឆាយា (RFI)