ការ​បោះឆ្នោត​សភា​ថ្ងៃនេះ មាន​ន័យ​ជា​របត់​ក្នុង​ប្រព័ន្ធ​អំណាច​នៅ​ហ្ស៊័កហ្ស៊ី

ដ្បិតចាប់ពីថ្ងៃទី១ មករាឆ្នាំក្រោយទៅ អំណាចនៅហ្ស៊័កហ្ស៊ី ឆ្លងពីដៃ ប្រធានាធិបតីទៅក្នុងដៃនាយករដ្ឋមន្ត្រីទៅវិញ នាយករដ្ឋមន្ត្រីដែលនឹងជ្រើ ស តាំងឡើងគឺ ដោយគណបក្សណាដែលចេះដណ្តើមបានអាសនៈភាគច្រើនក្នុងការ បោះឆ្នោតថ្ងៃនេះដែលការប្រជែងសឹងស៊ីសាច់គ្នាប្រព្រឹត្តទៅរវាងគណបក្ស របស់ប្រធានាធិបតី និងសម្ព័ន្ធនៃបក្សប្រឆាំងដឹកនាំដោយមហាសេដ្ឋីដែល ត្រូវរដ្ឋអំណាច សព្វថ្ងៃចោទថា ជាដៃជើងរបស់ម៉ូស្គូ។

មិនមែនចៃដន្យទេ ដែលក្រោយពីទម្លាក់សន្លឹកឆ្នោតព្រឹកមិញ ទៅក្នុង ហិបឆ្នោត លោកប្រធានាធិបតី Saakashvili ដែលជាប្រធាននៃបក្សកាន់អំណាច “ ចលនាជាតិរួមធ្លុងមួយ”ថ្លែងថាថ្ងៃ១ តុលានេះ ជាថ្ងៃអារកាត់ តើរដ្ឋហ្ស៊័កហ្ស៊ី នឹងអាចរក្សាទុកតទៅទៀតឬទេ សេរីភាពដែលប្រជាជនជាច្រើនស្រកររបស់ខ្លួន ខំតស៊ូទម្រាំដណ្តើមបាន។ តាមសំដីគាត់ ក្នុងប្រវត្តិខ្លួន ហ្ស៊័កហ្ស៊ីមិនដែលខិត ទៅជិតនឹងសហភាពអឺរ៉ុបដូចបច្ចុប្បន្ននេះឡើយ។ស្អែក ខ្មាំងរបស់យើងនឹង លែង មានភ័ព្វសំណាងច្រានយើងឲ្យខ្ទាតចេញពីមាគ៌ាឯករាជ្យរបស់យើងឡើយ។ ជាការ កត់សម្គាល់ពាក្យថា”ខ្មាំង”នោះ គឺពិតជាសំដៅមកលើរុស្ស៊ីតែម្តង ពីព្រោះ រុស្ស៊ីទទួលស្គាល់ ដែនដីអបគមរបស់ហ្ស៊័កហ្ស៊ី គឺអាប់ខាស៊ី និងអូសេទីខាងត្បូង ជារដ្ឋឯករាជ្យ ធ្វើឲ្យហ្ស៊័កហ្ស៊ីបាត់បង់ដែនដី អស់ ២០%។

រីឯពួកប្រឆាំងតែងចោទមេដឹកនាំហ្ស៊័កហ្ស៊ីនេះ ថាចេះតែរំលោភគ្មានឈប់ លើសិទ្ធិមនុស្សហើយប្រើអំណាចក្តោបក្តាប់រាល់ស្ថាប័នប្រទេស ឲ្យស្ថិតនៅ ក្រោមការត្រួតត្រាផ្តាច់មុខរបស់ខ្លួន។ បណ្តាបក្សប្រឆាំងពួតដៃគ្នា ចងជា សម្ព័ន្ធក្រោមឈ្មោះថា “ សុបិនហ្ស៊័កហ្ស៊ី” ដែលដឹកនាំដោយមហាសេដ្ឋី Ivanishvili គឺក្នុងគោលដៅរាំងរាលោក Saakashvili ដែលឆ្នាំក្រោយ ត្រូវផុត អាណត្តិជាប្រធានាធិបតី កុំឲ្យគាត់ឆ្លងទៅធ្វើជានាយករដ្ឋមន្ត្រីក្តាប់អំណាច ទៀតឡើយ។ ពិតជាមហាសេដ្ឋី Ivanishvili នេះ ដែលធ្លាប់បានប្រកប Business នៅរុស្ស៊ី គឺរមែងត្រូវលោក Saakashvili ចោទថា ជាភ្នាក់ងាររបស់រុស្ស៊ី ហើយ បំភ័យប្រជាជនកុំឲ្យបោះឆ្នោតគាំទ្រឡើយ។

អំពីការបោះឆ្នោតសភានៅហ្ស៊័កហ្ស៊ីគួរនិយាយថារដ្ឋសភាប្រទេសនេះ ដែល ជ្រើសតាំងឡើង សម្រាប់អាណត្តិ៤ឆ្នាំ មាន១៥០អាសនៈ ពីក្នុងនោះ ៧៧ អាសនៈ គឺបោះឆ្នោតជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដែលដើម្បីមានអាសនៈប្រចាំក្នុង សភា គណបក្សប្រជែងត្រូវទទួលការគាំទ្រដោយសំឡេងអ្នកស្រុកម្ចាស់ឆ្នោត យ៉ាង ហោចណាស់ ៥% និង៧៣ អាសនៈទៀត គឺបោះឆ្នោតជ្រើសតាំង តាមប្រព័ន្ធ ឯកតនាម ដោយសន្មត់ថាជាប់ឆ្នោត លុះណាតែបេក្ខជនដណ្តើម បានសំឡេងគាំទ្រចាប់ពី៥០%+១សំឡេង នៅតាមមណ្ឌលខ្លួន។

ជាសរុបមានគណបក្សចំនួន១៤ និងបេក្ខជនចំនួន២.៨០៥នាក់ ចូលប្រឡូកដើម្បី ដណ្តើមយកអាសនៈទាំង១៥០នោះ។ នៅហ្ស៊័កហ្ស៊ី ពលរដ្ឋដែលមានសិទ្ធិ បោះឆ្នោតគឺចំនួនជាង៣លាន៦សែននាក់ដែលថ្ងៃនេះទៅបោះឆ្នោតនៅ តាមការិយាល័យបោះឆ្នោតចំនួន ៣.៧១០ កន្លែងដែលតាមដាន ដោយអ្នក សង្កេតការណ៍ជាតិ និងបរទេសដល់ទៅជាង ៦ម៉ឺននាក់៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close